ផ្ទាំង​ទឹកកក​២​ភាគ​៣​នៅ​ភ្នំ​ហេមពាន្ត​នឹង​រលាយ​ដោយសារ​ការ​កើន​កម្តៅ​ផែនដី​

411
ចែករម្លែក
  • 28
    Shares

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ក្នុងការ​សិក្សា​ថ្មី​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កុម្ភៈ​ថា ២​ភាគ​៣​នៃ​ផ្ទាំង​ទឹកកក​នៅ​ភ្នំ​ហិ​ម៉ាឡៃ (​ឬ​ភ្នំ​ហេមពាន្ត​) ដែលជា “​ប៉ូល​ទឹកកក​ទី​៣” របស់​ពិភពលោក​អាច​នឹង​រលាយ​នៅត្រឹម​ឆ្នាំ ២១០០ បើ​ការ​បំ​ភាយ​ឧស្ម័ន​សកល​មិន​ត្រូវបាន​កាត់បន្ថយ​យ៉ាងខ្លាំង​ក្លា​ទេនោះ​។​

​ទោះបីជា​គោលដៅ​ដ៏​មហិច្ឆតា​បំផុត​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុងការ​កំណត់​ការឡើង​កម្តៅ​ផែនដី​ត្រឹម ១,៥ អង្សា​សេ ត្រូវបាន​សម្រេចបាន​ក៏ដោយ ក៏​ផ្ទាំង​ទឹកកក​១​ភាគ​៣​អាច​នឹង​រលាយ​។ នេះ​បើ​យោងតាម​របាយការណ៍​វាយតម្លៃ​មួយ​ឈ្មោះថា Hindu Kush Himalaya Assessment​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា ផ្ទាំង​ទឹកកក​ក្នុង​តំបន់​ហិណ្ឌូ​ឃូ​ស​ហិ​ម៉ាឡៃ (HKH) គឺជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​មនុស្ស ២៥០ លាន​នាក់​នៅ​ជុំវិញ​តំបន់ភ្នំ​ហិ​ម៉ាឡៃ និង ១,៦៥ ពាន់​លាន​នាក់​ទៀត​នៅតាម​ជ្រលង​ដងស្ទឹង​បឹងបួ​នៅ​ខាងក្រោម​។​

​ផ្ទាំង​ទឹកកក​នេះ​ផ្តល់​ប្រភពទឹក​ដល់​ប្រព័ន្ធ​ទន្លេ​ដ៏​សំខាន់បំផុត​របស់​ពិភពលោក​ចំនួន​១០​រួមទាំង​ទន្លេ​គង្គា ទន្លេ​អ៊ី​ន​ឌូ​ស ទន្លេ​លឿង ទន្លេមេគង្គ និង​ទន្លេ​អៀ​រ៉ា​វ៉ាដ​ឌី និង​ផ្គត់ផ្គង់​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ដល់​មនុស្ស​រាប់ពាន់​លាន​នាក់​នូវ​អាហារ ថាមពល ខ្យល់​បរិសុទ្ធ និង​ប្រាក់ចំណូល​។​

​ផលប៉ះពាល់​មកលើ​មនុស្ស​ពី​ការ​រលាយ​ផ្ទាំង​ទឹកកក​នេះ គឺមាន​ចាប់ពី​ការបំពុល​បរិយាកាស​កា​ន់​តែ​អាក្រក់​ទៅ​រហូតដល់​អាកាសធាតុ​ក្តៅ​ខ្លាំង​។​

​ការសិក្សា​នេះ​បាន​ព្រមាន​ថា លំហូរ​ទឹកទន្លេ​ដ៏​ទាប​នៅមុន​រដូវ​មូសុង​នឹង​កាត់ផ្តាច់​ប្រព័ន្ធ​ទឹក​នៅ​ទីប្រជុំជន​និង​ផលិតកម្ម​ម្ហូបអាហារ​និង​ថាមពល​ដោយ​មិន​រំពឹងទុក​៕ ដោយ៖ កញ្ញាដាលីស

ផ្ទាំង​ទឹកកក​នៅ​ភ្នំ​ហេមពាន្ត​គឺជា​ប៉ូល​ទឹកកក​ទី​៣​លើ​ពិភពលោក