ផ្ទុះ​រឿង​អភិបាលខេត្ត​បាត់ដំបង តែងតាំង​ភរិយា​និង​សាច់ញាតិ​ឲ្យ​កាន់តំណែង​សំខាន់ៗ​

2341
ចែករម្លែក
លោក​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង (រូបឯកសារ)

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ មន្ត្រី​សាលាខេត្ត​បាត់ដំបង​បាន​ទម្លាយ​ឱ្យដឹងថា លោក​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ក្នុងការ​តែងតាំង​ភរិយា​របស់ខ្លួន​ឈ្មោះ ហុង ផានី ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបាត់ដំបង​រួមទាំង​សាច់ញាតិ​ជាច្រើន​នាក់​ទៀត​ឲ្យ​កាន់តំណែង​សំខាន់ៗ​ដោយមាន​ភាពមិនប្រក្រតី​។​បញ្ហា​នេះ​បានធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន​មាន​ការមិនសប្បាយចិត្ត​។​ប៉ុន្តែ​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ពេលនេះ​លោក​កំពុង​រៀបចំ​ឯកសារ​បំភ្លឺ​ជូន​សម្តេច​ក្រឡាហោម​សខេង​អំពី​បញ្ហា​នេះ​ពីព្រោះ​ការស្នើ​តែងតាំង​នោះបាន​កើតឡើង​តាំ​ពី​លោក​មិនទាន់​កាន់តំណែង​ជា​អភិបាលខេត្ត​មកម្ល៉េះ​។​

​ប្រភព​ដដែល​បាន​បន្តថា តួនាទី​សំខាន់ៗ ដែល​ភរិយា និង​សាច់ញាតិ របស់​អភិបាលខេត្ត​បាត់ដំបង មានដូចជា​ទី​១.​ភរិយា​របស់​អភិបាលខេត្ត​បាត់ដំបង​ឈ្មោះ ហុង ផានី ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបាត់ដំបង ដោយ​ចេញ​ដីកា​តែងតាំង​កាលពី​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៩​។​ចំពោះ​ការស្នើ​តែងតាំង​ភរិយា​របស់លោក​អភិបាលខេត្ត​បាត់ដំបង ងួន រតនៈ នេះ​មិន​ត្រឹមត្រូវ​តាម​តារាង​ពិពណ៌នា​មុខដំណែង​នោះទេ​។ ព្រោះ​លោកស្រី ហុង ផានី មានតែ​សញ្ញាបត្រ​ឆ្មប​មធ្យម​មួយ​តែប៉ុណ្ណោះ​ផ្ទុយ​នឹង​អនុក្រឹត្យ​១១៤​ស្តីពី​កា​កំណត់​រចនាសម្ព័ន្ធ​គ្រប់គ្រង​និង​មុខដំណែង​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​នៃ​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៥ ។ នៅត្រង់​មាត្រា​៥ ចំណុច​លេខ​២ ត្រេ​ទី​២ បាន​ចែងថា អនុប្រធាន​មន្ទីរជំនាញ​រាជធានី ខេត្ត ឬ​ថ្នាក់​ប្រហាក់ប្រហែល ត្រូវមាន​ចំនួន​ច្រើន​បំផុត​ត្រឹម​៣(​បី​)​រូប ។​ឥឡូវនេះ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង រួមទាំង​ប្រពន្ធ​លោក ងួន រតន​: មាន​ដល់​ចំនួន​៤​រូប​លើសពី​ចំនួន​ដែល​ច្បាប់​ជាតិ​កំណត់​។​ទី​២. ឈ្មោះ ងួន វិបុល ជា​អភិបាលរង​នៃ​គណៈ​អភិបាល ស្រុក​បាណន់ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។​ទី​៣. ឈ្មោះ សយ សេរី ជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​កំរៀង​។​ទី​៤. ឈ្មោះ ស៊ី ដា​រ៉ូ ជា​ប្រធានការិយាល័យ​រដ្ឋបាល​នៅ​មន្ទីរ​ដែនដី នគររូបនីយកម្ម​និង​សំណង់ ខេត្តបាត់ដំបង​។​៥. ឈ្មោះ ទី គឹម​ហេង ជា​អនុប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​បាត់ដំបង​និង
៦. ឈ្មោះ ហូ លន់​សីហា ជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​បាណន់​។​


​មន្ត្រី​បាន​ឲ្យ​ដឹងថា ក្រៅ​មានការ​តែងតាំង​ប្រពន្ធ និង​សាច់ឈាម​ដូចដែល​មានឈ្មោះ ខាងលើ​នោះ គឺ​នៅ​មានការ​ស៊ុមគ្រលុំ​គ្នា​តែងតាំង​មន្ត្រីរាជការ​ទ្បើង​តោង​តាម​ជើងខោ​អភិបាលខេត្ត​បាត់ដំបង​ជាច្រើន​នាក់​ទៀត​។​
​ទាក់ទង​ករណី​ខាងលើនេះ​លោក​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា នេះ​ថា ចំពោះ​ករណីនេះ លោក​កំពុង​រៀបចំ​ធ្វើការ​បំភ្លឺ​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។ លោក​បាន​បញ្ជាក់ថា ចំពោះ​ការតែងតាំង​នេះ គឺ​អ្នកខ្លះ​តែងតាំង​តាំងពី​លោក​មិនទាន់​ឡើងជា​អភិបាលខេត្ត ម្ល៉េះ​។​


​អភិបាលខេត្ត​បាត់ដំបង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​កំពុង​រៀបចំ​ឯកសារ​ធ្វើការ​បំភ្លឺ​ទៅ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​លើ​រឿងនេះ ពីព្រោះ​ការប្រើ​ពាក្យ​មិន​ប្រក្រតី​វា​ប៉ះពាល់​ដែរ ។​រាល់​ការតែងតាំង គឺមាន​ការសុំ​គោលការណ៍​ទៅ​ក្រសួងសុខាភិបាល ក្រសួង​មុខងារសាធារណៈ តែ​ប៉ះ​សាច់ញាតិ​ទៅ​វា​អ៊ីចឹង​ឯង​។ អ្នកខ្លះ​តែងតាំង​តាំងពី​២០១០ និង​អ្នកខ្លះ​តែងតាំង​តាំងពី​ឆ្នាំ​២០១៦ តាំងពី​ខ្ញុំ​មិនទាន់​ឡើងជា​អភិបាលខេត្ត​។ តែងតាំង​ខ្លះ​ប្រាំ​ឆ្នាំមុន​ក៏មាន ១០​ឆ្នាំមុន​ក៏មាន តាំងពី​ខ្ញុំ​នៅ​មិនទាន់​ឡើងមក​ម្ល៉េះ​”​។​


​លោក​ងួន រតនៈ បាន​បញ្ជាក់ថា ការបំភ្លឺ​លើ​ករណី​ខាងលើនេះ គឺ​លោក​ធ្វើការ​បំភ្លឺ​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​៕​សរន​