ផ្ទៃដី​ស្រូវ ខ្វះ​ទឹក មាន​ចំនួន កាន់តែ​ច្រើនឡើង នៅ​កំពង់ចាម​

1188
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ដំណាំ​ស្រូវ​ខ្វះ​ទឹក នៅ​ទូទាំងប្រទេស បាន​កើន​ដល់​ជាង បី​ម៉ឺន​ហិកតា កំពុង​ត្រូវបាន​ជួយ​សង្គ្រោះ នៅ​កន្លែង​មាន​ប្រភពទឹក​។ ឯ​កន្លែង​គ្មាន​ប្រភពទឹក ស្រូវ​មួយចំនួន បាន​ខូច​ហើយ​។ ខេត្តកំពង់ចាម មាន​ស្រូវ​ខ្វះ​ទឹក ដល់​ជាង​មួយ​ម៉ឺន​ហិកតា​។​

លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​ក្រុមការងារ​ជួយ​បូមទឹក​ដាក់​ស្រែ​

​ ​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១២ វិច្ឆិកា​ថា ផ្ទៃដី​ដំណាំ​ស្រូវវស្សា ដែល​រង​ផលប៉ះពាល់​ពី​ភាព​រង​ស្ងួត នៅ​ចុងរដូវ បាន​កើន​ឡើងជា​លំដាប់ ដែល​មកដល់ពេលនេះ មាន​ចំនួន​ប្រមាណ ១៥.០០០ ហិកតា​ហើយ​។ ស្រូវ​ជាង ៤.០០០ ហិកតា នៅក្នុង​ចំនួន​ជាង​មួយ​ម៉ឺន​ហិកតា​នេះ មិន​អាចជួយ​សង្គ្រោះបាន​ដោយសារ​គ្មាន​ប្រភពទឹក ។​

​ ​លោក​អភិបាលខេត្ត ដែល​បាន​ចុះជួយ​បូមទឹក​ដាក់​ស្រែ​របស់​ប្រជាកសិករ បាន​បញ្ជាក់ថា ប្រភពទឹក​ខ្លះ ត្រូវ​បាន​​បូម​រីង​អស់ហើយ​។ ប្រជាកសិករ បាន​ដណ្តើម​ទឹក​គ្នា​ដាក់​ស្រែ ម៉ាស៊ីន​អន្តរាគមន៍​បូម​ដាក់​ប្រឡាយ មិន​ទាន់​ការ​បូម​ដាក់​ស្រែ ដោយសារ​តម្រូវការ​ទឹក​មាន​ច្រើន ។ កន្លែង​ខ្លះ កសិករ​បាន​ដឹក​ទឹក​តាម​ឡាន យកទៅ​បង្ហូរ​ដាក់​ស្រូវ ជិត​បាន​ផល​។ ស្រូវ​ប៉ះពាល់​ពី​ភាពរាំងស្ងួត​នេះ នៅមាន​ការកើនឡើង​ថែមទៀត ប្រសិនបើ​គ្មាន​ភ្លៀង ធ្លាក់​មក​សោះ​នោះ​។​

​លោក​ចាន់ យុ​ត្ថា ចុះជួយ​អន្តរាគមន៍​បូមទឹក​នៅ​ខេត្ត​បន្ទាយ​មាន​ជ​យ័​

​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១២ វិច្ឆិកា​ថា ភ្លៀង​រដូវវស្សា ធ្លាក់​ចុះខ្សោយ នៅ​ចុងរដូវ ធ្វើ​ឲ្យ​ដំណាំ​ស្រូវ នៅក្នុង​ខេត្ត​ជាច្រើន ប្រឈម​ការខ្វះ​ទឹក​ពេលនេះ ក្រុមការងារ​អន្តរាគមន៍​របស់​ក្រសួង កំពុង​ជួយ​បូមទឹក​ដាក់ នៅតាម​តំបន់​ដែលមាន​ប្រភព​ទឹក​។​
​ ​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​បញ្ជាក់ថា ភ្លៀង​រដូវ​សម្រាប់​ឆ្នាំនេះ អស់ហើយ ឯ​ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​ពី​ការខ្វះ​ទឹក បាន​កើន​ឡើងដល់​ចំនួន​ប្រមាណ​ជា ៣៣.០០០ ហិកតា នៅក្នុង​នេះ នៅ​ខេត្ត​កំពង់ចាម មានការ​ប៉ះពាល់​ច្រើនជាងគេ​គឺជា​ង ១៤.០០០ ហិកតា ដែល​មកដល់ពេលនេះ សង្គ្រោះបាន​ជាង​៦.០០០ ហិកតា​ហើយ​។​
​ ​លោក​ចាន់ យុ​ត្ថា បាន​និយាយថា ស្រូវវស្សា​ដែល​ប្រឈម​ការខ្វះ​ទឹក កំពុង​ត្រូវបាន​ជួយ​អន្តរាគមន៍​បូមទឹក​ដាក់ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ចល័ត និង​ម៉ាស៊ីន​នៅតាម​ស្ថានីយ​។ ម៉ាស៊ីនបូមទឹក​ទាំង​តូចធំ និង​មធ្យម​ដែល​ក្រសួង មាន​ចំនួន​ជាង ៤០០ គ្រឿង រក្សាទុក​នៅតាម​មន្ទីរ​នានា បានចេញ​អន្តរាគមន៍​។ នៅ​ក្រសួង​ពេលនេះ នៅសល់​ម៉ាស៊ីន​ប្រមាណ​ជា ៥០ គ្រឿង បាន​ត្រៀម​សម្រាប់​ចេញ​អន្តរាគមន៍ នៅ​ខេត្ត​ណា ដែល​ត្រូវការ​៕សរន

លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​ក្រុមការងារ​ជួយ​បូមទឹក​ដាក់​ស្រែ​
#