ផ្ទៃដី​ស្រូវប្រាំង​នៅ​ឃុំ​៣​ក្នុងស្រុក​កំពង់លែង​ជួប​បញ្ហា​ខ្វះ​ទឹកតែ​មន្ត្រី​និង​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទាន់ពេល​

412
ចែករម្លែក
  • 51
    Shares

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ឆ្នាំនេះ​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង​ធ្វើឱ្យ​ផ្ទៃដី​ស្រូវប្រាំង​មួយចំនួន​នៅក្នុង​ឃុំ​៣​របស់​ស្រុក​កំពង់លែង​ជួបនឹង​បញ្ហា​ខ្វះ​ទឹក​។​លោក​សំ​ចាន់ថន​អភិបាលស្រុក​កំពង់លែង​បានឱ្យដឹងថា​ឆ្នាំនេះ​ប្រភពទឹក​មួយចំនួន​ត្រូវបាន​រីង​រាក់​ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំង ធ្វើឱ្យ​ដំណាំ​ស្រូវប្រាំង របស់​ប្រជាកសិករ​នៅក្នុង​ឃុំ​៣​គឺ​ឃុំ​ដារ ឃុំ​ច្រ​ណូ​ក និង ឃុំ​សំរោង​សែន​ជួបនឹង​គ្រោះ​ទឹក​។​

​ប៉ុន្តែ​ករណីនេះ​រដ្ឋបាល​ស្រុក​កំពង់លែង​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​មន្ត្រី​ក្រុមការងារ​បានផ្តល់​ជាស​ប្រេង​និង​បញ្ជូន​ម៉ា​ស៊ី​បូមទឹក​ខ្នាត​ធំ​បូមទឹក​ពី​ទន្លេ​ដាក់ចូល​ទៅក្នុង​អាង​និង​ប្រឡាយ​ដើម្បី​ស្រោច​ស្រ​ព្វ​សង្គ្រោះ​ដំណាំ​ទាំងនោះ​។​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​ដំណាំ​ស្រូវ​នៅលើ​ផ្ទៃដី​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែល​រង​នូវ​ការខូចខាត​មិន​អាចជួយ​សង្គ្រោះបាន ដោយសារ​ខ្វះ​ប្រភពទឹក​។​

​លោក​សំ ចាន់ថន បានឱ្យដឹង​ទៀតថា​ចំពោះ​ទឹក​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​វិញ នៅក្នុង​ស្រុក​កំពង់លែង​មិនមាន​បញ្ហា​ចោទ​ឡើយ​។ ពីព្រោះ​នៅតាម​មូលដ្ឋាន​ភូមិ ឃុំ​ទាំងអស់ មាន​ទំនប់​និង​អាង​ស្តុក​ទឹក​ធានា​នូវ​ការប្រើប្រាស់​បាន​គ្រប់គ្រាន់​។​

​សូមបញ្ជាក់ថា​នាឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្តន៍​ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​២៦
​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានស្នើ​ដល់​មន្ដ្រី​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​ប្រភពទឹក​នានា​នៅក្នុង​មូលដ្ឋាន​ដើម្បី​មាន​វិធានការ​ថែរក្សា​ការពារ សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​ផ្អែក​តាម​ការព្យាករណ៍​ឆ្នាំនេះ​ប្រទេស​កម្ពុជា​អាចមាន​អាកាសធាតុ​ក្តៅ​ហួតហែង ហើយ​រដូវប្រាំង ក៏​អូសបន្លាយ​យូរ​ជាង​ឆ្នាំមុនៗ​ផងដែរ​។ ប្រឈមមុខ​ចំពោះ​បាតុភូតធម្មជាតិ​នេះ រដ្ឋបាលខេត្ត ត្រូវ​ដឹកនាំ​សម្របសម្រួល ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ត្រួតពិនិត្យ​ប្រភពទឹក​នានា នៅក្នុង​មូលដ្ឋាន​ទាំង​ប្រភពទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​និង​សម្រាប់​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​ផងដែរ​៕S/