ផ្ទះ​តោ​ត្រូវគេ​រកឃើញ​នៅ​សណ្ឋាគារ​មួយ​នៅ​អង់គ្លេស​

323
ចែករម្លែក

Lion Lodge (​ផ្ទះ​តោ​) នៅ​សណ្ឋាគារ Port Lympne Hotel & Reserve ស្ថិតក្នុង​តំបន់​ខេន (Kent) ប្រទេស​អង់គ្លេស ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ស្រលាញ់​ធម្មជាតិ​ជាពិសេស​អ្នក ស្រលាញ់​ស្ដេច​ពិឃាដ​លើគោក ព្រោះ​ភ្ញៀវ​មានឱកាស​គេង ចម្អិន​អាហារ និង​សូម្បី​ងូតទឹក កៀក​ហ្វូង​តោ​ដែល​នៅ​ចម្ងាយ​ពីគ្នា​តែ​ប៉ុន្មាន​សង់ទីម៉ែត្រ​។​
​ ​
​ផ្ទះ​តោ​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ពិភពលោក​នេះ​ត្រូវបាន​សាងសង់ឡើង​ចំ​កណ្ដាល​សួនសត្វ ដែល​ភ្ញៀវ​អាច​សម្លឹងមើល​តោ ៥ ក្បាល​ក្បែរ​ខ្លួន​តាម​បង្អួច​កញ្ចក់​គួរឱ្យ​ព្រឺព្រួច​។​
​ ​
​ផ្ទះ​ខ្ទម​ដែលមាន​ជាន់​ឡាវ​តឿ​នេះ បំពាក់​ដោយ​បរិក្ខារ​ប្រើប្រាស់​លំដាប់​ផ្កាយ ៥​ផ្តល់នូវ អារម្មណ៍​ប្លែក និង​បទពិសោធន៍​គ្មាន​ថ្ងៃ​បំភ្លេចបាន​។ ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ នៅទីនេះ គឺ​តោ​ធំៗ ២ ក្បាល​ឈ្មោះ អេ​ដ្រា​ស (Adras) និង អូ​ឌ្រី​កា (Oudrika) ព្រមទាំង កូន ៣ ក្បាល​របស់​ពួកវា​ដែល​បានកើត​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំនេះ​។​
​ ​
សូមបញ្ជាក់ថា ការបង្កើត Lion Lodge នេះ​ធ្វើឡើង​បន្ទាប់ពី Tiger Lodge ដែលមាន​លក្ខណៈ ស្រដៀង​គ្នា ត្រូវបាន​បង្កើតឡើង​ដោយ​ជោគជ័យ​នៅ​សួនសត្វ​ដដែល​នេះ​៕ ប្រែ​សម្រួលៈ ខុម