ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​នឹង​បង្កើតឡើង​នាពេល​អនាគត​

376
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​នឹង​បង្កើតឡើង​នាពេល​អនាគត ដើម្បី​ស្របតាម​ផែនការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​នេះ​បើតាម​ការ​អោយដឹងពី​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​នឹង​បង្កើតឡើង​នាពេល​អនាគត (​រូប​៖ អាជ្ញាធរ​អប្សរា​)​

​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយថា ដោយមាន​ការគាំទ្រ​ពី​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា រួម​នឹង​មន្ត្រី​ជំនាញ​គ្រប់​នាយកដ្ឋាន បាន​ចុះ​ពិនិត្យ​ទីតាំង​ដើម្បី​សិក្សា​អំពី​លទ្ធភាព បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នានា​មុននឹង​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​កង់​ដាច់ដោយឡែក​ពី​ផ្លូវ​ម៉ូតូ​-​ឡាន សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាជន​នៅក្នុង​តំបន់ ជាពិសេស​សិស្សានុសិស្ស ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​បាន​ស្រួល​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។​

​លោក​បាន​បន្តថា គម្រោង​ស្ថាបនា​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​២៣,២​គីឡូម៉ែត្រ​ជុំវិញ​តប​ន់​អង្គរ ជា​ផ្លូវ​ទ្វេ​ទិស មាន​ទទឹង​២​ម៉ែត្រ និង​មាន​ចង្អូរ​រំដោះ​ទឹក​សងខាង​។ ផ្លូវ​នេះ​ស្ថិតនៅ​ស្រប​នឹង​ផ្លូវ​ធ្វើដំណើរ​បច្ចុប្បន្ន​ចម្ងាយ​មិន​លើសពី​២៥​ម៉ែត្រ​ឡើយ​ដែល​អាច​មើលគ្នា​ឃើញ​ក្នុង​ការរក្សាសន្តិសុខ សុវត្ថិភាព​បាន ថែមទាំង​បត់បែន​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ផ្លូវ​ឬ​ដើមឈើ ។​

ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​នឹង​បង្កើតឡើង​នាពេល​អនាគត (​រូប​៖ អាជ្ញាធរ​អប្សរា​)​

​លោក​បាន​បន្តទៀតថា ចំពោះ​បទដ្ឋាន​បច្ចេកទេស​នៃ​ការស្ថាបនា​វិញ អាជ្ញាធរ​ជាតិ​អប្សរា​គិតគូរ​ជា​ចម្បង​លើ​ការអភិរក្ស​បុរាណ​ដ្ឋា​ន​ជាសំខាន់ ដោយ​គ្មាន​ការជីក​កកាយ​ដី​ជ្រៅ និង​ប្រើ​ជើងតាង​អំពី​បេតុង​ត្រង់​កន្លែង​ដែលមាន​ស្ពាន ហើយក៏​គិតដល់​បរិស្ថាន និង​ទេសភាព​វប្បធម៌ ដោយ​បញ្ជៀ​ស​ផលប៉ះពាល់​ជា​អតិបរិមា​មកលើ​ព្រៃឈើ​ដែលមាន​ស្រាប់​។​

​បន្ថែម​ពី​នោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​នឹង​គិតគូរ​ជាខ្លាំង​ដល់​សុវត្ថិភាព​ត្រង់ចំណុច​ឆ្លងកាត់​ឬ​ផ្លូវបំបែក ដោយ​ដាក់​របា​នៅ​ផ្លូវបំបែក និង​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ម៉ូតូ​ឆ្លងកាត់​។​ល​។ អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹមថា សមិទ្ធផល​ថ្មី​ដែល​នឹង​កើតឡើង​ឆាប់ៗ​នេះ​នឹង​មានការ​អ្នកគាំទ្រ​ច្រើន ហើយ​ធ្វើឱ្យ​ប្រជាជន​ក្នុង​តំបន់ ក៏ដូចជា​ទេសចរ​ទទួលបាន​នូវ​ភាពងាយស្រួល សុវត្ថិភាព និង​បង្កើត​បទពិសោធន៍​ល្អ​ក្នុងការ​មក​ទស្សនា​ឬ​ឆ្លងកាត់​តំបន់​រមណីយដ្ឋាន​អង្គរ​៕ ល​