ផ្ទេរ​ប្រគល់​តំណែង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នៅ​ថ្ងៃទី​៣០​មិថុនា​

.​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា នឹងត្រូវ​ទទួល​តំណែង​ជា​អគ្គមេបញ្ជាការ​ស្តីទី​ .​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នឹង​ទទួល​តំណែង​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្តីទី​

2276
ចែករម្លែក
  • 1.1K
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ពិធី​ផ្ទេរ​ប្រគល់​តំណែង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​សាលប្រជុំ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ ព្រឹត្តិការណ៍​នេះ ក៏​ព្រោះតែ​ឥស្សរជន​ជា​ថ្នាក់ដឹកនាំ​ក្នុង​ស្ថាប័ន​នេះ​មួយចំនួន បាន​ឈរឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ ដែល​ចាំបាច់​លោក​ត្រូវ​ព្យួរ​ឈ្មោះ ជាមុនសិន​ទៅតាម​ការកំណត់​របស់​ច្បាប់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា​តាម​ទូរស័ព្ទ ថា ពិតជា​មាន​ពិធី​ផ្ទេរ​ប្រគល់​តំណែង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នៅ​ថ្ងៃទី​៣០ ខែមិថុនា ពិតប្រាកដ​មែន​។ ប៉ុន្តែ​សមាសភាព​ថ្នាក់ដឹកនាំ​ណាខ្លះ​នោះ​លោក​មិនទាន់​ដឹង​ទេ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ធ្លាប់បាន​បញ្ជាក់ប្រាប់រ​ស្មី​កម្ពុជា​ថា ពិធី​ផ្ទេរ​ប្រគល់​តំណែង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋា​ន​កងទ័ពជើងគោក គឺមាន​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល សារឿន និង​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម​។ ពិធី​នេះ​នឹងធ្វើ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា “​ទាល់តែ​ថ្ងៃទី​៣០ ខែមិថុនា បាន​គេ​ប្រកាស​។ អ្នក​ដែល​សុំច្បាប់​ពិសេស​គេ (​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម និង​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល សារឿន​) សុំ​នៅ​ថ្ងៃទី​៣០ មិថុនា​”​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា (រូប: ខ្លីៗ)

​ប្រ​តាម​ប្រភព​ច្បាស់​ការណ៍ និង​អាច​ជឿទុកចិត្ត​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា នឹងត្រូវ​ទទួល​ភារកិច្ច​ជា​អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី​អគ្គបញ្ជាការដ្ឋាន និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្តីទី​។​ ​

​សូមបញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែលជា​នាយរង​សេនាធិការ​ចម្រុះ បានទទួល​ភារកិច្ច​ជា​នាយសេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្តីទី គឺ​ក្រោយពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង និង​នាយសេនាធិការ​ចម្រុះ បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦​។ ដូចគ្នានេះដែរ​ការដែល​លោក​បាន​ឡើង​ពី​មេបញ្ជាការរង​កងទ័ព​ជើងគោក ទៅជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្ដីទី គឺ​ក្រោយពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​។​

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវបាន​ប្រគល់​ភារកិច្ច​ធ្វើជា​អគ្គមេបញ្ជាការ​ស្ដីទី នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន គឺ​ក្រោយពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នេះ​។ ការ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ គឺ​តម្រូវ​ឲ្យ​លោក ត្រូវ​ព្យួរ​តំណែង​សិន ព្រោះ​ច្បាប់​បាន​កំណត់ថា យោធា ត្រូវតែ​ព្យួរ​ឈ្មោះ ឬ​តំណែង​ជាមុនសិន មុន​ឈរឈ្មោះ​បោះឆ្នោត​៕ ល​