ផ្ទាំងគំនូរ​របស់​វិចិត្រករ​អាមេរិក និង ហូ​ឡង់ លក់បាន​តម្លៃ​កំណត់ត្រា​ពិភពលោក​នៅ​ញូវយ៉ក​

1143
ចែករម្លែក

​ក្រុមហ៊ុន​ដេញថ្លៃ Christie’s បាន​និយាយថា គំនូរ​របស់លោក​អេ​ដ​វ៉ាត ហូប​ភើ (Edward Hopper) និង​លោក វី​លលៀម ដឺ គូ​នី​ង (Willem de Kooning) បាន​លក់​ក្នុងតម្លៃ​ជិត ៩២ លាន​ដុល្លារ និង ៦៩ លាន​ដុល្លារ​តាម​លំដាប់លំដោយ ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​អង្គារ ទី​១៣​វិច្ឆិកា ដោយ​បង្កើត​កំណត់ត្រា​ពិភពលោក​សម្រាប់​តម្លៃ​លក់​ដេញ​ខ្ពស់បំផុត​សម្រាប់​វិចិត្រ​ករទាំង​២​រូប​។​

​គំនូរ​ផ្ទាំង​ក្រណាត់​ឈ្មោះ “Chop Suey” ឆ្នាំ ១៩២៩ របស់លោក​ហូប​ភើ ដែលជា​វិចិត្រករ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​អាមេរិក លក់បាន ៩១,៨៧៥ លាន​ដុល្លារ បន្ទាប់ពី​ត្រូវបាន​វាយតម្លៃ​ប៉ាន់ស្មាន​មុនពេល​លក់​នៅ​ចន្លោះ​ពី ៧០ ទៅ ១០០ លាន​ដុល្លារ​។​

​វា​គឺជា​ស្នាដៃ​សិល្បៈ​មួយ​ក្នុង​បណ្តុំ​វត្ថុ​សិល្បៈ​អាមេរិក​សតវត្សរ៍​ទី ២០ ដែល​ប្រមូល​ទិញ​ដោយ​សហគ្រិន​អាមេរិក​លោក បា​នី អេប​ស្វត (Barney Ebsworth) ដែល​បង្កើត​ទ្រព្យសម្បត្តិ​ចេញពី​ការធ្វើដំណើរ និង​នាវា​កម្សាន្ត ហើយ​គាត់​បាន​ស្លាប់​កាលពី​ខែមេសា ឆ្នាំ​២០១៨​។​

​ក្រុមហ៊ុន Christie’s បាន​និយាយថា ផ្ទាំងគំនូរ​ឈ្មោះ “Woman as Landscape” ឆ្នាំ ១៩៥៥ របស់លោក​ដឺ​គូ​នី​ង លក់បាន ៦៨,៩ លាន​ដុល្លារ បន្ទាប់ពី​ប៉ាន់ប្រមាណ​ថា​នឹង​អាច​លក់បាន ៦០ ទៅ ៩០ លាន​ដុល្លារ ហើយ​បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​មួយ​សម្រាប់​វិចិត្រករ​ជនជាតិ​ហូ​ឡង់​រូបនេះ​។​

​គំនូរ​ចុង​ក្រោយនេះ​គឺ​លក់បាន​ថ្លៃ​ខ្ពស់ជាង​តម្លៃ ៦៦,៣ លាន​ដុល្លារ​សម្រាប់​គំនូរ​ឈ្មោះ “Untitled XXV” ឆ្នាំ ១៩៧៧ របស់គាត់ ដែល​លក់​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៦៕ ដោយ៖ កញ្ញាដាលីស

គំនូរ​ផ្ទាំង​ក្រណាត់​ឈ្មោះ “Chop Suey” ឆ្នាំ ១៩២៩ របស់លោក​ហូប​ភើ