ផ្ទុះ​ការតវ៉ា​ពី​បុគ្គលិក​មណ្ឌល​ថែទាំ​កុមារ “​សុវណ្ណ​កុមារ​កម្ពុជា​” ជាង​២០​នាក់ បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​

1094
ចែករម្លែក

​ដោយ​:​ស រិ​ទ្ធ​/​ភ្នំពេញ​ ៖ ​ការតវ៉ា​របស់​ពួកគេ​នេះ បាន​ធ្វើឡើង​តាមផ្លូវ​ច្បាប់​ទៅដល់​ក្រុម​មេធាវី​ការពារ​ក្តី​ហើយ បន្ទាប់ពី​ពួកគេ​ប្រមាណ​ជាង​៣០​នាក់​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ​កាលពី​ថ្ងៃទី​១៦ ខែសីហា កន្លងទៅ​ថ្មីៗ​នេះ។ ក៏ប៉ុន្តែ​មាន​បុគ្គលិក​តែ​ប្រមាណ​ជាង​២០​នាក់​ប៉ុណ្ណោះ​បានបង្ហាញ​មុខ​នៅ​សន្និសីទ​សារព័ត៌មាន​មួយកន្លែង​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាលពី​រសៀល​ថ្ងៃទី​១៨ ខែសីហា ម្សិលមិញ​នេះ។​

​មណ្ឌល​ថែទាំ​ង​កុមារ “​សុវណ្ណ​កុមារ​កម្ពុជា​” មាន​ទីតាំង​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​១ ភូមិ​ក្តី​តា​កុយ សង្កា​ត​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ មជ្ឈមណ្ឌល​នេះ​មាន​កុមារ​ប្រមាណ​ជាង​៥០​នាក់​កំពុងស្នាក់នៅ​នាពេល​បច្ចុប្បន្ន ហើយ​បាន​ចុះ​អនុស្សរណៈ​នៅ​ក្រសួងការបរទេស​កាល​ពី​អំឡុង​ខែមករា​ឆ្នាំ​២០០៤។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាននេះ លោក​ហុច ឌិន​ហួរ ទីប្រឹក្សា​ច្បាប់​និង​ជា​នាយក​ចាត់ការ​និង​រដ្ឋបាល​នៃ​ការិយាល័យ​មេធាវី​យុត្តិធម៌​និង​សហការី បាន​បញ្ជាក់ថា ​លោក​បានទទួល​ពាក្យបណ្តឹង​ពី​តំណាង​១៤​រូប​សុំ​អ​ន្តរា​គម​ន៍​ជួយ​ដល់​ជនរងគ្រោះ​ជាង​៣០​នាក់​ដែល​បាន​បណ្តេញ​ពី​ការងារ​នៅ​មណ្ឌល​ថែទាំ​កុមារ “​សុវណ្ណ​កុមារ​កម្ពុជា​” ទាំង​រំលោភបំពាន​ពី​សំណាក់​ឈ្មោះ​ប្រេត ហ្គោ​ដុន BRAD GORDON ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ ជា​មេធាវី ជនជាតិ​អាម៉េរិក​។​

​លោក​ហុច ឌិន​ហួរ បាន​អះអាងថា ក្រុម​មេធាវី​ការពារ​ក្តី​កំពុង​សិក្សា​លើ​សំណុំ​រឿងនេះ​តាមផ្លូវ​ច្បាប់​ហើយ បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ។ លោក​បន្តថា មណ្ឌល​ថែទាំ​ង​កុមារ​នេះ​មាន​ម្ចាស់​មូលនិធិ​ឈ្មោះ Elizabath Johnson ជា​អ្នក​ឧបត្ថម្ភ​ទាំង​ថវិកា​និង​សម្ភារ តាំងពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧ តែ​លោកស្រី Elizabath Johnson បានទទួល​មរណភាព​កាលពី​អំឡុង​ឆ្នាំ​២០១៧ ហើយ​លោក សុធា អរុណ ជា​ប្រធាន​មជ្ឈមណ្ឌល​នេះ​រហូតដល់​ពេលបច្ចុប្បន្ន​នេះ​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ​ផងដែរ​។​

​លោក​នូ សុវត្ថិ អាយុ​៤៦​ឆ្នាំ ជា​ជនរងគ្រោះ​ដោយ​ការបណ្តេញចេញ​គ្មាន​មូលហេតុ​ច្បាស់លាស់ បាន​បញ្ជាក់ថា ការ​មកជួប​ជុំគ្នា​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ ផ្លូវច្បាប់​សមរម្យ​ចំពោះ​ការបណ្តេញចេញ​បែប​បង្ខំ​ដោយ​ជនបរទេស​មកលើ​បុគ្គលិក​ខ្មែរ​ជាង​៣០​នាក់​ មិនមាន​សំណង​និង​មិនមាន​លិខិតស្នាម​អ្វី​ទាំងអស់​។​

​ចំណែក​លោក ហ៊ុន សារ៉ាត់ អាយុ​៣៨​ឆ្នាំ បាន​ថ្លែងថា ការបណ្តេញ​បុគ្គលិក​ចេញ​ដោយ​គ្មាន​មូលហេតុ​អ្វី​ទាំងអស់ គឺជា​ការរំលោភ​សិទ្ធិរ​បស់​ពួកគាត់ ។ លោក​បន្តថា “​គេ​មិនបាន​ប្រាប់​អ្វី​ដល់​ពួកយើង​សោះ ស្រាប់តែ​មក​បង្ខំ​ឲ្យ​ចេញ ។ តើ​ពួកយើង​មាន​កំហុស​អ្វី​ដែរ​”?​។ លោក​បន្តថា “​គេ​និយាយ​ចាំ​ទូទាត់​ប្រាក់​អតីតភាព​ការងារ តែ​យើង​ចង់​រក្សា​ការងារ​ដដែល​​ មិន​ចង់​បាត់បង់​ការងារ​ឬ​បាត់បង់​កន្លែង​ការងារ​នេះ​ទេ​”​។​

​ទោះបីយ៉ាងណា ក្រុម​អ្នកសារព័ត៌មាន​មិនទាន់​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក​ប្រេត ហ្គោ​ដុន​(BRAD GORDON) ដែល​តាម​ជនរងគ្រោះ​ថា​គាត់​គឺជា​មេធាវី​បាន​បណ្តេញ​បុគ្គលិក​ជាង​៣០​នាក់​ចេញពី​ការងារ​នោះបាន​នៅឡើយ​ទេ ហើយ​ក្រុម​អ្នកសារព័ត៌មាន​រង់ចាំ​ការបំភ្លឺ​ពី​លោក​ប្រេត ហ្គោ​ដុន BRAD GORDON ជានិច្ច​ចំពោះ​ការលើកឡើង​របស់​ជន​រងគ្រោះ ៕B/Ha