ផ្លូវលំ​ជនបទ​ប៉ះពាល់​ពី​ទឹកជំនន់​ប្រវែង​១.៤៨៨​គីឡូម៉ែត្រ​ត្រូវ​ស្តារឡើងវិញ​

1312
ចែករម្លែក

ដោយៈ​ប​.​ខុន/​​ភ្នំពេញៈ​ផ្លូវលំ​ជនបទ​ដែល​បាន​ពន្លិច​ដោយ​ជំនន់​ទឹកភ្លៀង និង ទឹកទន្លេ​មេគង្គ​នៅក្នុង ខេត្ត ចំនួន​១២​កន្លងទៅនេះ​មាន​ប្រវែង​១.៤៨៨​គីឡូម៉ែត្រ ដែល​ចាំបាច់​ត្រូវធ្វើ​ការស្តារ ឡើង វិញ ជាបន្ទាន់​ចំពោះ​ផ្លូវ​អាទិភាព បន្ទាប់ពី​រដូវវស្សា​នេះ​។​

​ទិដ្ឋភាព​ផ្លូវ​មួយចំនួន​នៅ​រដូវភ្លៀង​នេះ​(​រូបថត​ក្រសួង​ធនធានទឹក​)

​ ​លោក​កែវ វី ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់ ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​ថា ផ្លូវលំ​ជនបទ​ដែល​ត្រូវបាន​ពន្លិច ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​នៅក្នុង​ខេត្ត​ចំនួន​១២​កន្លងទៅនេះ មាន​ប្រវែង ប្រមាណ ១.៤៨៨​គីឡូម៉ែត្រ​។​

​ ​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹង ទៀតថា​ជាក់ស្តែង​ផ្លូវ​ទាំងនោះ​ប៉ះពាល់​កម្រិតណា​នោះ ក្រសួង​ជំនាញ​នឹង​ចុះ​ធ្វើការ​សិក្សា វាយតម្លៃ​នៅពេល​បន្ទាប់ពី​ទឹក​ស្រក​ផុត​អស់ ដើម្បី​លើក​គម្រោង​ស្តារឡើងវិញ​។

​ ​លោក​សួស គង់ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា បានដឹង​នៅ​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​ថា ផ្លូវលំ​ជនបទ​ដែល​បាន​លិច​ទឹក​ជន់​ហើយ ខូច ត្រូវ​ធ្វើការ​ស្តារឡើងវិញ​បន្ទាន់​ចំពោះ​ផ្លូវ​អាទិភាព បន្ទាប់ពី​ទឹក​ស្រក​ផុត​អស់​។​

​ ​លោក​រដ្ឋលេខាធិការ​បា​ន​​ឲ្យ​ដឹង​ទៀតថា ផ្លូវលំ​ដែល​ខូច​ហើយ​ត្រូវបាន ស្នើ​ឡើងមក​ដោយ​ខេត្ត គឺជា​ផ្លូវ​អាទិភាព​ត្រូវ​ស្តារឡើងវិញ​បន្ទាន់ បន្ទាប់ពី​មន្ត្រី​ជំនាញ ពាក់​ព​ន្ធ័​ចុះ​ពិនិត្យ​វាយតម្លៃ​រួច​។​

​ ​ផ្លូវលំ​នៅក្នុង​ខេត្ត​តាម​ដង​ទន្លេ​ឆ្នាំនេះ​រង​ការខូចខាត​ធ្ងន់ធ្ងរ ដោយសារ​លិច​ទឹក​រយៈ ពេល​យូរ​ដូចជា​នៅក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម​និង​ខេត្តព្រៃវែង​ជាដើម ។ គ្រាន់តែ​នៅក្នុង​ខេត្តកំពង់ចាម​មួយ​មានទឹក​លិច​រយៈពេល​ដល់​ជាង​មួយខែ​ប្រវែង ១៨២ គីឡូម៉ែត្រ​។​

​ ​ផ្លូវលំ​ដែល​បាន​លិច​ទឹក​ខូច​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា ជា​ផ្លូវ​ដែល​ពលរដ្ឋ​ក្នុង មូល​ដ្នា​ន​បាន​ប្រើប្រាស់​រាល់ថ្ងៃ ចាំបាច់​ត្រូវ​ស្តារឡើងវិញ​បន្ទាន់​៕SRN

​ទិដ្ឋភាព​ផ្លូវ​មួយចំនួន​នៅ​រដូវភ្លៀង​នេះ​(​រូបថត​ក្រសួង​ធនធានទឹក​)