ផ្តាសាយ​ជ្រូក​សម្លាប់​មនុស្ស​ទី​៣​នៅ​ក្រុង​ហូ​ជី​មី​ញ​

3067
ចែករម្លែក

​គ្រាន់តែ​រយៈពេល​មួយខែ ចំនួន​មនុស្ស​ស្លាប់​ដោយ​ជម្ងឺ​ផ្តាសាយ​ជ្រូក​នៅ​ទីក្រុង​ភាគខាងត្បូង​មួយ​របស់​វៀតណាម​ឡើងដល់​៣​នាក់​ដោយ​អ្នក​ឆ្លង​ត្រូវបាន​គេ​សង្កេត​​ឃើញ​នៅ​មន្ទីរពេទ្យ​ធំ​២​ទៀត​។​

​មន្ទីរពេទ្យ​ចូ​រី​(Cho Ray Hospital)​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មិថុនា​បានប្រកាសថា អ្នក​ជម្ងឺ​ម្នា​ក់បាន​ស្លាប់​ដោយ​វីរុស្ស​ផ្តាសាយ​A/H1N1​ជាហេតុ​នាំអោយ​ចំនួន​មនុស្ស​ស្លាប់​​ដោយ​ជម្ងឺ​ផ្តាសាយ​ជ្រូក​នេះ​ឡើងដល់​៣​នាក់​ក្នុង​រយៈពេល​តែ​មួយខែ​នៅក្នុង​ទីក្រុង​ហូ​ជី​មី​ញ​។​

​ការស្លាប់​ចុងក្រោយ​នេះ​បានកើត​ឡើង​២​ថ្ងៃ​ក្រោយពី​អ្នក​ជម្ងឺ​អាយុ​៤៦​ឆ្នាំ​មកពី​សង្កាត់​ប៊ី​ញ​តាន់ ត្រូវបាន​នាំទៅ​កាន់​ផ្ទះ​របស់ខ្លួន​តាម​សំណើ​របស់​សាច់ញាតិ​។​គាត់​កាន់តែ​​ឈឺ​ខ្លាំង​និង​ឱកាស​ព្យាបាល​កាន់តែ​តិច​។​

​ប្រជាជន​វៀតណាម​មាន​ជំនឿ​មុតមាំ​ថា ពួកគេ​សុខចិត្ត​ស្លាប់​នៅផ្ទះ​ដើម្បី​កុំអោយ​ព្រលឹង​របស់គេ​ត្រាច់ច​គ្មាន​ទី​កំណត់​។​

​អ្នក​ជម្ងឺ ដែល​ត្រូវបានធ្វើ​តេ​ស្តិ៍​រកឃើញ​វីរុស្ស​A/H1N1 មាន​ប្រវត្តិ​ធាត់ ដែល​ត្រូវបាន​គេ​គិតថា​ជា​កក្តា​មួយ​នៃ​ការឆ្លង​ជម្ងឺ​នេះ​ឬ ជម្ងឺ​ដទៃទៀត​។​

​ឡេ គួ​ក ហ៊ុ​ង ប្រធាន​នាយកដ្ឋាន​ជម្ងឺ​ត្រូ​ពិ​ក នៅ​មន្ទីរពេទ្យ​ចូ​រី បាន​និយាយថា មន្ទីរពេទ្យ​កំពុង​ព្យាបាល​អ្នក​ជម្ងឺ​ផ្តាសាយ​ជ្រូក​៧​នាក់​ទៀត​។​

​អ្នក​ជម្ងឺ​ទាំងនេះ​ត្រូវគេ​ជឿថា​បាន​ឆ្លង​វីរុស្ស​A/H1N1​ពី​ការផ្ទុះ​ជម្ងឺ​ផ្តាសាយ​ជ្រូក​ចុងក្រោយ​កាលពី​ថ្ងៃ​១១​មិថុនា​នៅ​ពេទ្យ​ធំ​បំផុត​ប្រចាំ​ទីក្រុង​ភាគខាងត្បូង​នេះ​។​

​កាលពី​សប្តាហ៍​មុន មន្ទីរពេទ្យ​បានប្រកាស​ការស្លាប់​មនុ​ស្ស​ទី​២​ដោយ​ផ្តាសាយ​ជ្រូក​នៅ​ក្រុង ហូ ជី​មី​ញ​។​កាលពី​ថ្ងៃ​៣០​ឧសភា​នៅ​ក្រុង​ហូ ជី​មី​ញ​ដដែល​ស្ត្រី​អាយុ​២៦​ឆ្នាំ​​ម្នាក់​ដែល​ត្រូវបាន​ពិនិត្យឃើញ​វីរុស្ស​A/H1N1​បាន​ស្លាប់​ក្រោយ​ព្យាយាម​ព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​អស់​៥​ថ្ងៃ​។​

​បើតាម​អង្គការ​សុខភាព​ពិភពលោក ស្ត្រី​មាន​ផ្ទៃពោះ ទារក​និង​កូនក្មេង​ស្ថិត​ចំណោម​ក្រុមមនុស្ស​ដែល​ងាយ​ប្រឈម​ការឆ្លង​ជម្ងឺ​នេះ​៕ដោយ៖វាសនា

​អ្នក​ជម្ងឺ​ដែល​ឆ្លង​វីរុស្ស​ផ្តាសាយ​ជ្រូក​ត្រូវ​បានដាក់​ដោយឡែក​នៅ​មន្ទីរពេទ្យ​ចូ​រី​នៃ​ក្រុង​ហូ​ជី​មី​ញ​