ផ្ទុះ​ធុង​ហ្គាស រាល​ឆេះ​ផ្ទះ និង​របួស​រលាក​ធ្ងន់​ម្ចាស់ ដោយសារ​ទុស្សេ​ចរន្តអគ្គិសនី នៅ​ក្រុង​ប៉ោយប៉ែត​

892

(​បន្ទាយមានជ័យ​) : ដោយសារតែ​ទុស្សេ​ខ្សែភ្លើង ក៏បង្ក​ជា​ឆាបឆេះ​ដល់​ផ្ទុះ​ធុង​ហ្គាស និង​រាល​ឆេះ​ផ្ទះ ហើយ​បណ្ដាល​ឲ្យ​រងរបួស​រលាក​របួស​ធ្ងន់ បុរស​ស្ត្រី​២​នាក់ ប្ដី​និង​ប្រពន្ធ​ថែមទៀត​។ អគ្គិភ័យ​កើតឡើង​នៅ​ម៉ោង​៩​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​បេន​រថយន្ត​ផ្សារ​អគ្គ ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ករណីនេះ កម្លាំង​នគរបាល​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿង និង​មធ្យោបាយ​ជាច្រើន​ទៀត បាន​ទៅ​ជួយសង្គ្រោះ បង្ការ​កុំ​ឲ្យ​ឆេះ​រាលដាល​នៅ​ចំ​កណ្តាល​ក្រុង​។​

​លោក នួន នី​ណា​រ៉ូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​រលាក​របួស​ធ្ងន់​ជា​ប្ដី​មានឈ្មោះ ក្រូច កែវ អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ នួន ស៊ី​នេ​ត អាយុ ៤២​ឆ្នាំ មុខរបរ​លក់​ហ្គាស នៅ​ទីតាំង​ខាងលើ​។​

​ប្រភព​បន្តថា នៅ​មុនពេល​កើតហេតុ នៅផ្ទះ​ជនរងគ្រោះ មាន​ករណី​ទុស្សេ​ខ្សែ​ចរន្តអគ្គិសនី ហើយ​បង្ក​ជា​អណ្តាតភ្លើង រួចរាល​ឆេះ​រាលដាល ទៅដល់​ធុង​ហ្គាស​ដែល​ពួកគាត់​បាន​តាំង​លក់ និង​បន្ត​ឆេះ​អស់ ផ្ទះ​១​ល្វែង​ទៀត​។ ការឆេះ​នោះ បង្ក​ឲ្យ​រលាក​របួសធ្ងន់​ម្ចាស់ផ្ទះ​ខាងលើ​ផងដែរ​។ សាច់ញាតិ និង​សមត្ថកិច្ច បាន​ប៉ាន់​តម្លៃ​ថា មហន្តរាយ​ពី​ការឆេះ​នេះ មាន​ច្រើនសន្ធឹក ហើយ​ពិបាក​នឹង​ស្តារ​ដើម​ណាស់​៕L ដោយ​៖ ប​.​ជ័យ​