ផ្ទុះ​ព័ត៌មាន​ជាថ្មី​! ម្ចាស់​គម្រោង​អគារ​៤២​ជាន់ ចេញមុខ​បញ្ជាក់​ថ្ងៃ​បញ្ចប់​ការសាងសង់​

342

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​គម្រោង​សាងសង់​អគារ ៤២​ជាន់ នៅ​សណ្ឋាគារ Raffles កាលពី​ព្រឹក​មិញ​នេះ លោក Kim Tae Yeon ម្ចាស់​គម្រោង​អគារ​នេះ​បាន​អះអាងថា ខ្លួន​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០១៩​ខាងមុខនេះ​។​

​លោក Kim Tae Yeon ដដែល​បន្តទៀតថា ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD នឹង​បន្ថែម​ទុន ១៤០​លាន​ដុល្លារ​លើ​គម្រោង​មួយ​នេះ ដោយ​កាលពីមុន​ធ្លាប់បាន​បោះទុន​ចំនួន​១០០​លាន​ដុល្លារ រួចមកហើយ​។ ដោយ​បច្ចុប្បន្ននេះ​អគារ​ដែល​ជាប់គាំង​រាប់​ឆ្នាំ​មកហើយ​នេះ បាន​សាងសង់​រួចរាល់​ចំនួន ៣១​ជាន់​ហើយ​។​

​លោក​បញ្ជាក់ទៀតថា នៅក្នុង​ខែសីហា ឆ្នាំ​២០១៨​រូបរាង​អគារ​ទាំងមូល​នឹង​សាងសង់​បញ្ចប់​តែម្ដង​។ ប៉ុន្តែ​ទម្រាំ​រៀបចំ​ដំណើរការ​រួចរាល់​ត្រូវ​រង់ចាំ​រហូតដល់​ចុងឆ្នាំ​២០១៩​ទើប​បើក​ដំណើរការ​ជា​ផ្លូវការ​។​

​សូម​ជម្រាបជូន​ថា អគារ Gold Tower 42​ជាន់ ដែលជា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD ធ្លាប់បាន​សរសេរ​លិខិត​ទៅកាន់​ក្រសួង​ដែនដី​ម្ដង​រួចហើយ​កាលពី​ឆ្នាំ​២០១៦ ថា​ខ្លួន​នឹង​ចាប់ផ្ដើម​បន្ត​សាងសង់​អគារ ៤២ ជាន់​ឡើងវិញ ហើយ​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១៨​។ ប៉ុន្តែ​គម្រោង​សាងសង់​បន្ត​នោះ​ហាក់​នៅ​ស្ងាត់ឈឹង​មិនមាន​សកម្មភាព​សាងសង់​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ រហូតមកដល់​ព្រឹក​ថ្ងៃទី ២២ ខែ​វិច្ចិកា ឆ្នាំ​២០១៧​នេះ ម្ចាស់​គម្រោង​អគារ​៤២​ជាន់​នេះ បាន​សន្យា​ច្បាស់ៗ​ម្ដង​ទៀតថា​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​អគារ Gold Tower 42 ដែល​ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះ​នរោត្តម​សីហនុ បាន​ផ្អាក​ការសាងសង់​លើកដំបូង​ក្នុង​ឆ្នាំ ២០០៨ និង​បានចាប់ផ្តើម​ឡើងវិញ​ក្នុង​ឆ្នាំ ២០១០ ហើយ​បាន​ផ្អាក​ការសាងសង់​លើក​ទី ២ នៅ​ឆ្នាំ ២០១១​។ គម្រោង​អគារ​នេះដែរ បាន​វិនិយោគ​នូវ​ទំហំ​ប្រាក់​ប្រមាណ ២៤០​លាន​ដុល្លារ​អាមេរិក​៕

​រាយការណ៍​ដោយ​៖ ស៊ិន សា​វេត​/sn​