ផ្ទុះ​កំប៉ុង​ហ្គាស​ឆាបឆេះ​តូប​លក់​ទឹកត្នោតជូរ​អស់​ជាច្រើន​តូប​នឹង​សម្ភារ​មួយចំនួនធំ​

453
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: តូប​លក់​ទឹកត្នោតជូរ​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​នឹង​ស​ង្ក័​សី​ជាច្រើន​តូប​ត្រូវ​រង​ការឆាបឆេះ​បំផ្លាញ​ដោយ​អគ្គិភ័យ កាលពី​រសៀល​ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៩ ដោយ​ទីតាំង​ឆាបឆេះ​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​ភ្ញៀវ​ដែល​អង្គុយ​ហូប​ទឹកត្នោតជូរ​ត្រង់​តូប​កើតហេតុ គឺ​ដំបូង​ឡើយ​ពួកគេ​បាន​អង្គុយ​ហូប​ជាធម្មតា​បាន​ប្រហែល​មួយ​ម៉ោង ស្រាប់​ពេលនោះ​លឺ​សូរសម្លេង​ផ្ទុះ​ចេញពី​បន្ទប់​ចុង​ភ្លៅ ហើយ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដែល​កំពុង​ហូប​រត់​ជាន់ជើងគ្នា​ព្រោងព្រាត​។ ភ្លាមៗ​ពួកគាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​អោយជួយ​អន្តរាគមន៍​ពន្លត់​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះ​។

​ក្រោយពី​ទទួលបាន​សេចក្តី ភ្លាមៗ​កម្លាំង​មូលដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​បង្កា​នឹង​ពន្លត់​អគ្គិភ័យ បាន​បញ្ជា​រថយន្ត​បី​គ្រឿង​ចុះ​ដល់ទី​តាំង​កើតហេតុ និង​បានធ្វើការ​បាញ់ស្រោច​អស់​រយៈពេល​ជាង​កន្លះ​ម៉ោង ទើប​អាច​ទប់ស្កាត់​អណ្តាតភ្លើង​អោយរ​លត់​សូន្យសុង​ទៅវិញ ។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​គ្រោះមហន្តរាយ​នេះ​បាន​បណ្តាលអោយ​តូប​លក់​ត្នោត​ជូរ​ជាច្រើន​តូប​នឹង​សម្ភារ​មួយចំនួន​ត្រូវបាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង ដោយសារ​ទីតាំង​ឆេះ​នោះ​គឺ​ភាគច្រើន​ប្រក់​ស្បូវ​ហេតុនេះ​ធ្វើ​ឲ្យ​ការឆាបឆេះ​លឿន ណាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ឆ្ងាយ​ពី​កន្លែងកើតហេតុ​៕ ល​