ផ្ទុះអាវុធ​៤​គ្រាប់ ព្រោះតែ​គ្រោះថ្នាក់​ចរាចរ​បន្តិចបន្តួច​

562
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ផ្ទុះអាវុធ​ដល់​ទៅ​៤​គ្រាប់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតមានឡើង​បន្តិចបន្តួច​។ ករណី​ផ្ទុះអាវុធ​នេះ បាន​កើតមានឡើង​នៅវេលា​ម៉ោង​១២​និង​១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវ​ជា​សុផារ៉ា ដែល​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ។

​អ្នកឃើញ​ហេតុការណ៍​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ រថយន្ត​មួយគ្រឿង ម៉ាក LEXUS LS450 ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-9466 បើកបរ​ដោយ​បុរស​ម្នាក់ និង​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ស៊េរី​ចាស់ មួយគ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់ ដោយ​មិនដឹងថា​ប៉ះគ្នា​ពី​ចំណុច​ណា​នោះទេ ។ គ្រាន់តែ​ឃើញ​រថយន្ត​ខាងលើ បើក​ប្រដេញ​តាម​ពីក្រោយ​ម៉ូតូ​ខាងលើ​នោះ រហូតដល់​ចំណុច​ផ្លូវ​ជា​សុផារ៉ា ជិត​កន្លែង​លក់​រថយន្ត​លី​ហួរ រថយន្ត​ក៏បាន​បើក​បម្រុង​បុក​ឲ្យ​ដួល តែ​យុវជន​ដែលជា​អ្នកបើក​ម៉ូតូ​បាន​ផ្ដួល​ម៉ូតូ រួច​រត់​សំដៅ​ចូលក្នុង​ផ្លូវលំ ច្រក​ដឿ​ង​ហែម ហើយ​បុរស​ដែលជា​អ្នកបើកបរ​រថយន្ត​នោះ បាន​ចុះ​ពីលើ​រថយន្ត​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម (​មិន​ស្គាល់​ម៉ាក​) រត់​ចូលទៅ​តាមរក​មើល​យុវជន​ម្ចាស់​ម៉ូតូ ខណៈដែល​កំពុងកាន់​កាំភ្លើង​ជាប់ដៃ​ផង និង​រក​មិនឃើញ​ទៀត​នោះ​។ ស្រាប់តែ​បុរស​ម្ចាស់​រថយន្ត​នោះ ផ្ទុះអាវុធ​បាញ់​មេឃ ចំនួន ១​គ្រាប់ ដើម្បី​គំរាម​យុវជន​នោះ ឲ្យ​ចេញមក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ស្នាក់នៅ​កន្លែងកើតហេតុ ភ្ញាក់​ពី​ដំណេក​ទាំង​មានការ​ភិតភ័យ និង​បាន​លបមើល​សកម្មភាព បុរស​ម្ចាស់​រថយន្ត​នោះ ដើរ​បាញ់​មេឃ​បន្ត​រហូតដល់​ទៅ ៤​គ្រាប់​បន្ថែមទៀត ដោយ​មិនដឹងថា ពាក់ព័ន្ធ​នឹង​ករណី​អ្វី​អោយ​ប្រាកដ​នោះទេ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។

​អ្វីដែល​ប្រជាពលរដ្ឋ​រំពឹងថា ពេល​មាន​សមត្ថកិច្ច​មក​នឹង​បាន​សាកសួរ​អ្នក​ដែល​កាន់កាប់​អាវុធ បាញ់បោះ​ស៊េរី​នោះ ក្នុងករណី​អ្វី​ដែរ តែ​បែរជា​សមត្ថកិច្ច​ចុះ​មកដល់​មិនបាន​ចុះ​ត្រួត​ពិនិត្យមើល​កន្លែង​ដែល​ផ្ទុះអាវុធ​នោះទេ បែរជា​សាកសួរ​តែ​អ្នកបើកបរ​រថយន្ត​ហើយ អនុញ្ញាត​ឲ្យ​រថយន្ត​បើក​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​តែម្តង រីឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ម៉ូតូ​យកមក​សួរ​បំភ្លឺ​ផងដែរ​៕