ផ្ទុះ​បាតុកម្ម​នៅ​ឥណ្ឌា​នៅពេល​ការចាប់រំលោភ​និង​សម្លាប់​កើនឡើង​ឥត​ឈប់ឈរ​

150
ចែករម្លែក

​ប្រជាជន​ឥណ្ឌា​រាប់រយ​នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២​ធ្នូ​បាន​នាំគ្នា​ចេញ​មក​តាម​ដងផ្លូវ​នៅពេល​កំហឹង​សាធារណជន​កាន់តែ​កើនឡើង​ដោយសារតែ​ការចាប់រំលោភ​ជា​ក្រុម​និង​សម្លាប់ចោល​វេជ្ជបណ្ឌិត​ពេទ្យសត្វ​ម្នាក់ រហូតដល់​ថ្នាក់​សមាជិកសភា​ម្នាក់​អំពាវនាវ​អោយ​ចង​ក​សម្លាប់​អ្នក​ប្រព្រឹត្ត​ចោល​។​

​បាតុកម្ម​នៅ​ក្រុង​ញូវដែល្លី ក្រុង​ហាយដេ​រ៉ា​បាត ក្រុង​បាង​ហ្កា​ឡ័​រ និង​នៅ​កន្លែង​ផ្សេង​ទៀត​បាន​ផ្ទុះឡើង​នៅ​ពេល​ប៉ូលិស​បាន​រកឃើញ​សាកសព​អាក្រាត​ពាក់កណ្តាល​ខ្លួន​របស់​ក្មេង​​ស្រី​អាយុ​៦​ឆ្នាំ​ដែល​ទំនងជា​ត្រូវ​ចាប់រំលោភ​និង​បន្ទាប់​មក​មួល​ក​សម្លាប់​នៅ​រដ្ឋ​រ៉ា​ចា​ស្ថាន​។​

​នៅក្នុង​សភា ពួក​សមាជិកសភា​កាលពី​ថ្ងៃ​ចន្ទ​ក៏​បាន​សម្តែង​កំហឹង​ដោយ​លោកស្រី ចា​យ៉ា បាច​ចាន់ អតីត​តារា​សម្តែង​និង​ឥឡូវ​ជា​សមាជិក​សភា​និយាយថា​«​គួរ​នាំ​ពួក​ប្រព្រឹត្ត​​ចាប់រំលោភ​នេះ​មក​បង្ហាញ​មុខ​ជា​សាធារណៈ​និង​ព្យួរ​ក​សម្លាប់​ចោល​តែម្តង​»​។​

​ការបង្ក​អោយ​មាន​ការ​តវ៉ា​ប្រឆាំង​ថ្មី​នេះ​គឺ​ការចាប់រំលោភ​បូក​និង​សម្លាប់ចោល​អ្នកគ្រូ​ពេទ្យសត្វ​អាយុ​២៧​ឆ្នាំ​ម្នាក់​នៅ​ជិត​ផ្លូវ​មមាញឹក​មួយ​នៅ​ជាយក្រុង ហាយដេ​រ៉ា​បាត នៅ​ឥណ្ឌា​​ខាងត្បូង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។​

​សូមបញ្ជាក់​ថា ក្នុង​ករណី​រំលោភ​គ្រូពេទ្យ​សត្វ​នេះ បុរស​៤​នាក់​បាន​បន្ធូរ​ខ្យល់​កង់​ម៉ូតូ​របស់​នាង​និង​បាន​លួងលោម​អោយ​នាង​ឡើង​ជិះ​រថយន្ត​របស់​គេ​ដើម្បី​នាំ​ទៅកាន់​កន្លែង​ជួ​ស​​ជុ​ល​។​បុរស​ទាំង​នេះ​បន្ទាប់​មក​បាន​ចាប់រំលោភ​និង​សម្លាប់​នាង​មុន​ចាក់​សាំង​ដុត​សាកសព​នៅ​ក្រោម​ស្ពាន​ដាច់ស្រយាល​មួយ​។​

​ក្រោយ​ឧបទ្ទវហេតុ បុរស​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​។​

​អំពើហិង្សា​លើ​ស្ត្រី​កើតមាន​ជា​ទូទៅ​នៅ​ឥណ្ឌា និង​ករណី​ចុងក្រោយ​នេះ​នាំអោយ​គេ​នឹកឃើញ​ដល់​ការចាប់រំលោភ​និង​សម្លាប់​ស្ត្រី​ជា​និស្សិត​ម្នាក់​នៅលើ​រថយន្ត​ក្រុង​ពី​សំណាក់​បុរស​៦​នាក់​នៅ​ទីក្រុង​ញូវដែល្លី​កាល​ពី​ឆ្នាម​២០១២​។​មាន​ករណី​ចាប់​រំលោភ​ជាង​៣៣.០០០​ត្រូវបាន​រាយការណ៍​នៅ​ឆ្នាំ​២០១៧​នៅ​ឥណ្ឌា ក្នុងនោះ​មាន​ជនរងគ្រោះ​ជា​អនីតិជន​ចំនួន​ជាង​១០.០០០​នាក់​៕​ដោយ​៖​វាសនា​

បាតុករ​នៅ​ក្រុង​ញូវដែល្លី​បានបង្ហាញ​កំហឹង​ចំពោះ​ការចាប់រំលោភ​និង​សម្លាប់​គ្រូពេទ្យ​សត្វ​