ផ្ទះ​មេត្តា របស់​ភាគី​អាល្លឺម៉ង់​ដើរតួនាទី​សំខាន់ៗ ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា​

116
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: បន្ទាប់ពី​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​១២​ឆ្នាំ​មកនេះ មើលឃើញថា មិន​ត្រឹមតែ​រួមចំណែក​ខាង​ផ្នែក​សិល្បៈ​និង​សកម្មភាព​ផ្សេងៗ​នៅក្នុង​ស្រុក​នោះទេ ប៉ុន្តែ​ទីតាំង​នេះ​ក៏​ដើរតួនាទី​ក្នុង​កិច្ចសន្ទនា​អន្តរ​វប្បធម៌​រវាង​កម្ពុជា​-​អាល្លឺម៉ង់​។​

​សូមបញ្ជាក់ថា កាលពី​រាត្រី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ ផ្ទះ​មេត្តា ទី​៣ បានដាក់​សម្ពោធ​ជា​ផ្លូវការ ក្រោម​វត្តមាន​របស់លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា និង​រួមជាមួយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើនរូប​ផ្សេងទៀត​។​

​នៅក្នុង​ពិធី​នាឱកាស​នោះ លោកស្រី​រដ្ឋមន្ត្រី ភឿង ស​កុ​ណា បាន​មានប្រសាសន៍ថា ក្រោយ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម អាល្លឺម៉ង់​ក្នុងពេលដែល​កម្ពុជា​កំពុង​ជួប​ការលំបាក បានផ្តល់​នូវ​អាហារ​រូបករណ៍​ដល់​ប្រជាជន​កម្ពុជា​ឱ្យបាន​ទៅ​រៀន​នៅ​អាល្លឺម៉ង់​ខាងកើត​។ លោកស្រី​ឲ្យ​ដឹង​ទៀតថា កិច្ចសហការ​ថ្មីៗ ដោយ​ជោគជ័យ រវាង​ប្រទេស​ទាំងពីរ​គឺ​ការបើក​នៅ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​-​អាល្លឺម៉ង់ ផ្ទះ​មេត្តា ដោយ សង្ឃឹមថា នឹងមាន​កិច្ចសហការ​បានល្អ​ជាង​នេះ​ផងដែរ​។ ហើយ​គោលបំណង នៃ​កិច្ចសន្ទនា​អន្តរ​វប្បធម៌ គឺ​បង្កើត​ការយល់ដឹង​រួមគ្នា ការចែករំលែក​ចំណេះដឹង និង​ជួយ​បង្កើត​នូវ​ក្របខ័ណ្ឌ​ការងារ ទំនាក់ទំនង​ជាមួយរ​ដ្ឋ​និង​រដ្ឋ ក៏ដូចជា​រដ្ឋ​ជាមួយ​អង្គការ​ដែលជា​ដៃគូរ​។​

​លោក Nicolaus Mesterharm ប្រធាន ផ្ទះ​មេត្តា បាន​លើកឡើងថា ចំពោះ​ផ្ទះ​មេត្តា មិនមែន​សម្រាប់តែ​ការបង្ហាញ​សិល្បៈ​តែមួយ​មុខ​នោះទេ ក៏​ជាទី​តាំង​សម្រាប់​ការចែករំលែក ការបណ្តុះបណ្តាល​ផ្សេងៗ​។ បើទោះជា​អ្នក​ផលិតភាព​យន្ត ប៉ុន្តែ​លោក​ក៏​ចាប់អារម្មណ៍​ទៅលើ​ការប្រែប្រួល​ផ្សេងៗ​ក្នុងសង្គម​ផងដែរ ហើយ​បើ ក្រឡេក​ទៅ​មើល​អ​តី​កាល​ដ៏​លំបាក​របស់​កម្ពុជា និង​ការអភិវឌ្ឍន៍ ដ៏​ឆាប់រហ័ស​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ស្របគ្នា​ន​នេះ អ្នកស្រី សៅ សុភ័ក្ត្រ អ្នក​ផលិត​ភាពយន្ត​និង​ជា​អ្នកគ្រប់គ្រង ផ្ទះ​មេត្តា បញ្ជាក់ថា ផ្ទះ​មេត្តា ជា​កន្លែង ដាក់​បង្ហាញ​សិល្បៈ​នាំមុខគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារ​តែមាន​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង​វប្បធម៌ រួមជាមួយ​ស្ថានទូត​អាល្លឺម៉ង់ ក៏ដូចជា​ដៃគូរ​ជាច្រើន​ទៀត​៕ ល​