ផ្តល់​អំណោយ​មនុ​ស្សធ​ម៍​លើក​ទី​២ ជូន​ស្ត្រី​អភព្វ​សំរាល​បានកូន​ភ្លោះ​ស្រី​៣​នាក់ ត្រូវ​ស្វាមី​រត់ចោល​

1063
ចែករម្លែក

ដោយៈ​សាវ​រក្ស / ភ្នំពេញៈ នា​ល្ងាច​ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ អនុសាខា​កា​កក​បាទ​ក្រហម​កម្ពុជា ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌ និង ជា​ប្រធាន អនុសាខា​កា​កក​បាទ​ក្រហម​ប្រចាំ​ខណ្ឌ រួមទាំង សមាជិក សមាជិកា សង្កាត់ ភូមិ បាន​នាំ យក​អំណោយ​មនុស្សធម៌​របស់ អនុសាខា​ខណ្ឌ ជូន​ដល់​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​ឆ្លងទន្លេ​បានកូន​ស្រី​៣​នាក់ ដែលមាន​ជីវភាព​ខ្វះខាត​ក្នុង​គ្រួសារ រស់ក្នុង​ភូមិ​ក្បាល​ទំនប់​២ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​។​

​ស្ត្រី​ដែល​ជួប​ជីវភាព​ខ្វះខាត ខាងលើ​មាន ឈ្មោះ ធន់ ដា​ណែ​ត អាយុ ២៤​ឆ្នាំ មុខរបរ អតីត ជា​អ្នករត់​តុ តាម​ភោជនីយដ្ឋាន នាពេល​រាត្រី​។ ស្ត្រី​អភព្វ​ដែល​សំរាល​បានកូន ភ្លោះ​០៣​នាក់​នោះបាន​អោយដឹងថា ប្តី របស់​នាង ជាជាង​ជួសជុល​កំ​ព្យូ​ទ័​រ អាយុ ២៧​ឆ្នាំ បានរួម​រស់នៅ​ជាមួយ​នាង​ជិត ២​ឆ្នាំ កន្លង​ទៅហើយ លុះ​ពេល​នាង​មាន​ផ្ទៃពោះ ៥​ខែ គ្រូពេទ្យ​ប្រាប់ថា នាង​មានកូន ភ្លោះ​ស្រី ០៣​នាក់​។ ក្រោយ​បាន​លឺថា ប្រពន្ធ​មានកូន​រហូតដល់​ទៅ ៣ បុរស​ជា​ប្តី​មិនដឹង​ជា​ក្នុង​ចិត្ត​គិត​អ្វី បានសម្រេច​ចាកចោល​ពី​ជីវិត​ប្រពន្ធ ទៅ​បាត់ស្រមោល​សូន្យឈឹង ទាំង​គ្មាន​ក្តី​នឹក​ស្រណោះ​អា​លោះ​អាល័យ​អាសូរ​ដល់​ប្រពន្ធ​អ្វី​បន្តិច​សោះ ពិសេស​គឺ​ដំណក់ឈាម​ទាំង ៣​គ្រាប់​របស់គេ​នោះ​។​

​សូម​រំលឹកថា កូនស្រី​ទាំង ៣​នាក់ ដែល​ចាប់កំណើត​ក្នុង​ថ្ងៃ​តែមួយ​ខាងលើ គឺ​កើត​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលា​ម៉ោង​ជិត​១២ រំលង​អា​ធ្រា​ត្រ នៅក្នុង​ផ្ទះ​របស់​ស្ត្រី​ជា​ម្តាយ​តែម្តង​។ ដែល​ពួកគេ​កើតមុន​២០​ថ្ងៃ តាម​កាលកំណត់​របស់​ក្រុមគ្រូពេទ្យ​ដែល​បានបញ្ជាក់​ប្រាប់​។ ក្នុងនោះដែរ ទារិកា​ទាំង ៣​នាក់ នោះ​មានឈ្មោះ​កូនស្រី​បង​ឈ្មោះ ស្រី លាភ ទី​២.​ឈ្មោះ ស្រី មាន និង​ទី​៣.​ឈ្មោះ ស្រី​ហេង កូនស្រី​ទាំង​៣​នាក់​មកដល់ពេលនេះ​មាន​អាយុ ៣​ខែ​ហើយ​។​

​ក្នុងឱកាស​ខាងលើ​នេះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌ និង ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌ បានធ្វើការ សំណេះសំណាល​សួរសុខទុក្ខ​ស្ត្រី​មេម៉ាយ​ខាងលើ និង បានធ្វើការ​ផ្តែផ្តាំ​ផ្ញើ​រដ​ល់​ស្ត្រី​ខាងលើ សូមកុំ​អោយ​នាង​គិត​ច្រើន ត្រូវ​សម្រាក​អោយបាន​ច្រើន និង ហូបចុក​អោយបាន​ទៀងទាត់ ទើប​មាន​សុខភាព​ល្អ អាច​នៅ​មើលថែទាំ​ដល់​កូនស្រី​ទាំង ៣​នាក់ បន្តទៅ​ពេលខាងមុខ​ទៀត​។

​លោក​អភិបាលរង បន្ថែមថា ពួកគេ​ទាំង​៣​នាក់ បាន​បាត់បង់​ឪពុក​តាំងពី​មិនទាន់​ឃើញ​ពន្លឺ​ថ្ងៃ​មកម្ល៉េះ ហើយ​បច្ចុប្បន្ន​ពួកគេ​នៅសល់តែ​ម្តាយ​ប៉ុណ្ណោះ​ដែលជា​ក្តីសង្ឃឹម នៃ​ជីវិត ដូច្នេះហើយ​សូម​ស្ត្រី​ជា​ម្តាយ​កុំ​គិត​ច្រើន​ទៅលើ​អ្វីដែល​បាន​កន្លង​ហួស អ្វីដែល​ហួស​សូម​ចូល​គិតថា វា​បានរ​សាត់អណ្តែត​ទៅលើ​វេហា​អស់ហើយ​ទៅ​ចុះ ហើយ​អ្វីដែល​សំខាន់ គឺ​យើង​ត្រូវខិតខំ​ប្រឹងប្រែង​តស៊ូ​ជីវិត​ចាប់​ពេលបច្ចុប្បន្ន​នេះ តទៅ​អនាគត ទើប​ជីវិត​យើង​អាច​ជួប​ភាពប្រសើរ​បាន​។

​ទន្ទឹមនឹង​នោះដែរ លោក​ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា​ខណ្ឌ ក៏បាន​អំពាវនាវ​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់ មេត្តា​ទៅពិនិត្យ​សុខភាព និង ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេទ្យឆ្មប​ជំនាញ នៅតាម​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យបង្អែក ដែល​នៅ​ជិះ​ផ្ទះ​របស់​លោកអ្នក តាម​កាលកំណត់ ដើម្បី​ទទួលយក​សេវា​បង្ការ ព្យាបាល​ឲ្យ​បាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ ជំនាញ ជៀសវៀង​ការកើតមាន​នូវ​កត្តា​មិនល្អ​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព ឬ អាយុជីវិត​របស់​ម្តាយ និង​ទារក​ជាដើម​។​

​អំណោយ​ជូន​លើក​ទី​២ ដែល​បាន​នាំយក​ចែកជូន​ស្ត្រី​មេម៉ាយ​ខាងលើ​រួមមាន​៖ អង្ករ​១​បាវ​ទម្ងន់​៥០​គីឡូក្រាម , ទឹក​សុទ្ធ ២​កេស​ធំ , ទឹកស៊ីអ៊ីវ ២​យួរ ,​ទឹកត្រី ២​យ៉ួ​រ , រួមជាមួយ​ថវិការ ២០​ម៉ឺន រៀល​ផងដែរ​៕ ល​