ផ្ទុះ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​លើកដំបូង​នៅ​ឡាវ​

508
ចែករម្លែក

​ឡាវ​បាន​រាយការណ៍​អំពី​ករណី​កើត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​(ASF)​ជា​លើកដំបូង​នៅក្នុង​ខេត្ត សា​រ៉ា​វ៉ាន នេះ​បើ​តាម​អង្គការ​សុខភាព​សត្វ​(OIE)​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុងប៉ារីស​​ បាន​និយាយ​កាលពី​ថ្ងៃ​២០​មិថុនា​។​

​យោង​តាម​ព័ត៌មាន​មក​ពី​ក្រសួង​កសិកម្ម​ឡាវ OIE​បាន​និយាយ​នៅក្នុង​គេហទំព័រ​របស់​ខ្លួន​ថា ប្រទេស​ឡាវ​បាន​រាយការណ៍​ការកើត​ប៉េស្ត​ជ្រូក​អាហ្វ្រិក​៧​ករណី​នៅ​ក្នុងភូមិ​មួយ​​ចំនួន​ក្នុង​ខេត្ត​សា​រ៉ា​វ៉ាន ជាហេតុ​នាំ​ឲ្យមាន​ការ​ងាប់​ជ្រូក​៩៧៣​ក្បាល​។​

​ជំងឺដែល​ចម្លង​ក្នុងចំណោម​សត្វ​ជ្រូក​តែ​មិន​ចម្លង​ដល់​មនុស្ស​នេះ បាន​ឆ្លង​រាលដាល​យ៉ាង​លឿន​នៅ​ទូទាំង​ប្រទេស​ចិន​ចាប់តាំងពី​ខែ​សីហា​ឆ្នាំមុន និង​ក៏​បាន​ឆ្លង​ដល់​ប្រទេស​វៀត​​ណា​ម​និង​កម្ពុជា​នៅ​ឆ្នាំនេះ​។​

​ចិន​ដែល​ជា​ប្រទេស​ផលិត​ជ្រូក​ធំ​បំផុត​ក្នុង​លោក បាន​រាយការណ៍​អំពី​ការផ្ទុះ​ជំងឺនេះ​ជាង​១២០​ករណី​តាំងពី​មុន​មក​ ចំណែក​វៀតណាម​បាន​កើត​ជំងឺនេះ​នៅ​៥៨​ខេត្ត​ក្នុងចំណោម​៦៣​ខេត្ត​របស់​ខ្លួន​។​

​កាលពី​ខែ​មេសា ចិន​បាន​និយាយថា ​ខ្លួន​ហាម​ការនាំ​ចូល​សាច់ជ្រូក​និង​ផលិតផល​ធ្វើ​ពី​សាច់​ជ្រូក​ពី​កម្ពុជា ក្រោយពី​អាជ្ញាធរ​បាន​រាយការណ៍​ការរកឃើញ​ជំងឺនេះ​លើកដំបូង​។​ជ្រូក​​ប្រមាណ​៥០០​ក្បាល​ត្រូវបាន​សម្លាប់​ដោយ​ជំងឺនេះ​នៅ​កម្ពុជា​៕​ដោយ​៖​វាសនា​/Ha

ប៉េស្ត​ជ្រូក​អាហ្វ្រិក ចម្លង​ក្នុងចំណោម​សត្វ​ជ្រូកស្រុក​និង​ជ្រូកព្រៃ តែ​មិន​ចម្លង​ដល់​មនុស្ស​ទេ​។​អត្រា​ចម្លង​និង​សម្លាប់​របស់​វា​ខ្ពស់​ហើយក៏​មិន​ទាន់​មាន​ឱសថ​ព្យាបាល​នៅឡើយ​ដែរ