ផ្ទុះ​គ្រាប់បែក​នៅ​បាងកក ចំ​ពេល​ថៃ​កំពុង​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​និង​មហាអំណាច​ពិភពលោក​

1406
ចែករម្លែក

​ការផ្ទុះ​ត្រូវបាន​ឮ​នៅក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ព្រឹក​ថៃ្ង​សុក្រ​ទី​០២​សីហា​នេះ នៅ​យ៉ាងតិច​ទីតាំង​ចំនួន​៣ និង​អ្នក​បោសសម្អាត​តាមផ្លូវ​២​នាក់​បាន​រងរបួស ,​នេះ​បើ​​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ ដែល​យោង​តាម​សម្តី​របស់​សារព័ត៌មាន​ថៃ​។​

​ក្រុង​បាងកក​ឥឡូវ​កំពុង​ទទួល​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ដៃគូ​របស់​គេ​មក​ពី​មហាអំណាច​ពិភពលោក រួម​មាន​អាម៉េរិក ចិន​និង​រុស្ស៊ី​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​សីហា ប៉ូលិស​ថៃ​បាន​រកឃើញ​គ្រាប់បែក​ក្លែងក្លាយ​ពីរ នៅ​ជិត​កន្លែង​ប្រជុំ​ស្តី​ពី​សន្តិសុខ​តំបន់​ក្នុង​ក្រុង​បាងកក ។​កញ្ចប់​សង្ស័យ​នោះ បណ្តាលឲ្យមាន​​ការ​ផ្អើល​និង​ការ​រឹតបន្តឹង​សន្តិសុខ តែ​ក្រោយមក​ទើប​ដឹងថា​វា​មិន​បង្ក​គ្រោះថ្នាក់​ទេ​។​

​អ្នកនាំពាក្យ​ប៉ូលិស​ថៃ បាន​ប្រាប់​សារព័ត៌មាន​បរទេស​ថា «​មាន​ប្រអប់​២​ដែល​មិន​បាន​ផ្ទុក​វត្ថុ​ធាតុ​ដែល​បង្ក​ការផ្ទុះ​ទេ តែ​មាន​គ្រាប់​ដែក​និង​ខ្សែភ្លើង​ដែល​មើលទៅ​អាច​បង្ក​គ្រោះ​​ថ្នាក់​»​។​

​សន្តិសុខ​ជុំវិញ​ទីតាំង​ប្រជុំ​ត្រូវ​បាន​រឹតបន្តឹង​ខ្លាំង តែ​គេ​មិនដឹងថា​តើ​កិច្ចប្រជុំ​នេះ​ជា​គោលដៅ​នៃ​ការវាយប្រហារ​ក្លែងក្លាយ​នេះដែរ​ឬ​យ៉ាងណា​។​

​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី និង​សម​ភាគី​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ កំពុង​ចូលរួម​វេទិកា​សន្តិសុខ​នេះ​នៅ​ថ្ងៃ​០២​សីហា​៕​ដោយ​៖​វាសនា​/Ha

​គ្រាប់បែក​ផ្ទុះ​បណ្តាលឲ្យរបួស​អ្នក​បោស​សំរាម​២​នាក់ តែ​វា​កើតឡើង​ចំពេល​អាស៊ាន​ប្រជុំ​ជាមួយ​ដៃគូ​ជា​មហាអំណាច​ពិភពលោក​របស់​ខ្លួន​នៅ​បាងកក​