ផ្លូវការៈលោក​គួច ចំរើន ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​ព្រះសីហនុ​ជំនួស​លោក យន្ត មីន​

720
ចែករម្លែក
ផ្លូវការៈលោក​គួច ចំរើន ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​ព្រះសីហនុ​ជំនួស​លោក យន្ត មីន​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ​យោងតាម​ប្រភព​ច្បាស់​ការណ៍​ដែល​អាច​ជឿទុកចិត្ត​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាល​រសៀល​ថ្ងៃទី​២៤​ខែមិថុនា​ថាស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​លិខិតស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរ​ភារកិច្ច​លោក​គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម​ទៅជា​អភិបាលខេត្ត​ព្រះសីហនុ​ជំនួស​លោក យន្ត មីន ដែល​បាន​សុំលាលែង​ពី​តំណែង​។ ទន្ទឹមគ្នានេះ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ព្រះរាជក្រឹត្យ​តែងតាំង​លោក គួច ចំរើន ក៏ត្រូវ​បានចេញ​ជា​ផ្លូវការ​។​

​ប្រភព​បាន​បន្តថា ចំណែក​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ត្រូវ​បានស្នើ​ផ្ទេរ​ភារកិច្ច​ទៅជា​អភិបាលខេត្ត​កំពង់ចាម ជំនួស​ល​លោក​គួច ចំរើន​។ រីឯ​លោក​ប្រាក់ សុវណ្ណ អភិបាលរង​ខេត្តស្វាយរៀង ត្រូវបាន​ស្នើ​ទៅជា​អភិបាលខេត្ត​ព្រះវិហារ ជំនួស​លោក​អ៊ុន ចាន់​ដា​។​


​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​២៤ ខែមិថុនា​យ៉ាង​ដូច្នេះ​ថា “​ក្នុងពេល​បំពេញការងារ​នៅ​ខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បានទទួល​ស្គាល់​កំហុស​លើ​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដែល​បណ្តាល​ឲ្យ​មានរឿង​ឈឺចាប់​កើតឡើង​។ គាត់​បានស្នើ​មក​ខ្ញុំ​ដើម្បី​លាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ​។ ខ្ញុំ​បាន​យល់ព្រម​ឲ្យ​គាត់​លាលែង​និង​បាន​ពិភាក្សា​ជាមួយ សម្តេច ស ខេង យក​ឯកឧត្តម គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម​មក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ​។ ទោះជា​មានការ​រៀបចំ​បែបនេះ​ក៏ដោយ​ក៏ ឯកឧត្តម យន្ត មីន នៅ​បន្ត​ដឹកនាំ​យុទ្ធនា​ការរុករក​និង​សង្គ្រោះ​តទៅទៀត​រហូត​ចប់​កិច្ចការ​និង​អភិបាលខេត្ត​ថ្មី​ចូលកាន់​តំណែង​។​ខ្ញុំ​ក៏​សូមបញ្ជាក់ថា ថ្ងៃនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ដក ឯកឧត្តម ញឹម វណ្ណដា ចេញពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​”​។​


​សូម​រម្លឹកថា លោក​គួច ចំរើន ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧​។ ហើយ​ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​។​
​លោក​គួច ចំរើន មាន​ឋានន្តរសក្ដិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ ធ្លាប់មាន​មុខតំណែង​ជាម​ន្ត្រី​កងទ័ព ជា​អភិបាលរង​ខណ្ឌចំការមន រួច​ជា​អភិបាលខណ្ឌ​មានជ័យ ជា​អភិបាល​ខណ្ឌដូនពេញ និង​ជា​អគ្គនាយករង​រដ្ឋបាល​ក្រសួងមហាផ្ទៃ​។ លោក​គួច ចំរើន ( KuochChamroeun) កើត​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​១៩៧២ សញ្ជាតិ​ខ្មែរ​នៅ​ភូមិ​តា​ព័រ​លើ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។ បច្ចុប្បន្ន​មាន​អាសយដ្ឋាន​អចិន្ត្រៃយ៍​នៅ​រាជធានី​ភ្នំពេញ​៕សរន