ផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ​ខេត្ត​ត្បូងឃ្មុំ សង់​រួច​ទុកចោល​

1993
ចែករម្លែក
អគារ​ផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ​ខេត្ត​ត្បូងឃ្មុំ​តែ​គេ​មិនទាន់​ឲ្យ​ចូល​នៅ (រូប: ប.ខុន)

ដោយ​: ប​.​ខុន / ភ្នំពេញៈ​អគារ​ផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ ចំនួន​ប្រាំមួយ​អគារ​ស្មើ​២៨៨​យូ​នី​ត សម្រាប់​មន្ត្រីរាជការ​ខេត្ត​ត្បូងឃ្មុំ​ស្នាក់នៅ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ កាលពី​ចុងឆ្នាំ​២០១៧​។ ក្រសួងមហាផ្ទៃ​ក៏បាន​អនុញ្ញាត​ឲ្យ​ខេត្ត​ត្បូងឃ្មុំ ធ្វើការ​បែងចែក​កន្លែង​ស្នាក់នៅ​នេះ ដល់​មន្ត្រីរាជការ​ហើយ​ដែរ​កាលពី​ចុងខែ​មេសា​កន្លងទៅនេះ​។ តែ​គិត​មកដល់​ថ្ងៃទី​២២​ខែឧសភា មន្ត្រីរាជការ​ទាំង​ជាង​៧០០​នាក់ ក្រៅពី​អភិបាលខេត្ត​ត្មូ​ង​ឃ្មុំ គឺ​មិនទាន់មាន​អ្នកណាម្នាក់ បាន​ចូល​ស្នាក់នៅ​ក្នុងផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ​នេះ​នៅឡើយ​ទេ​។ ទោះបីជា​មន្ត្រីរាជការ​ស្ទើរ​គ្រប់រូប​គ្នាទ​ទួ​ច​សុំចូល​នៅ​យ៉ាងណាក៏ដោយ​។​

​មន្ត្រីរាជការ​របស់​ម​ន្ទីរ​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៨​ថា មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​ខេត្ត​ត្បូងឃ្មុំ ដែលជា​ខេត្ត​កើត​ថ្មី​ជាង​បី​ឆ្នាំ​មកហើយ​នេះ ភាគច្រើន​មានផ្ទះ​នៅ​ក្រុង​កំពង់ចាម ត្រូវធ្វើ​ដំណើរ​មក​ធ្វើការ​ងារ​នៅ​ខេត្ត​ត្បូងឃ្មុំ​ពេលព្រឹក និង​ត្រឡប់ទៅផ្ទះ​វិញ​ពេល​ល្ងាច​លើ​ចម្ងាយ ផ្លូវ​រាប់សិប​គីឡូម៉ែត្រ ត្រូវ​ចំណាយ​បន្ថែម​ថវិកា​ផ្ទាល់ខ្លួន​រាល់ថ្ងៃ ដោយ​រំពឹងថា​នឹង​បាន​ធូរស្រាល​វិញ នៅពេល​ផ្ទះ​ស្នាក់​របស់​មន្ត្រី​សាងសង់​រួច​។ ផ្ទះ​បាន​សង់​រួច​ជាច្រើន​ខែ​ហើយ​តែ​គេ​មិនទាន់​ឲ្យ​ចូល​នៅ​។​

​ប្រភព​ដដែល​បន្តថា មន្ត្រីរាជការ​នៅតាម​មន្ទីរ ក៏ដូចជា​មន្ត្រី​នៅ​សាលាខេត្ត​បានទាមទារ​ចូល​នៅផ្ទះ​ថ្មី​នេះ​ជាច្រើន​ខែ​ហើយ ដើម្បី​បន្ថយ​លើ​ការចំណាយ​ជួល​ផ្ទះ និង​ធ្វើដំណើរ​ទៅមក ក៏ដូចជា​បន្ថយ​នៅ​គ្រោះថ្នាក់​ក្នុងពេល​ធ្វើដំណើរ​ផងដែរ តែ​លោក​អភិបាលខេត្ត​មិន​ព្រម ដោយ​សម្អាង​ហេតុផល​ថា​អគារ​សាងសង់​រួច​បំពាក់​សម្ភារៈ​មិនទាន់​គ្រប់គ្រាន់​។​

​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៨ តាមរយៈ​លិខិត​លេខ​៦៨៩​លស អនុញ្ញាត​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ ធ្វើការ​គ្រប់គ្រង ការថែរក្សា ការប្រើប្រាស់ និង​ការចាត់ចែង​បន្ទប់​ស្នាក់នៅ​ជូន​ដល់​មន្ត្រីរាជការ នៃ​សាលាខេត្ត​ត្បូងឃ្មុំ និង​មន្ទីរជំនាញ​នានា​ជុំវិញ​ខេត្ត និង​ដើម្បី​ធានា​ឲ្យ​ការបែងចែក​បន្ទប់​ស្នាក់នៅ​ជូន​ដល់​មន្ត្រីរាជការ​មាន​តម្លាភាព សុក្រឹត្យភាព​និង​គណនេយ្យភាព ដែល​គ្រប់ភាគី​ពាក់ព័ន្ធ អាច​ទទួលយកបាន ក្រសួងមហាផ្ទៃ​ស្នើ​រដ្ឋបាលខេត្ត​បង្កើត​គណៈកម្មការ​មួយ​ឲ្យ​ទទួលខុសត្រូវ ក្នុងការ​គ្រប់គ្រង​បែងចែក​បន្ទប់​ស្នាក់នៅ ជូន​ដល់​មន្ត្រីរាជការ នៃ​សាលាខេត្ត​ត្បូងឃ្មុំ និង​មន្ទីរជំនាញ​នានា​ជុំវិញ​ខេត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់​។​

​គួរ​និយាយ​ឲ្យ​ដឹងថា អគារ​ផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ​ខេត្ត​ត្បូងឃ្មុំ​ស្នាក់នៅ មាន​ចំនួន​ប្រាំមួយ​អគារ ស្មើ​២៨៨​យូ​នី​ត បាន​សាងសង់​រួច​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលាខេត្ត​ត្បូងឃ្មុំ និង​មន្ទីរ​នានា តាំងពី​ចុងឆ្នាំ​២០១៧​។ អគារ​ស្នាក់នៅ​នេះ ត្រូវបាន​បែងចែក​ជាន់​ផ្ទាល់​ដី​និង​ជាន់​ទី​១ ចំនួន​២១៦​យូ​នី​ត សម្រាប់​មន្ត្រីរាជការ ដោយ​ក្នុង​មួយ​យូ​នី​ត​មាន​បន្ទប់​គេង​មួយ បន្ទប់ទឹក​មួយ​បន្ទប់ទទួលភ្ញៀវ​មួយ​និង​បន្ទប់​បាយ​មួយ​អាច​ស្នាក់​នៅបាន​ពី​ពីរ​ទៅ​បីនាក់​។ ឯ​ជា​ន់ទី​ពីរ​នៃ​អគារ​នីមួយៗ​សរុប​មាន​៧២​យូ​នី​ត សម្រាប់​គណៈ​អភិបាលខេត្ត ប្រធាន​មន្ទីរ​នានា និង​សម្រាប់​ភ្ញៀវ​ស្នាក់នៅ ដោយ​នៅក្នុង​យូ​នី​ត​នីមួយៗ​មាន​បន្ទប់​គេង​ពីរ​បន្ទប់ទឹក​ពីរ បន្ទប់ទទួលភ្ញៀវ​មួយ​និង​បន្ទប់​បាយ​មួយ​។​

​មន្ត្រី​សាលាខេត្ត​នេះ​មួយរូប​បាន​និយាយ​ឲ្យ​ដឹងថា មន្ត្រីរាជការ​របស់​ម​ន្ទីរ​នានា​នៅ​ជុំវិញ​ខេត្ត និង​មន្ត្រី​របស់​សាលាខេត្ត​ត្បូងឃ្មុំ​សព្វថ្ងៃ​មាន​ចំនួន​សរុប​ជាង​៧៥០​នាក់ ដែល​បាន​សុំ​យ៉ាង​ទ​ទួ​ច​ចូល​នៅផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ ដើម្បី​បន្ថយ​ការចំណាយ​ផ្ទាល់ខ្លួន​និង​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បំពេញការងារ ព្រោះ​ផ្ទះ​នេះ​នៅ​ជិត​កន្លែងធ្វើការ​ងារ​ទាំង​អស់​គ្នា​៕ ល​