ផ្ទៃដី​ស្រូវវស្សា​នៅ​បន្ទាយមានជ័យ​ជាង ១.៣​ម៉ឺន​ហិកតា​ឈានទៅ​ខូចខាត​

739
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ផ្ទៃដី​ស្រូវវស្សា​នៅ​ខេត្តបន្ទាយមានជ័យ​ជាង ១.៣​ម៉ឺន​ហិកតា ឈានទៅ​ខូចខាត​ហើយ​ក្នុងចំណោម​ផ្ទៃដី​ជាង​៤​ម៉ឺន ដែល​រង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត មកទល់​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩​កន្លងមក​។​

​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២២​ខែសីហា​ថា មួយរយៈ​ចុងក្រោយ​នេះ មាន​របាយ​ទឹកភ្លៀង​ឡើងវិញ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រុង​ទាំង​៩ នៃ​ខេត្ត​នេះ​មែន ប៉ុន្តែ​មិនត្រូវ​ចំទាំង​អស់ នៃ​ផ្ទៃ​ដីស្រែ​ដែល​ផលប៉ះពាល់ និង​ខូចខាត​កន្លងមក​ទេ​។​

​ក្នុងចំណោម​ផ្ទៃដី​ស្រូវវស្សា​រង​ផលប៉ះពាល់​ជាង​៤​ម៉ឺន​ហិកតា មាន​ផ្ទៃដី​ជាង​១.៣​ម៉ឺន​ហិកតា បាន​ឈានទៅ​រង​ការខូចខាត​ហើយ​។ ក្នុងនោះ​ស្រូវ​ខ្លះ​បាន​ស្វិត​ងាប់ និង​ខ្លះទៀត​ទោះ​ជាមាន​ទឹកភ្លៀង​ត្រូវចំ​ខ្លះ ហើយ​រស់​ឡើងវិញ ក៏​នៅតែ​ទុកជា​ខូចខាត​ព្រោះ​ជា​ស្រូវស្រាល និង​ស្រូវកណ្តាល​ដែល​មិនអាច​លូតលាស់ និង​មិនអាច​ធ្វើខ្លួន​និង​ត្រៀម​ចេញ​ផ្កា​ផ្លែ​បាន ត្បិត​យឺត​រដូវ​ហើយ​។​

​ចំណែក​ពូជស្រូវ​វារ​ជា​ពូជ​ស្រូវធ្ងន់​នៅ​តំបន់​ក្រោម​នៃ​ស្រុក​មង្គល​បូរី​និង​ស្រុក​ព្រះនេត្រព្រះ ដែល​រង​ផលប៉ះពាល់​ជាង​១​ខែ​មកហើយ ក៏​ប្រឈម​នឹង​ខូចខាត​ដែរ បើទោះបីជា​រយ​:​ពេល​ដើមដង​ស្រូវ​លូតលាស់ ធ្វើខ្លួន​និង​ចេញ​ផ្កា​ផ្លែ​នៅពេល​យូរ​ទៀត​ក្តី ។​

​សូមបញ្ជាក់ថា កាលពីដើម​ដល់​ពាក់កណ្តាល​ខែសីហា​ឆ្នាំ​២០១៩ កន្លងមក នៅ​ខេត្តបន្ទាយមានជ័យ ក៏មាន​ភ្លៀង​ធ្លាក់​ឡើងវិញ​នៅ​ស្រុកភូមិ វាលស្រែ​ចម្ការ​ខ្លះៗ ឡើងវិញ ប៉ុន្តែ​មិនត្រូវ​ចំ​វាលស្រែ​ដែល​រង​ផលប៉ះពាល់ និង​ខូចខាត​ទាំងអស់​នោះឡើយ​។​

​កម្រិត​ទឹកភ្លៀង​រាយប៉ាយ​ក​ម្រឹត​មធ្យម​និង​បង្គួរ ក៏​មិនអាច​ឲ្យ​មានទឹក​ដក់​គល់​ស្រូវ​នោះទេ​។ គឺ​បាន​ត្រឹម​ជួយ​ស្រូវ​ដែល​ផលប៉ះពាល់ អាច​រស់​ឡើងវិញ តែ​មិនអាច​លូតលាស់​មាន​ដើមដង​ល្អ​ឡើយ​។ ឯ​ត្រង់​វាលស្រែ​ស្រូវ​ដែល​ខូចខាត ក៏​មិនទាន់​អាច​យក​ពូជ​ទៅ​ដាំ​ដុះ​ស្តារ​នៅឡើយ​ដែរ​។​

​យោង​របាយការណ៍​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹងថា ពី​ដើម​វគ្គ​ដល់​សប្តាហ៍​មុន ក្នុង​ខេត្ត​នេះ ដំណាំ​ស្រូវ​រង​ប៉ះពាល់​កើន​ដល់​ជាង​៤​ម៉ឺន​ហិកតា លើ​ផ្ទៃដី​ដំណាំ​ស្រូវ ដែល​អនុវត្តបាន​ជាង​២.៥​សែន​ហិកតា នៅ​៣៨​ឃុំ​សង្កាត់​លើ​៦៥ នៃ​គ្រប់​ស្រុក​ក្រុង​។​

​កន្លងមកនេះ ក្នុង​ចំ​ណៅ​ម​ផ្ទៃដី​ស្រូវ​ដែល​អនុវត្តបាន និង​រង​ប៉ះពាល់ គឺ​នៅ​ស្រុក​មង្គល​បូរី​អនុវត្តបាន​ក៏​ច្រើនជាងគេ ប៉ះពាល់​ក៏​ច្រើនជាងគេ​។ បន្ទាប់មក​ក្រុង​សិរីសោភ័ណ ស្រុក​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ​ស្រុក ស្វាយចេក​។ ប៉ុន្តែ​នៅ​ស្រុក​មង្គល​បូរី ផ្ទៃដី​ស្រូវ​មួយចំនួន​ក្នុងចំណោម​ជាង​១​មឺ​ន​ហិកតា ដែល​រង​ផលប៉ះពាល់ ក៏​ទទួលបាន​ទឹកភ្លៀង​និង​ទឺ​ក​ពី​ស្ទឹង​មង្គល​បូរី និង​ពី​ប្រព័ន្ធ​ប្រឡាយ​នានា​ឡើងវិញ​។​

​ចំណែក​នៅ​ស្រុក​ផ្សេងទៀត ទោះ​មាន​ឬ​គ្មាន​ប្រព័ន្ធ​ប្រឡាយ ក៏​គ្មាន​ទឹក​ស្រោចស្រព​ឡើយ គឺ​ត្រូវ​រង់ចាំ​ទឹកភ្លៀង​ពី​មេឃ​ដដែល​។​

​ដោយឡែក សម្រាប់​ការប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វិញ លោក​ប្រធាន​មន្ទីរ​និយាយថា មកទល់​ថ្ងៃទី​២២​ខែសីហា ការប្រមូល​ផល​បាន​ប្រមាណ​១០​ភាគរយ នៃ​ផ្ទៃដី​ដែល​អនុវត្តបាន​៦​ម៉ឺន​ហិកតា ហើយ​ទិន្នផល​និង​តម្លៃ​ក៏​ល្អ​នៅឡើយ​៕ ល​

#