ផ្ទុះ​ភ្នំភ្លើង​នៅ​ហា​វ៉ៃ​បង្ខំ​ឱ្យ​ជម្លៀស​មនុស្ស​១​ម៉ឺន​នាក់​ជា​ចាំបាច់​

883
ចែករម្លែក

​មនុស្ស​ជាង ១ ម៉ឺន​នាក់​ត្រូវបាន​ស្នើឱ្យ​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​នៅលើ​កោះធំ​នៃ​កោះ​ហា​វ៉ៃ បន្ទាប់ពី​ការផ្ទុះ​ភ្នំភ្លើង​គីឡូ​អៀ (Kilauea) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ឧសភា ដែល​បាន​កើតឡើង​បន្ទាប់ពី​មានការ​រញ្ជួយ​ដី​ជា​បន្តបន្ទាប់​។​

​កាសែត Hawaii News Now និយាយថា ក្រុម​អាជ្ញាធរ​បាន​បញ្ជា​ឱ្យមាន​ការជម្លៀស​ជា​ចាំបាច់​ក្នុង​តំបន់​ឡី​ឡា​នី​អេ​ស្តេត (Leilani Estates) ភាគ​ខាងកើត​នៃ​កោះ​ហា​វ៉ៃ បន្ទាប់ពី​ផ្សែង​ផេះភ្នំភ្លើង​ព្រួស​ឡើងលើ​មេឃ​ជាង ៣០ ម៉ែត្រ​ក្បែរ​ផ្ទះ​ប្រជាជន​ជាច្រើន​ខ្នង​។​

​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​រដ្ឋ​ហា​វ៉ៃ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា “​នាយកដ្ឋាន​សាធារណការ​បាន​រាយការណ៍​អំពី​ការបញ្ចេញ​ចំហាយ​ក្តៅ​និង​កម្ដៅ​ធូលី​ដី​ពី​ស្នាម​ប្រេះ​នៅ​អនុតំបន់​ឡី​ឡា​នី នៅ​ម្តុំ​ផ្លូវ​ម៉ូ​ហា​ឡា​”​។​

​អាជ្ញាធរ​អង្កេត​ភូគព្ភសាស្ត្រ (USGS) របស់​អង្គភាព​ឃ្លាំមើល​ភ្នំភ្លើង​ហា​វ៉ៃ​បាន​ឈរជើង​ទាំង​នៅលើ​ដីគោក និង លើ​អាកាស​ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​ការផ្ទុះ​ដែល​បានចាប់ផ្តើម​នៅ​ម៉ោង ៤:៤៥ នាទី​រសៀល (​ម៉ោង ១០ និង ៤៥ នាទី​ព្រឹក​ថ្ងៃ​សុក្រ​ទី​៤​ឧសភា ម៉ោង​នៅ​កម្ពុជា​)​។​

​យោងទៅតាម USGS បានឱ្យដឹងថា​នៅ​ម៉ោង ១០ និង ៣០ នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) មាន​រញ្ជួយ​ដី ៥,៥ រិ​ច្ឆ​ទ័​រ​នៅ​ភាគខាងត្បូង​ភ្នំភ្លើង​ពូ​អ៊ូ (Puu Oo) បាន​បង្កឱ្យមាន​ការ​រ​ង្គើ​និង​អាច​បណ្តាលឱ្យ​បាក់​រលំ​ទៅក្នុង​រណ្តៅ​ភ្នំភ្លើង​៕ ដោយ៖ កញ្ញាដាលីស

ភ្នំភ្លើង​ពូ​អ៊ូ​ផ្ទុះ​កាលពី​ព្រឹក​មិញ ម៉ោង​នៅ​កម្ពុជា
#