ផ្ទះ​ប្រជាពលរដ្ឋ​១០​ខ្នង​ខូចខាត នៅ​ស្រុក​ស្វាយជ្រំ និង​រមាសហែក ដោយសារ​ខ្យល់​កន្ត្រាក់​

581
ចែករម្លែក

​ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៩​នេះ​បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង នៅក្នុង​ស្រុក​ចំនួន​២ នៃ​ខេត្តស្វាយរៀង បាន​រង​ការខូចខាត​ដោយសារ​ខ្យល់់​កន្ត្រាក់់​កាលពី​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩​នេះ ខណៈ​ដែលមាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ស្រុក​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះធម្មជាតិ​នោះ ទី​១​គឺ​ស្រុក​ស្វាយជ្រំ ខូចខាត​ផ្ទះ​ចំនួន​៣​ខ្នង និង​ស្រុក​រមាសហែក ចំនួន​៧​ខ្នង ក្នុងនោះ​ក៏បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ក្បាល​ត្រូវ​ដេរ​ចំនួន​៥​ថ្នេរ ក្រោយពី​ក្បឿង​ដំបូលផ្ទះ​ធ្លាក់ចំ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ឲ្យ​ដឹងថា បាតុភូត El Nino ដែល​កម្ពុជា​យើង​បាននិងកំពុង​ទទួល​តាំងពីដើម​ឆ្នាំ​មក រហូតមកដល់​ពេលនេះ នៅតែ​បន្ត​មាន​អត្ថិភាព​នៅឡើយ ដោយ​គ្រាន់តែ​ឥទ្ធិពល​បាន​ថយចុះ​ជា​បន្តបន្ទាប់​តែប៉ុណ្ណោះ​។ ក្នុងនោះ បើតាម​ការ​ព្យាករ ចាប់ពី​ថ្ងៃទី​២១-២៥ ខែឧសភា ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី ចាប់​បង្កើន​ឥទ្ធិពល​ឡើងវិញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កម្រិត​ទឹកភ្លៀង​មាន​ភាពកើនឡើង​ជា​លំដាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​, ជាមួយគ្នា ក្រសួង​ក៏​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​៕ ល​