ផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​ដ៏​ខ្លាំង​សម្លាប់​មនុស្ស​យ៉ាងតិច​៧៩​នាក់​នៅ​សូ​ម៉ាលី​

182
ចែករម្លែក

​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​កម្លាំង​ខ្លាំង​មួយ​បាន​ផ្ទុះ​នៅ​តំបន់​មាន​មនុស្ស​ច្រើន​មួយ​នៃ​រដ្ឋធានី​មូ​ហ្កាឌី​ស៊ូ​របស់​សូ​ម៉ាលី​កាលពី​ថ្ងៃ​សៅរ៍​ទី​២៨​ធ្នូ​ដោយ​សម្លាប់​មនុស្ស​​យ៉ាងតិច​៧៩​នាក់​និង​ជាង​មួយ​រយ​នាក់​ទៀត​រងរបួស​។​

​មន្ត្រី​សេវា​រថយន្ត​ពេទ្យ​បាន​អោយដឹងថា មនុស្ស​១២៥​នាក់​រងរបួស​។​

​យ៉ាងហោចណាស់​១៦​នាក់​នៃ​អ្នកស្លាប់​ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​ឯកជន​មួយ​នៅក្នុង​រដ្ឋធានី​នេះ ។​ពួកគេ​កំពុង​ជិះ​រថយន្ត​ក្រុង​មួយ​នៅពេល​ការផ្ទុះ​បានកើត​​ឡើង​នៅ​ផ្លូវបំបែក​មួយ​ក្នុង​រដ្ឋធានី​មូ​ហ្កាឌី​ស៊ូ​។​

​ជនជាតិ​តួ​ក​គី​២​នាក់​ក៏​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ការបរទេស​តួ​ក​គី​។​

​នៅ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមក​អះអាង​ទទួលខុសត្រូវ​ចំពោះ​កា​វាយប្រហារ​នេះ​នៅឡើយ​ទេ តែ​ទីក្រុង​មូ​ហ្កាឌី​ស៊ូ រង​ការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​​ជារឿយៗ​ពី​សំណាក់​ក្រុម​អ៊ីស្លាម​អាល់ សា​បាប ដែល​ជា​សម្ពន្ធមិត្ត​នឹង​ក្រុម​ភេរវកម្ម​អាល់ កៃ​ដា​។​

​ប្រធានាធិបតី ម៉ូ​ហា​ម៉េត អាប់​ឌុល​ឡា​ហ៊ី ហ្វា​ម៉ា​អាចូ បាន​ថ្កោលទោស​ការវាយប្រហារ​និង​ថា​«​សត្រូវ​នេះ​តែង​បង្ក​ភេរវកម្ម ពួក​វា​មិន​ដែល​ធ្វើ​អ្វី​វិជ្ជមាន​សំរាប់​ប្រ​​ទេស​របស់​យើង​ទេ​។​ពួក​វា​មិន​បាន​ធ្វើ​ផ្លូវ សង់​មន្ទីរពេទ្យ​និង​មណ្ឌល​អប់រំ​ណាមួយ​ទេ​។​អ្វី​ដែល​ពួគ​វា​ធ្វើ​គឺ​បំផ្លិចបំផ្លាញ​និង​សម្លាប់​ដូចដែល​សាធារណជន​សូ​ម៉ាលី​​បានដឹង​ហើយ​»​។​

​ក្នុងពេល​ជាមួយគ្នា អគ្គលេខា​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រេ​សបាន​ថ្កោលទោស​ការវាយប្រហារ​និង​បាន​និយាយថា «​អ្នក​ប្រព្រឹត្ត​នៃ​អំពើ​ឧក្រិដ្ឋ​នេះ​​ត្រូវតែ​នាំ​មក​កាត់ទោស​»៕​ប្រែ​សម្រួល​៖​វាសនា​