ផ្ទះ​ជាង​៧០០​ខ្នង ខូចខាត នៅពេល​ខ្យល់ព្យុះ​ហា​តូ បក់បោក​ខ្លាំង​នៅ​វៀតណាម ភាគ​ខាងជើង​

958
ចែករម្លែក

​ខ្យល់ព្យុះ​ដែលមាន​ភ្លៀង​ធ្លាក់​និង​ផ្គរ​រន្ទះ​ខ្លាំង ដែល​បាន​កើតឡើង​បន្ទាប់ពី​មាន​ខ្យល់ព្យុះ​ហា​តូ​(Hato)​បាន​បំផ្លាញ​ផ្ទះ​៣ និង មនុស្ស​ម្នាក់ បាន​រងរបួស នៅ​ទីក្រុង​សា​ប៉ា ប្រទេស​វៀតណាម ខណៈដែល​ផ្ទះ​ជាង​៧០០​ខ្នង បាន​ខូចខាត នៅ​ខេត្ត​ឡា​ខាយ តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស​នេះ​។​

​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​វៀតណាម បាន​និយាយថា ខ្យល់ព្យុះ​នេះ បាន​បង្ក​ការខូចខាត​ខ្លាំង កាលពី​ល្ងាច​ថ្ងៃ​ពុធ នៅ​ខេត្ត​នេះ​។​

​ខ្យល់ព្យុះ​នេះ បាន​បក់​ប៉ើង​ដំបូលផ្ទះ​ចំនួន​៧៤២​ខ្នង និង សាលារៀន​ជាច្រើន បាន​ខូចខាត ហើយ​ផលដំណាំ​ស្រូវ​៩០​ហិកតា និង​ផលដំណាំ​ផ្សេងៗ​ជាច្រើន ត្រូវបាន​បំផ្លាញ ដោយ​ខ្យល់ព្យុះ​នេះ ។​

​ភ្លៀង​ធ្លាក់​ខ្លាំង ក៏បាន​បង្ក​បំណាក់​ដី​ផងដែរ នៅ​ខេត្ត​ឡាយ​គូ​ដែល​ស្ថិតនៅ​ជិត​ខេត្ត​ឡា​ខាយ នេះ ។ មានការ​ព្យា​ការណ៍​ថា ភ្លៀង​ធ្លាក់​កម្ពស់​២០០​មិ​លី្ល​ម៉ែត្រ នឹង​មាននៅ​តំបន់​នេះ​រហូតដល់​ថ្ងៃ​សុក្រ ដែល​អាច​បង្កឱ្យមាន​ទឹក​ជំនន់​និង​បំណាក់​ដី​។​

​ខ្យល់ព្យុះ​ហា​តូ​នេះ ក៏បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១២​នាក់​ផងដែរ​នៅ​ទីក្រុង​ម៉ា​កាវ និង នៅ​ប្រទេស​ចិន ភាគខាងត្បូង កាលពី​ថ្ងៃ​ពុធ​៕ ដោយ៖ សុខា

ផ្ទះ​ជាង​៧០០​ខ្នង បាន​ខូចខាត នៅ​ខេត្ត​ឡា​ខាយ