ផ្លូវជាតិ​លេខ​១​ស្ទះចរាចរណ៍​ច្រើន​តំណាក់​ចាប់ពី​ភ្នំពេញ​ដល់​គល់ស្ពាន​អ្នក​លឿង​

860
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ចាប់ពី​ម៉ោង​៥​ព្រឹក​ទៅក្នុង​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៨​នេះ នៅតាម​តំបន់​ផ្លូវជាតិ​លេខ​១ ពី​ភ្នំពេញ​ដល់​គល់ស្ពាន​អ្នក​លឿន​ខាងកើត គេ​ឃើញ​ចរាចរណ៍​កកស្ទះ​យ៉ាង​ខ្លាំងក្លា ដែល​ធ្វើឱ្យ​អ្នកដំណើរ​ធុញទ្រាន់ និង​ត្រូវ​ចំណាយពេល​ច្រើន ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​នា​ឆ្នាំនេះ​។​

​បន្ទាប់ពី​កម្មករនិយោជិត ក្រុមហ៊ុន​ឯកជន និង រួមទាំង​មន្ត្រីរាជការ បាន​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ចាប់ពី​ថ្ងៃទី​៨​ដល់​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៨​មក ចាប់ពី​ល្ងាច​ថ្ងៃ​សៅរ៍ និង​ព្រឹក​ថ្ងៃអាទិត្យ​នេះ គេ​ឃើញ​ពលរដ្ឋ​យ៉ាងច្រើន​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​។​

​នៅលើ​ដងផ្លូវ​គេ​ឃើញ​សំបូរ​ទៅដោយ​ហ្វូង​ម៉ូតូ រថយន្ត ម៉ូត​កង់​បី​រាប់ពាន់​ម៉ឺន​គ្រឿង​បាន​ចាកចេញ​ទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន យ៉ាងច្រើន​កកកុញ​។​ ដោយសារ​ការចាកចេញ​មក​ស្រុកកំណើត​ដ៏​ច្រើន ពី​សំណាក់​ប្រជាពលរដ្ឋ​នេះដែរ គេ​ឃើញ​តំបន់​តាម​ផ្សារ​ជាច្រើន​កកស្ទះ​ចរាចរណ៍​យ៉ាង​វេទនា ក្នុងនោះ​មានដូចជា​ត្រង់​ផ្សារ​គគីរ ត្រង់​វត្ត​សំរោង​ធំ​ស្រុក​ក​កៀនស្វាយ ត្រង់​គល់ស្ពាន​អ្នក​លឿង​ខាងលិច និង​គល់ស្ពាន​អ្នក​លឿង​ខាងកើត​ជាដើម​។​

​ជាមួយនឹង​ការកកស្ទះ​ចរាចរណ៍​មួយកន្លែងៗ​ស្ទើរ​រាប់​ម៉ោង​នេះដែរ បានធ្វើឱ្យ​អ្នកធ្វើដំណើរ​រិះគន់​ចំពោះ​អ្នកលក់ដូរ​តាម​ដងផ្លូវ ធ្វើឱ្យ​រថយន្ត​តូចធំ​មិនអាច​ធ្វើដំណើរ​បាន​ស្រួល និង​ផ្គួប​ផ្សំ​ទាំង​រថយន្ត ម៉ូតូ​ច្រើន​ផង​នោះ​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​ក្លា​។​

​អ្នកធ្វើដំណើរ​មួយចំនួន​បាន​រិះគន់ថា តាម​តំបន់​ផ្សារ​នីមួយៗ​គួរ​ណាស់​អាជ្ញាធរ​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ប្រសើរ​ជាង​នេះ ចៀសវាង​ពេល​ពលរដ្ឋ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ក្នុង​ថ្ងៃបុណ្យ​ជាតិ​ម្តងៗ ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ដោយសារតែ​អ្នកលក់ដូរ​មួយក្រុម​តួច​សោះ បង្ក​ឱ្យ​អ្នកដំណើរ​រាប់ពាន់​ម៉ឺន​នាក់​ត្រូវ​កកស្ទះ​រាប់​ម៉ោង​តាម​ដងផ្លូវ​នោះ​។​

​ទោះបីយ៉ាងណា​ក៏​គេ​ឃើញ​តំបន់​គោលដៅ​សំខាន់ៗ​ដែលមាន​ចរាចរណ៍​កកស្ទះ​ទាំងនេះ​គេ​ក៏​ឃើញ​ទាំង​កម្លាំង​ប៉េអឹម ប៉ូលីស​និង​កងសន្តិសុខ​ប្រចាំ​មូលដ្ឋាន​ចុះមក​សម្រួល​ចរាចរណ៍​ច្រើន​ទិសដៅ​
​ដើម្បី​ប​ញ្ច្រៀ​ស​ការកកស្ទះ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អនុញ្ញាតឱ្យ​កម្មករនិយោជិត ក្រុមហ៊ុន​ឯកជន និង​មន្ត្រីរាជការ​បាន​ឈប់សម្រាក់​ចំនួន​៣ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ ការឈប់​សម្រាក​នេះ​ចាប់ពី​ថ្ងៃទី​៨​ដល់​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៨៕