ផ្ទះ​របស់លោក​ឡូ​វ​តម្លៃ ៣៩ លាន​ដុល្លារ​នៅ​ឡូ​ស​អ៊ែន​ជេ​ឡេស​នឹងត្រូវ​ដាក់លក់​ដើម្បី​យកលុយ​ឱ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​វិញ​

716
ចែករម្លែក

រដ្ឋអាជ្ញា​អាមេរិក និង​ពួក​អ្នកតំណាង​របស់​អ្នកជំនាញ​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​ឈ្មោះ ឡូ​វ ថែ​ក ចូ (Low Taek Jho) ដែល​កំពុង​រត់គេចខ្លួន​នោះ ចង់​លក់​ផ្ទះ​តម្លៃ ៣៩ លាន​ដុល្លារ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស ដែល​គាត់​បាន​ទិញ​កាលពី​ឆ្នាំ ២០១២ ដោយ​ប្រើ​លុយ​លួចបាន​ពី​មូលនិធិ​វិនិយោគ 1MDB របស់​រដ្ឋ​។​

​ផ្ទះ​វីឡា​ទទេ​នៅ​តំបន់ Sunset Strip កំពុងមាន​ភាព​ទ្រុឌទ្រោម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​ត្រូវ​ចំណាយ ៦៩០.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​លើ​ពន្ធ​នានា​ដូចជា​ពន្ធ​ធានារ៉ាប់រង​និង​ពន្ធ​លើ​ការថែទាំ​។ នេះ​បើតាម​សម្តី​របស់​មេធាវី​របស់​ក្រសួងយុត្តិធម៌​ម៉ាឡេស៊ី​និង​មេធាវី​របស់​ក្រុមហ៊ុន​លោក​ឡូ​វ​ដែល​និយាយ​នៅក្នុង​សំណើ​លក់​អចលនទ្រព្យ​ដែល​បានដាក់​កាលពី​ថ្ងៃ​សុក្រ ទី​៣ ឧសភា នៅក្នុង​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​។​

​មេធាវី​របស់លោក​ឡូ​វ​បាន​និយាយថា “​កូនក្តី​របស់គាត់​ដឹងថា​ម្ចាស់​អចលនទ្រព្យ​ទាំង​នោះបាន​ចរចា​ដោយ​ជោគជ័យ​នូវ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​ដើម្បី​ចាប់ផ្តើម​ការលក់​អចលនទ្រព្យ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​តម្លៃ​របស់​អចលនទ្រព្យ ខណៈ​ធានាបាន​ថា​ការទាមទារ​របស់​ម្ចាស់ផ្ទះ​ត្រូវបាន​ការពារ​និង​អាច​ដំណើរការបាន​ទាន់ពេលវេលា​”​។​

​មេធាវី​នោះ​និយាយថា “​យើង​សង្ឃឹមថា​នឹងមាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ការទាមទារ​ទាំងនេះ​។ កិច្ចព្រមព្រៀង​ដែល​បាន​ចរចា​ទាំងនេះ​មាន​ភាព​ផ្ទុយគ្នា​ស្រឡះ​ពី​សកម្មភាព​ដែលមាន​ចេតនា​នយោបាយ​នៃ​របប​មួយចំនួន ដែល​មិន​ត្រឹមតែ​រឹបអូស​ទ្រព្យសម្បត្តិ​ដោយ​ខុសច្បាប់​និង​បំផ្លាញ​តម្លៃ​របស់​វា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្ហាញ​ពី​ការមិន​យកចិត្តទុកដាក់​ចំពោះ​នីតិរដ្ឋ តម្លាភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ទៀតផង​”​។​

​លោក​ឡូ​វ​គឺជា​មេក្លោង​ដែល​គេ​ចោទ​នៅ​ពីក្រោយ​ការ​លួច​លុយ​ជាច្រើន​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​អភិវឌ្ឍន៍​ម៉ាឡេស៊ី (1MDB)​។​

​រដ្ឋអាជ្ញា​និយាយថា លុយ​ដែល​លួច​ទាំងនោះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ទិញ​អចលនទ្រព្យ​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​និង​ក្រុង​ញូវយ៉ក នាវា​កម្សាន្ត​តម្លៃ ២៥០ លាន​ដុល្លារ ស្នាដៃ​សិល្បៈ​គំនូរ​របស់លោក​ពី​កា​សូ​និង​លោក​ម៉ូ​ណែ​ត យន្តហោះ​ឯកជន និង​គ្រឿងអលង្ការ​តម្លៃ​រាប់ពាន់​ដុល្លារ​សម្រាប់​អតីត​មិត្តស្រី​របស់គាត់ គឺ​តារាភាពយន្ត​ឈ្មោះ មៀ​រ៉ា​ន់​ដា ឃើ (Miranda Kerr)៕

​ទ្រព្យសម្បត្តិ​មួយចំនួន​ដែល​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​រឹបអូស​យក​រួមមាន ភាគហ៊ុន​របស់លោក​ឡូ​វ​នៅ​ក្រុមហ៊ុន EMI Music Publishing និង​ផ្ទះ​វីឡា​របស់គាត់​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​។​

​យោងតាម​មនុស្ស​ដែល​ដឹង​ពី​បញ្ហា​នេះ​អះអាងថា អាជ្ញាធរ​អាមេរិក​កំពុង​រៀបចំ​ប្រគល់​ប្រាក់​ប្រហែល ២០០ លាន​ដុល្លារ​ដែល​បាន​ប្រមូល​មកវិញ ឱ្យទៅ​ម៉ាឡេស៊ី​វិញ​។​

​លោក​ឡូ​វ ដែល​បាន​បដិសេធ​មិនបាន​ប្រព្រឹត្ត​ខុស ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​និង​សហរដ្ឋអាមេរិក​កំពុង​តាម​ចាប់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

លោក ឡូ​វ ថែ​ក ចូ