ផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​នៅ​រដូវ​បុណ្យ​រ៉ា​ម៉ា​ដន អង្រួន​ខេត្ត​ភាគខាងត្បូង​ថៃ​

781
ចែករម្លែក

​ការវាយប្រហារ​ដោយ​ហិង្សា​ជា​បន្តបន្ទាប់ ដែល​ភាគច្រើន​ជាការ​បំផ្ទុះ​គ្រាប់បែក​នោះ បានចាប់ផ្តើម​នៅតាម​ខេត្ត​ចំនួន​៤​នៅតាម​ព្រំដែន​ភាគខាងត្បូង​ប្រទេស​ថៃ ដែលជា​ថ្ងៃទី​៤​នៃ​ខែ​តម​អាហារ​រ៉ា​ម៉ា​ដន​។ របាយការណ៍​ដំបូង​បាន​លើកឡើងថា មនុស្ស​៣​នាក់​បាន​រងរបួស​។​

​ការវាយប្រហារ​ជា​ប្រព័ន្ធ​ទាំងនេះ​បានកើត​ឡើង​នៅ​ម៉ោង ៧ យប់ ភ្លាមៗ​បន្ទាប់ពី​ការសូត្រ​ធម៌​ពេល​ល្ងាច ដែល​កត់សម្គាល់​ចុងបញ្ចប់​នៃ​ការ​តម​អាហារ​ប្រចាំថ្ងៃ​ក្នុង​ខែ​ដ៏​ពិសិដ្ឋ​នៃ​បុណ្យ​រ៉ា​ម៉ា​ដន ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ឧសភា​។​

​ក្នុង​ខេត្ត​យ៉ា​ឡា គ្រាប់បែក​ចំនួន​៤​បាន​ផ្ទុះ​នៅក្នុង​ស្រុក​ចំនួន ៤​។ មួយ​ក្នុងចំណោម​នោះបាន​ផ្ទុះ​នៅ​ទូ ATM របស់​ធនាគារ​ក្រុង​ថៃ នៅ​ចំណុចប្រសព្វ​បាន​ណា​ង​ដា ក្នុង​តំបន់​កា​បាង នៃ​ស្រុក​កា​បាង នៅ​ម៉ោង​ប្រហែល ៦:៥០ ល្ងាច​។ គ្រាប់បែក​នេះ​ត្រូវបាន​គេ​យកទៅដាក់​ក្នុង​ធុងសំរាម​ក្បែរ​ម៉ាស៊ីន ATM ។ គ្មាន​នរណាម្នាក់​រងរ​បួស​ទេ​។​

​នៅ​ស្រុក​បា​ណា​ង​សា​តា គ្រាប់បែក​មួយ​ត្រូវបាន​បំផ្ទុះ​នៅ​បង្គោល​ភ្លើង​មួយ​នៅលើ​ផ្លូវ​ហាយវ៉េ ៤១០ នៅ​ភូមិ​បាន់ ប៉ា​ឡូ​បា​តា នៃ​តំបន់​ចាន់​នៅ​ម៉ោង ៧:៣០ យប់​។ គ្មាន​នរណាម្នាក់​រងរ​បួស​ទេ​។ បង្គោល​ភ្លើង​រង​ការខូចខាត​។​

​នៅ​ស្រុក​ថន​ថូ គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ​នៅក្នុង​ចំណតរថយន្ត​មួយ​នៅ​ខាងក្រោយ​មូលដ្ឋាន​សន្តិសុខ​នៅ​តំបន់​ថន នៅ​ម៉ោង ៧:១៥ នាទី​ល្ងាច​។ គ្រាប់បែកដៃ​ត្រូវបាន​គេ​គប់​នៅឯ​មូលដ្ឋាន​សន្តិសុខ​នៅ​ភូមិ មូ​១​។​

​នៅ​ស្រុក​រ៉ា​ម៉ាន់ បង្គោល​ភ្លើង​មួយ​ត្រូវបាន​បំផ្ទុះ​នៅ​ម៉ោង ៧:៣០ យប់​នៅ​ផ្លូវ​យ៉ា​ឡា​រ៉ា​ម៉ាន់ នៅ​ភូមិ​បាន់​ពង់​យ៉េ​រ៉េ នៃ​ស្រុក​កា​យូ​បូ​កូ​។ គ្មាន​នរណាម្នាក់​រងរ​បួស​ទេ​។ បង្គោល​រង​ការខូចខាត​។​

​ក្នុង​ខេត្ត​ផ្សេងទៀត​ដូចជា​ណា​រ៉ា​ធី​វ៉ា​ត់ និង ប៉ាត់​តានី ក៏មាន​ករណី​បំផ្ទុះ​នៅ​ទូ ATM ដែរ ប៉ុន្តែ​មាន​ករណី​របួស​ទាហាន​ល្បាត​ម្នាក់ និង​ស្ត្រី​២​នាក់​នៅ​ប៉ាត់​តានី​៕ ដោយ៖ កញ្ញាដាលីស

ទូ ATM របស់​ធនាគារ​អភិវឌ្ឍ​កសិកម្ម​ត្រូវបាន​បំផ្ទុះ​នៅ​ខេត្ត​ប៉ាត់​តានី​កាលពី​យប់​ថ្ងៃ​សៅរ៍