ផ្ទុះ​កន្លែង​បញ្ចូល​ហ្គាស​មួយ​នៅ​ក្រុង​សៀមរាប​

507
ចែករម្លែក

ដោយ​: បាយ័ន / ខេត្តសៀមរាប​: LPG បញ្ចូល​ហ្គាស រថយន្ត ២៤​ម៉ោង​មួយកន្លែង ត្រូវ​ភ្លើង​ឆេះ​ម៉ត់​មួយប៉ប្រិចភ្នែក នៅតាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ដែល​ករណីនេះ​បង្កឡើង​ខណៈពេលដែលរ​ថ​យន្ត​មួយគ្រឿង​បាន​ចូលទៅ​បញ្ចូល​ហ្គាស​នៅ​ថ្ងៃត្រង់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​នេះ​។

​ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការកកស្ទះ ពេញ​ផ្លូវ និង ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប និង​បាន​បណ្តាលឱ្យ​របួស​ជន​ជាតិ​បរទេស ស្រី​ចំនួន​២​នាក់​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ប៉ុន្តែ​ពុំមាន​បង្ក​ឱ្យ​បុគ្គលិក​លក់​និង​តៃកុង​ឡាន​រងរបួស​ឡើយ​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះ​អកុសល​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។​

​បើ​តាមរយៈ​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា មុនដំបូង​មាន​រថយន្ត​១​គ្រឿង​បាន​ចូលទៅ​ដាក់​ហ្គាស​នៅ​ទីនោះ ស្រាប់តែ​មួយសន្ទុះ ក៏​លឺសូរ​ផ្ទុះ អណ្តាតភ្លើង​ឡើង ចេញពី​ក្នុងនោះ បណ្តាលឱ្យ​ផ្ទះ​អ្នកជិតខាង រង​ការខូចខាត បែក កញ្ចក់​ខ្ទេច​នៅក្នុង​ផ្ទះ រួច​ក៏​នាំគ្នា ជួយ​ទាញ​ស៊ី​យោ បាញ់​ទឹក​ដែរ ប៉ុន្តែ​ដោយសារ​សន្ទុះ​នៃ​ហ្គាស ធ្វើឱ្យ​វា​ឆាបឆេះ​កាន់តែខ្លាំង ទើប​ពួកគាត់ នាំគ្នា រត់​យក​ឥ​វ៉ាន់ រៀងៗ​ខ្លួន​ចេញពីផ្ទះ​។​

​មកដល់​រសៀល​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​នេះ​ផងដែរ សមត្ថកិច្ច​កំពុងតែ​នៅ​ធ្វើការ​ពន្លត់​ដដែល ដោយឡែក​ការប្រើប្រាស់​អស់​ឡានទឹក​ចំនួន​ប៉ុន្មាន​គ្រឿង ក៏ដូចជា​ការ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​អស់​ប៉ុន្មាន​នោះ គឺ​មិនទាន់​បានដឹង​នៅឡើយ​នោះទេ​៕ ល​