ផ្ទុះ​ជំងឺឆ្លង​កូ​រ៉ូ​ណា​,EBA​និង​ការ​ថមថយ​នៃ​សេដ្ឋកិច្ចកម្ពុជា​អាចធ្វើឱ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ថមថយ​កំណើន​នៅ​ឆ្នាំ​២០២០

191
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​បញ្ហា​ប្រឈម​ចំនួន​៣​រួមមាន​ការផ្ទុះ​ជំងឺឆ្លង​កូ​រ៉ូ​ណា​,​បញ្ហា​EBA​និង​ការ​ថមថយ​នៃ​សេដ្ឋកិច្ចកម្ពុជា​(GDP)​មក​ត្រឹម​៦​ភាគរយ​អាច​នឹង​ធ្វើឱ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ​មានការ​ថមថយ​កំណើន នៅក្នុង​ឆ្នាំ​២០២០​នេះ​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​គា​បូរាណ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​។

លោក គា បូរាណ​បានឱ្យដឹងថា​«​តាម​ធម្មតា​ប្រសិនជា​កំណើន​GDP​ប្រទេស​កម្ពុជា​មានការ​ថមថយ​ចុះ ខ្ញុំ​គិតថា​វា​នឹងមាន​ផលប៉ះពាល់​ខ្លះ​ដោយសារតែ​យើង​ឲ្យ​កម្ចី​ដាក់ទុន​ចូលទៅក្នុង​សេដ្ឋកិច្ច​ដូច្នេះ​បើសិនជា​សេដ្ឋកិច្ច​យើង​មានការ​ថមថយ​តម្រូវការ​ទុន​ក៏​វា​ថមថយ​ដែរ​បើសិនជា​ថមថយ​យើង​ក៏​មិនអាច​បញ្ចេញ​ទុន​បានដែរ​»​។​

លោក​បន្ដទៀតថា «​ទាក់ទង​ការងារ​ផ្សេងៗ ដូចជា​ជំងឺ​កូ​រ៉ូ​ណា​វិ​រុស និង​បញ្ហា​ដក EBA គឺ​ចង់​មិន​ចង់ វា​នឹងមាន​ផលប៉ះពាល់​ខ្លះ​ហើយ​បើសិនជា​រឿង​ហ្នឹង​កើតឡើង​មែន​ប៉ុន្ដែ​យ៉ាងណាក្ដី​ដូច​ខ្ញុំ​បាន​ជម្រាប​ថា វិស័យ​ដែល​យើង​ផ្ដោតអារម្មណ៍ គឺ​កសិកម្ម ពាណិជ្ជកម្ម និង​ផលិតកម្ម​វិស័យនេះ​មិនសូវ​ជា​ពាក់ព័ន្ធ ដោយផ្ទាល់​ជាមួយនឹង EBA និង​ការងារ​ផ្សេង​ក្ដី​»​។​

​ទោះបីជា​យ៉ាងណាក្ដី​លោក​គា​បូរាណ​ក៏​ប្រាប់​ផងដែរ​ថា​ត្រូវ​រង់ចាំ​មើល​អំពី​ការវិវត្ដន៍​ថ្មីៗ​ក្នុង​រយៈពេល​ខ្លី​ទៀតថា​តើ​ការវិវត្ដន៍​នេះ​វិវត្ដន៍​ទៅដល់​ណា​?​យើង​ត្រូវ​រង់ចាំ​មើល​អំពី​ការវិវត្ដន៍​ថ្មីៗ​ក្នុង​រយៈពេល​ខ្លី​ទៀតថា​តើ​ការវិវត្ដន៍​បែប​ម៉េច​ដែរ​។​ប៉ុន្ដែ​យ៉ាងណាក្ដី​កត្ដា​៣​យ៉ាងនេះ​អាចជា​កត្ដា​ប្រឈម​វិស័យ​ធនាគារ​ទាំងមូល​មិនមែន​តែ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទេ​។​គឺអាច​មានការ​ផ្ដាស់​ប្ដូរ​អីចឹង​ហើយ​បាន​យើង​រំពឹងថា​នៅ​ឆ្នាំ​២០២០​នេះ កំណើន​របស់​យើង​ប្រហែលជា​មិន​ខ្ពស់​ដូច​ឆ្នាំ​២០១៩​នោះទេ​ដោយសារ​តែមាន​កត្ដា​៣​នេះ​»​។​

​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធ្លាប់បាន​លើកឡើងថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​នេះ​នឹង​នៅតែ​អាច​សម្រេចបាន​ក្នុង​រង្វង់​៦​ភាគរយ​ទោះបី​ត្រូវ​ប្រឈម​ការលំបាក​និង​ហានិភ័យ​ទាំង​ខាងក្នុង​និង​ទាំង​ខាងក្រៅ​ច្រើនជាង​មុន​ក្តី​ពិសេស​ករណី​ការ​រាលដាល នៃ​វី​រ៉ុ​ស​កូ​រ៉ូ​ណា​នៅ​ប្រទេស​ចិន ដែលជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​កម្ពុជា​។​

​លោក​បន្តថា ក្នុង​ច្បាប់​ថវិកា​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា បាន​ព្យា​ការណ៍​ថា​សេដ្ឋកិច្ច​របស់​កម្ពុជា នឹង​សម្រេច​៦.៥​ភាគរយ ដោយបាន​រាប់បញ្ចូល​ករណី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (EBA) ពី​សហភាព​អ៊ី​រ៉ុ​ប​រួចហើយ ព្រោះ​កម្ពុជា​ដឹងថា ការដក EBA នឹង​មកដល់​គ្រាន់តែ​មុន​ឬ​ក្រោយ​ប៉ុណ្ណោះ​។ លោ​កថា​ទោះបី​សហភាព​អ៊ឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​នេះ​មួយផ្នែក​ឬ​ទាំងស្រុង​ក្ដី​ក៏​សេដ្ឋកិច្ចកម្ពុជា​មិន​ដួលរលំ​ដែរ ព្រោះ​កម្ពុជា​បាន​ត្រៀមខ្លួន​ជាមុន​រួចហើយ​។​

​លោក វ​ង្សី វិស្សុត បានបញ្ជាក់​ទៀតថា ការដក EBA​នេះ​ប៉ះពាល់​តែ​ទៅលើ​ការនាំចេញ​សំលៀកបំពាក់ ទៅកាន់​ទីផ្សារ​អ៊ឺរ៉ុប​ប៉ុណ្ណោះ​ក្នុងខណៈដែល​ការនាំចេញ​ទៅកាន់​ទីផ្សារ​ផ្សេងៗ​ទៀត​ពិសេស​អាមេរិក​មានការ​កើនឡើង​យ៉ាងខ្លាំង​។​ទន្ទឹមនឹងនេះ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ក៏មាន​សន្ទុះ​កំណើន​យ៉ាងខ្លាំង​ផងដែរ ដោយសារ​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា កាន់​តែមាន​ពិពិធ​កម្ម​ច្រើនជាង​មុន​។

តែ​ទោះបី​យ៉ាងណាក៏ដោយ​កម្ពុជា​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​កំណើន​ដ៏​ទាប​ជាប់ៗ​គ្នា​ក្នុង​វិស័យ​កសិកម្ម​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​និង​ការជំរុញ​ការធ្វើ​ពិពិធ​កម្ម​,​ភាព​ប្រកួតប្រជែង​និង​ភាព​ទាក់ទាញ​នៃ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​៕S/​