ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង នៅ​ស្រុក​សូទ្រនិគម​

216
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ រួមទាំង​ទ្រព្យសម្បត្តិ​ផង ត្រូវបាន​ក្លាយជា​ចំណី​អគ្គិភ័យ​អស់ទាំង​ស្រុង ខណៈពេលដែល​ម្ចាស់ផ្ទះ​មិន​នៅ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ត្រូវបាន​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់ពេលវេលា​មិន​ឲ្យ​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​ឡើយ​។ ហេតុការណ៍​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ត្រពាំង​ប្រិ​យ៍ ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​ខាងលើ គឺមាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​។ ចំណែក​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ទេ គឺ​គាត់​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាត់​។​

​លោក​បាន​បន្តថា មូលហេតុ​ដែល​បង្ករ​អោយមាន​អគ្គិភ័យ​នេះ​ឡើង គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ផ្ទាំង​សូ​ឡា ប៉ុន្តែ​តែ​ពុំ​បណ្តា​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។ សមត្ថកិច្ច​បាន​ជួយ​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​រថយន្ត ដោយ​មិន​ឲ្យ​រាលដាល​ដល់​កន្លែង​ផ្សេង​។ ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​គឺមាន​ឈ្មោះ វ៉ាន់ ហ៊ំ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ខណៈ​បច្ចុប្បន្ននេះ​ម្ចាស់ផ្ទះ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាត់​៕ ល​