ផ្ទុះ​កង់​ក្រឡាប់​រថយន្ត​ដឹក​ពលករ​ខ្មែរ ស្លាប់​២​នាក់ និង​របួសធ្ងន់​៤​នាក់ នៅ​ខេត្ត​ប្រា​ជីន​បូរី ប្រទេស​ថៃ

675
ចែករម្លែក

​ដោយ​: ប​.​ជ័យ / ប្រា​ជីន​បូរី​-​ថៃ​: ផ្ទុះ​កង់​ក្រឡាប់​រថយន្ត​ដឹក​ពលករ​ខ្មែរ បង្ក​ឲ្យ​ស្លាប់​ពលករ​ខ្មែរ ២​នាក់​និង​របួសធ្ងន់​៤​នាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ស្រុក​កាប៊ីន​បូរី ខេត្ត​ប្រា​ជីន​បូរី ប្រទេស​ថៃ​។​

​យោង​សមត្ថកិច្ច​កម្ពុជា​ដែល​ស្រង់​ប្រភព​សមត្ថកិច្ច​ថៃ​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ដែល​ជួប​គ្រោះថ្នាក់​បណ្តាល​ស្លាប់ មាន​១- ឈ្មោះ ម៉ៅ ម៉ូ​លីកា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នា សង្កាត់​ជ្រៀវ ក្រុង​សៀមរាប ខេត្ត​សៀម​រាម ។​ទី​២​ឈ្មោះ ដុក លីដា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។ ចំណែក​អ្នករបួស​ម្នាក់​ឈ្មោះ កេ​ត គ​ន្ធា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ របួស​បាក់​ចង្កេះ​។ ទី​២​មានឈ្មោះ សុង ពិសី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប របួស​ភ្នែក​ឆ្វេង​។ ទី​៣- ឈ្មោះ ជា ស៊ុយ​លី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប របួស​ជើង និង​ទី​៤​មានឈ្មោះ រឹទ្ធ សុ​លាភ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មណ្ឌល ឃុំ​ស្វាយដង្គុម ក្រុង ខេត្តសៀមរាប របួស​ក្បាល​។​

​សមត្ថកិច្ច​ថៃ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​នោះ ពលករ​ខ្មែរ​ចំនួន​៦​នាក់ ធ្វើដំណើរ​តាម​រថយន្តឈ្នួល ដើម្បី​ទៅ​ទិញ​ឥ​វ៉ាន់ នៅ​ទីក្រុង​បាងកក​។ លុះ​បើក​មកដល់​ចំណុចកើតហេតុ រថយន្ត​ផ្ទុះ​កង់​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់ចូល​ស្នាមភ្លោះ​។ ក្រោយមក ពេល​តម្រួត​ថៃ​ទៅដល់​យក​មនុស្ស​ចេញពី​រថយន្ត ពលករ​បាន​ស្លាប់​២​នាក់ និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​ហើយ ជនរងគ្រោះ​ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ​។ ចំណែក​អ្នកស្លាប់ ត្រូវបាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ប្រទេស​ថៃ រៀបចំ​បែបបទ​បញ្ជូន មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ជា​បន្តបន្ទាប់ ដើម្បី​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសា​៕