ផ្លូវជាតិ​លេខ​៩៤​ដែល​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​ត្រូវបាន​ជួសជុល​ឡើងវិញ​

217
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ផ្លូវជាតិ​លេខ​៩៤​នៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​មាន​ប្រវែង​៦១​គីឡូម៉ែត្រ​ត្រូវបាន​ជួសជុល​ឡើងវិញ​ក្រោយពី​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​នៅក្នុង​រដូវវស្សា​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​នេះ​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ផ្លូវជាតិ​លេខ​៩៤​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បម្រើឱ្យ​វិស័យ​ទេ​ចរណ៍​។​ដែល​ភ្ញៀវ​ទេ​ចរណ៍​ជាតិ​-​អន្តរជាតិ​តែង​ឆ្លងកាត់​ដើម្បី​ទៅ​ទស្សនា​ព្រំដែន​កម្ពុជា​-​ឡាវ​ក៏ដូចជា​ទៅ​ទស្សនា​តំបន់​ទឹកធ្លាក់​ព្រះ​និម្មិត​ផងដែរ​។​

​លោក​សំលាង​ទ្រី​បាន​បញ្ជាក់ថា​ផ្លូវ​នេះ​មាន​សារៈសំខាន់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដឹក​ផលដំណាំ​ផ្សេងៗ​យកទៅលក់​នៅ​ទីផ្សារ​ក្នុង​ទីប្រជុំជន​ខេត្តព្រះវិហារ​និង​ព្រំដែន​ឡាវ​។​លោក​បន្តថា​ផ្លូវជាតិ​លេខ​៩៤​នេះ​ត្រូវបាន​ក្រុមការងារ​ថែទាំ​ផ្លូវថ្នល់​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ធ្វើការ​ជួសជុល​ឡើងវិញ​។

ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ភាពងាយស្រួល​។​គឺ​ជួសជុល​ដោយ​ចាក់ដី​កៀ​សម្រួល​និង​កិន​បង្ហាប់​កន្លែង​ដែល​ខូចខាត​ដោយ​ទឹកភ្លៀង​ដក់​ខ្លាំង​ធ្វើយ៉ាងណា​មិនឱ្យ​ផ្លូវ​នេះ​ក្លាយជា​ផ្លូវ​សំបុកមាន់​ទៅជា​ផ្លូវ​ថ្លុក ជា​ផ្លូវ​អូរ​នោះទេ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ជាទូទៅ​សកម្មភាព​ថែទាំ​ផ្លូវថ្នល់​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ធ្វើជា​ប្រចាំ​ដោយ​មិន​គិតពី​រដូវប្រាំង​និង​រដូវវស្សា​នោះទេ​។​ការខូចខាត​កន្លែង​ណា​គឺ​កម្លាំង​មន្ត្រី​មន្ទីរ​ធ្វើ​កន្លែង​នោះ​ភ្លាម​។

​លោក​បាន​លើកឡើងថា​ពេលនេះ​ជា​រដូវវស្សា​ទឹកភ្លៀង​ធ្លាក់​ជោគជាំ​ធ្វើឱ្យ​ផ្លូវ​យើង​ខ្លះ​ដក់​ទឹក​។​ប៉ុ​ន្ត​បើ​យើង​មិន​ធ្វើ​នៅពេលនេះ​រង់ចាំ​ដល់​រដូវប្រាំង​នោះ​កន្លែង​ដែល​ដក់​ទឹក​នេះ​នឹង​ក្លាយជា​អូរ​មិន​ខាន​។​ប្រជាពលរដ្ឋ​ក៏​ពិបាកធ្វើ​ដំណើរ​ការជួស​ជុល​ឡើងវិញ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដែរ​។​

​លោក​សំលាង​ទ្រី​បានធ្វើការ​អំពាវនាវ​ឱ្យ​បងប្អូន​ពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​ផ្លូវ​នេះ​ឱ្យ​ការប្រើប្រាស់​បានយូរ​អង្វែង​ដោយ​មិនត្រូវ​ដឹក​លើស​ទម្ងន់​និង​មិនត្រូវ​ចាក់ដី​មុខផ្ទះ​ឱ្យ​ខ្ពស់ជាង​ផ្លូវ​ដែល​ធ្វើឱ្យ​ទឹក​ដក់​ឆាប់​ខូច​ផ្លូវ​នោះទេ​។​ពិសេស​ជាង​នេះ​គឺ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ច​រា​ចេ​ណ៍​ឱ្យបាន​គ្រប់ៗ​គ្នា​រាល់ពេល​ធ្វើដំណើរ​ទៅកាន់​ទីជិត​ក្តី​ឆ្ងាយ​ក្តី​៕S/​