ផ្លូវលំ​មួយ​ខ្សែ ស្ថិតក្នុង​សង្កាត់​សំបួរ ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយ​សប្បុរសជន​

793
ចែករម្លែក

​ដោយ : ​គូលែន​/​សៀមរាប : ផ្លូវលំ​មួយ​ខ្សែប្រវែង​៥០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​រង​ការខូចខាត​ខ្លាំង និង បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​រយៈកាល​កន្លងមក​នេះ ត្រូវបាន​លោក អែល អំ​រ៉ុង សប្បុរសជន​នៅ​ខេត្តសៀមរាប បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ជួយ​ជួសជុល​ផ្លូវ​នេះ​ឡើងវិញ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ធ្វើដំណើរ​មាន​ភាពងាយស្រួល​ជាង​មុន ។​

​ដំណើរការ​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ ស្ថិតនៅ​ក្នុងភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប​។

លោក អែល អំ​រ៉ុង មានប្រសាសន៍ថា ការ​សុខចិត្ត​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជួសជុល​ផ្លូវថ្នល់​នេះ​ឡើងវិញ​នោះ ដោយ​យល់ឃើញថា ផ្លូវ​គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ​មាន​ផ្លូវ​មាន​ក្តីសង្ឃឹម ហើយ​បើទោះបី​វា​មិនបាន​ស្អាត​ដូច​ផ្លូវ​ធ្វើ​ថ្មី ឬ​ដូច​ផ្លូវ​ចាក់​កៅស៊ូ​ក៏ពិតមែន ប៉ុន្តែ​បាន​ជួយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​អ្នកធ្វើ ដំណើរ​ឆ្លងកាត់ ផ្លូវ​នេះ​រាល់ថ្ងៃ មាន​ភាពងាយស្រួល​ជាង​មុន​ជាពិសេស​ក្មេងៗ​សិក្សា​នុ​សិស្ស​ដែល​ធ្វើដំណើរ​ទៅ​រៀន​រាល់ថ្ងៃ ។

​លោក ឈ្លឿ​ន ឡា ចៅសង្កាត់​សំបួរ បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សន្តាន​ចិត្ត សប្បុរស​របស់លោក អែល អំ​រ៉ុង ដែល​បាន​បរិច្ចាគ​ថវិកា​ដើម្បី​ធ្វើការ​ជួសជុល​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​នេះ ហើយ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ និង​សាធារណជន​ទាំងអស់ ដែល​បាន​ប្រើប្រាស់​​ផ្លូវ​មួយ​ខ្សែ​នេះ សូម​ចូលរួម​ថែរក្សា ការពារ និង គោរព​តាម​គោលការណ៍​នានា​នៃ​ច្បាប់​ចរាចរណ៍ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុវត្ថិភាព និង កំណើនសេដ្ឋកិច្ច​គ្រួសារ ៕B

#