ផ្ទៃក្នុង​កាន់តែ​វាយប្រហារ រីឯ​អន្តរជាតិ​មិន​និយាយ​ដល់​សមរង្ស៊ី​ឡើយ​!

532
ចែករម្លែក

​ក្រុម​លោក​កឹម​សុខា​បាន​បន្ត​វាយប្រហារ​លើ​ទណ្ឌិត​សមរង្ស៊ី ខណៈដែល​ក្រុម​សមរង្ស៊ី គ្រោង​នឹងយក​ថ្ងៃទី​៩​វិច្ឆិកា ប្រកាសថា នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​ដើម្បី​គ្រាន់តែ​ទាញ​ការចាប់អារម្មណ៍ ប៉ុណ្ណោះ​។​
​ ​
​ថ្មីៗ​នេះ កូនស្រី​កឹម​សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា បាន​លើកឡើងថា ការប្រកាស​ចូល​ស្រុក​របស់ លោក សម រង្ស៊ី គ្រាន់តែ​ជាការ​បង្កើត​ព្រឹត្តិការណ៍ ដើម្បី​ឲ្យ​មនុស្ស​ជជែក​អំពី​គាត់​តែប៉ុណ្ណោះ​។ រឿងនេះ គឺធ្វើឡើង​ដោយ​ក្រុមមនុស្ស ដែល​មិន​បានធ្វើ​អ្វី​សោះក្នុង​ពីរ​ឆ្នាំនេះ តែ​ប្រើល្បិច ដើម្បី​ឲ្យ​គេ​ចុះផ្សាយ​ពី​ខ្លួន​។

​កញ្ញា កឹម មនោ​វិទ្យា អតីត​អគ្គនាយករង​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វី​អូ​ឌី​( VOD )​ដែល​បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ ថា «​គ្មាន​ផែនការពិត​ប្រាកដ សម្រាប់​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់ ដើម្បី​វិល​ត្រឡប់មក ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា​នោះទេ​»​។​

​កញ្ញា​បាន​ឲ្យ​ដឹង​តាមរយៈ​សារ​ជា​អេឡិចត្រូនិក​ថា វា​គ្រាន់តែ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍ ថ្មី​មួយទៀត ពី​អ្នក​ដែល​មិន​បានធ្វើ​អ្វី​សោះ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ ក្រៅ តែ​ពី​បង្កើត​រឿង ទាក់ទាញ​ចំណាប់អារម្មណ៍ ដើម្បី​ព័ត៌មាន​ចុះផ្សាយ​។ ពួកគេ​ចាត់ទុក​បណ្តាញ​ព័ត៌មាន និង​អ្នកគាំទ្រ របស់ខ្លួន ជា​មនុស្ស​ល្ងីល្ងើ​ម្តង​ហើយ​ម្តងទៀត​។​

​កញ្ញា កឹម មនោ​វិទ្យា បាន​ប្រាប់ VOD បន្ថែមទៀតថា ឆាកជីវិត​នយោបាយរ​ប​ស់លោក សម រង្ស៊ី ដែលជា​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​កំពុង​និរទេស​ខ្លួន​នោះ គឺ​ចប់​អស់ហើយ ដោយសារតែ​លោក​សមរង្ស៊ី ខ្វះ​ការប្តេជ្ញាចិត្ត ធ្វើការ​សម្រេចចិត្ត​ភ្លាមៗ បែប​អត្តនោម័ត ហើយ សំខាន់​ជាងនេះទៅទៀត គឺ​លោក​សមរង្ស៊ី ខ្វះ​ទស្សនវិស័យ​បែប​យុទ្ធសាស្ត្រ​។
​ ​
​ជាមួយគ្នានេះ​កាលពី​ថ្ងៃទី​២១ ខែតុលា ក្រុម​លោក​កឹម​សុខា ក្នុងនាម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​ចាត់ទុកថា ក្រុម​សមរង្ស៊ី ជា​ក្រុម​អ្នកនយោបាយ​ក្រៅ​បក្ស ដោយបាន និង​កំពុង​ញុះញង់​បង្ក​ឲ្យ​ប្រើ​វប្បធម៌​ហិង្សា​និង​ការប៉ុនប៉ង​ឈានទៅ​ការ​គ្របគ្រង​អំណាច តាមបែប​បដិវត្តន៍​ហិង្សា និង​មិន​តាម​មធ្យោបាយ​ប្រជាធិបតេយ្យ​។​

​សេចក្តីថ្លែងការណ៍ បាន​គូសបញ្ជាក់ថា «​ក្រុម​អ្នកនយោបាយ​មួយចំនួន រួម​នឹង​សមាជិក​គណៈអចិន្ត្រៃយ៍​មួយចំនួន បានសម្រេច​ជ្រើសរើស​គោលជំហរ​ហិង្សា ដោយបាន​ប្រកាស​ពី​ការ​ផ្តួល រំលំ​រដ្ឋាភិបាល​និង​ការជេរប្រមាថ​ព្រះមហាក្សត្រ ដែល​ផ្ទុយ​ពី​គោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​ឯកឧត្តម​ប្រធាន កឹម សុខា ទាំងស្រុង​។ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលខុសត្រូវ ចំពោះ​សកម្មជន​មួយចំនួន ដែល​បាន​លង់ខ្លួន​ចាញ់បោក​ប្រាស់ និង​ការអុជ​អាល​របស់​ជន​ក្រៅ បក្ស​ឡើយ​។ លទ្ធផល ជាក់ស្តែង បានបង្ហាញ​យ៉ាងច្បាស់​ថា អ្នក​ហិង្សានិយម​ត្រូវ​ប្រឈមមុខ នឹង​ច្បាប់ អ្នក​ដែល​រួមគំនិត ត្រូវបាន​ចោទប្រកាន់ ត្រូវបាន​ចាប់ខ្លួន និង​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ រង់ចាំ​ការជំនុំជម្រះ​ក្តី​»​។​

​ក្រៅពី​ការមិនគាំទ្រ​ពី​ផ្ទៃក្នុង យើង​មើល​សហគមន៍​អន្តរជាតិ​វិញ គឺ​មកដល់​ថ្ងៃទី​២៥ ខែតុលា​នេះ ហើយ​មិនមាន​អន្តរជាតិ ពិសេស​ប្រទេស​មហាអំណាច​ណាមួយ ប្រកាស​គាំទ្រ​ផែនការ​វិល ត្រឡប់​របស់លោក​សម​រង្ស៊ី ដែលជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ឈានទៅ​ការគ្រប់គ្រង​អំណាច តាមបែប​បដិវត្តន៍​ហិង្សា នា​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នោះឡើយ​។​

​ជាក់ស្តែង ទូត​មហាអំណាច ដូចជា អាម៉េរិក អាល្លឺម៉ង់ និង​ទូត​ជប៉ុន ដែល​ទើបតែ​ផ្លាស់​ចូលកាន់ តំណែង​នៅ​កម្ពុជា គឺ​នៅក្នុង​ជំនួប​ទ្វេភាគី ដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់​ជាមួយ​សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែតុលា ឯកអគ្គរដ្ឋទូត​ទាំងនោះ​មិនបាន​លើកឡើង​សូម្បី​តែមួយ​ម៉ាត់​ពី​ឈ្មោះ​សមរង្ស៊ី​ឡើយ​។​

​ផ្ទុយទៅវិញ ទាំង​ទូត​ជប៉ុន ទាំង​ទូត​អាល្លឺម៉ង់ និង​ទាំង​ទូត​អាម៉េរិក​សុទ្ធតែ​បានបញ្ជាក់​ពី​ការបន្ត គាំទ្រ​កម្ពុជា និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។ កម្ពុជា ដែល​បាន និង​កំពុង ហើយក៏​នឹង​បន្ត​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
​ ​
សរុបមក សូម្បីតែ​ផ្ទៃក្នុង​ក៏មាន​វាយប្រហារ និង​ជំទាស់​នឹង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​របស់​ទណ្ឌិត សម រង្ស៊ី តាមរយៈ​គម្រោង​វិលត្រឡប់​នៅ​ថ្ងៃទី​៩​វិច្ឆិកា​ខាងមុខ​ទេ​។ រីឯ​សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋ​អាម៉េរិក ដែល​បក្សប្រឆាំង តែងតែ​សង្ឃឹម ក៏​មិន​លើកឡើង​ពី​សមរង្ស៊ី​ផង​នោះ តែ​ឲ្យ​សមរង្ស៊ី និង​បក្ខពួក វិលត្រឡប់​ចូលមក ជាប់គុក​នៅ​កម្ពុជា តាម​វិធី​ណា​ទៅ​?
​ ​
ដូច្នេះ​មានតែ​លោក​សមរង្ស៊ី​បន្ត​បោកប្រាស់​អ្នកគាំទ្រ​មួយចំនួន​នៅក្នុង​ស្រុក​ឲ្យ​ជាប់គុក​ជំនួសទៀតហើយ​លើក​នេះ​។​ក៏មាន​ឱកាស​ប្រមូល​លុយ​ក្រោម​ស្លាក​បម្រើ​សកម្មភាព​មាតុភូមិ​និវត្ត​ក៏​មិន​ស្ទើរ​ដែរ​៕ ដោយ​: ម៉េង​ឆៃ​/Ha