ផ្ទុះ​ដែកកេះ​ហ្គាស់ បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ស្ទើរតែ​ទាំងស្រុង នៅ​ស្រុក​អង្គរធំ​

1025
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ បងប្អូន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែលមាន​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​ពី​ឈើ ដំបូល​ធ្វើ​ពី​ស័ង្កសី ជញ្ជាំង​បាំង​ស្លឹកត្នោត និង ស្បូវ ស្ថិតនៅ​ភូមិ​បុស្ស​តា​ត្រាវ ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ខេត្តសៀមរាប បណ្តាលអោយ​ឆេះ​ស្ទើរតែ​ទាំងស្រុង ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរធំ បាន​បញ្ជាក់ថា ផ្ទះ​ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆាបឆេះ​នេះ​មាន​ទំហំ ៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ត​ឆ្នៀង​២​ម៉ែត្រ តម្កល់​ជើង ៥ តឹក ធ្វើ​ពី​ឈើ ដំបូល​ធ្វើ​ពី​ស័ង្កសី ជញ្ជាំង​បាំង​ស្លឹកត្នោត និង ស្បូវ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​ស្ទើ​តែ​ទាំងស្រុង​។​

​សមត្ថកិច្ច​បាន​បន្តថា ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ឡា​ច អ៊ា​ន ភេទ​ប្រុស អាយុ ៦២ ឆ្នាំ រស់នៅ ប្រពន្ធ​ឈ្មោះ លាំ អ៊ា​ម ភេទ​ស្រី អាយុ ៦៣ ឆ្នាំ មានកូន​ចំនួន​០២​នាក់ និង​ចៅ ចំនួន ០៥ នាក់ ស្រី ០២ នាក់ រស់នៅក្នុង​បន្ទុក រស់នៅ​ភូមិ​បុស្ស​តា​ត្រាវ ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ខេត្តសៀមរាប ។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា សម្ភារៈ​ដែល​បាត់បង់​រួមមាន​មាន​មុង កន្ទេល ភួយ ខោអាវ ទូរទស្សន៍​១​គ្រឿង​និង ទឹកប្រាក់​អស់​ចំនួន ៣០​ម៉ឺន​រៀល​។ តាម​ការបំភ្លឺ​ពី​កូនស្រី​ម្ចាស់ផ្ទះ​ខាងលើ ឈ្មោះ អ៊ា​ន ង៉ា ភេទ​ស្រី អាយុ ២៩ ឆ្នាំ ដែល​នៅ​កន្លែងកើតហេតុ​ថា​ការឆេះ​នេះ​បណ្ដាលមកពី​ផ្ទុះ​ដែកកេះ​ហ្គាស់​។ សូមបញ្ជាក់ថា គ្រួសារ​ខាងលើនេះ​កំពុងមាន​ជីវភាព​ខ្វះខាត​ផង​ឆ្លៀត​មក​រងគ្រោះ​ដោយសារ ភ្លើង​ឆាបឆេះ​ខូចខាត​អស់​ជម្រក​ធ្លាប់​ស្នាក់នៅ​បន្ថែមទៀត​៕