ផ្ទុះ​អំពើហិង្សា​ជាថ្មី សម្លាប់​មនុស្ស​៨៩​នាក់ នៅ​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន់​ម៉ា​

1119
ចែករម្លែក

​ក្រុម​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បាន​និយាយថា​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​សីហា​ថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៨៩​នាក់​ដោយ​រួមទាំង​កងសន្តិសុខ​ចំនួន​១២​នាក់ ត្រូវបាន​សម្លាប់ នៅពេលដែល​ក្រុម​ជន​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា បាន​វាយប្រហារ​និង​ឡោមព័ទ្ធ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ជាច្រើន​នៅ​រដ្ឋ​រ៉ា​ឃី​ន ដោយ​បណ្តាលឱ្យមាន​ជនភៀសខ្លួន​ជាច្រើន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​។

​រដ្ឋ​រ៉ា​ឃី​ន មានការ​បែកបាក់​គ្នា​ដោយសារ​និយម​សាសនា​ជ្រុល ដោយ​ការចាប់អារម្មណ៍​ខ្លាំង​លើ​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ក្រុម​ជន​ចំណាកស្រុក​ខុសច្បាប់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ភាគច្រើន​កាន់សាសនា​ព្រះពុទ្ធ​នេះ​។​

​ការិយាល័យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​មី​យ៉ាន់​ម៉ា បាន​និយាយថា មន្ត្រី​សន្តិសុខ​១២​នាក់ បាន​ស្លាប់ ហើយ ជន​សកម្មប្រយុទ្ធ​៧៧​នាក់​ត្រូវបាន​សម្លាប់​។​

​ការ​វាយ​ប្រយុទ្ធ កាលពី​ថ្ងៃ​សុក្រ​នោះ បានកើត​ឡើង​នៅ​ជិត​ទីក្រុង រដ្ឋ​ដួង (Rathedaung) ជាទី​ដែល​គេ​ឃើញ​មាន​កងទ័ព​មី​យ៉ាន់​ម៉ា​ដ៏​ច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ។​

​កងទ័ព​មី​យ៉ាន់​ម៉ា​បាន​និយាយថា ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ប៉ូលិស​ចំនួន​២០ ត្រូវបាន​វាយប្រហារ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ដោយ​ក្រុម​ឧ​ទ្ធា​ម​ប្រហែល​១៥០​នាក់ ។​

​លោក មិន អ៊ុង លាំង (Min Aung Hlaing) អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​កងទ័ព​និង​ប៉ូលិស បាន​វាយប្រហារ​ត​តប​វិញ​ប្រឆាំង​ក្រុម​ជន​សកម្មប្រយុទ្ធ​ភេរវកម្ម​នេះ​”៕ ដោយ៖ សុខា

​កងទ័ព​មី​យ៉ាន់​ម៉ា ស្ថិតនៅ​រដ្ឋ​រ៉ា​ឃី​ន