ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ឃុំ​មៀនស្រុក​ព្រៃឈរ​ស្ថាបនា​គ្រឹះ​ក្រួស​ក្រហម​បាន​១០០​ភាគរយ​ហើយ​

287
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ប្រវែង​ជាង ៦.០០០ ម៉ែត្រ​ជា​ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ស្ថាបនា​ដោយ​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួងការពារជាតិ​បែក​ចេញពី​ផ្លូវជាតិ​៧ ស្ថិតក្នុង​ភូមិ​មៀន ឆ្ពោះទៅ​តំបន់​បឹង​ធំ ភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​នោះ បច្ចុប្បន្ន​ស្ថាបនា​គ្រឹះ​ក្រួស​ក្រហម​បាន ១០០ ភាគរយ​ហើយ គឺ​នឹង​ដំណើរការ​ក្រាល​កៅស៊ូ និង​បេតុង​នាពេល​ឆាប់ៗ ខាងមុខនេះ​។​

​លោក នី​វ ស៊ុន នាយក​រដ្ឋបាល​សាលាស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៥ ឧសភា ២០១៩ នេះ​ថា ផ្លូវ​មួយ​ខ្សែ​ខាងលើ​មាន​ចម្ងាយ​ជាង ៦ គីឡូម៉ែត្រ ដែលមាន​ទទឹង ៨​ម៉ែត្រ​នេះ ខាង​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ បាន​សាងសង់​ចាក់គ្រឹះ​ទ្រនាប់​ក្រោម​ក្រួស​ក្រហម​រួចរាល់​១០០ ភាគរយ​ហើយ​។ ដោយ​នៅតែ​បង្ហើយ​ការងារ​នៅ​សេសសល់​លើ​ប្រព័ន្ធ​លូ​ចំនួន ១១ កន្លែង​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​លោកនាយក​រដ្ឋបាល​បាន​បន្តថា ប៉ុន្តែ​គម្រោង​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​កែប្រែ​ខ្លះ ដោយ​ពិនិត្យ​តាម​ស្ថានភាព​ជាក់ស្តែង​កន្លងមក គឺ​ក្នុង​ប្រវែង​ចម្ងាយ​ទាំងអស់​នោះបាន​ដក​ចម្ងាយ​ប្រហែល ១.០០០ ម៉ែត្រ​គិតពី​ខាង​ភូមិ​កំពង់​សំណាញ់​ដែលជា​តំបន់​លិច​ទឹក​នោះ គឺ​ស្ថាបនា​ជា​ផ្លូវ​បេតុង ហើយ​ប្រមាណ ៥.០០០ ម៉ែត្រ​ស្ថិតក្នុង​គម្រោង​ផ្លូវ​ក្រាល​កៅស៊ូ​ដដែល ដោយ​នឹង​ស្ថាបនា នាពេល​ឆាប់ៗ ខាងមុខនេះ​។​

​អ្នកស្រី រស់ ផៃ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់​សំណាញ់​បាន​លើកឡើងថា គ្រួសារ​អ្នកស្រី​ក៏​ដូច​គ្រួសារ​អ្នកភូមិ​ដទៃ​ច្រើន​ទៀត មានការ​សប្បាយរីករាយ​ក្នុង​ចិត្ត​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួយ​សាងសង់​ផ្លូវ​ល្អ និង​បំពាក់​ប្រព័ន្ធ​អគ្គិសនី​ចូលដល់​ភូមិ​ដាច់ស្រយាល​របស់​ពួកគាត់​នោះ​។​
​ប្រភព​ដដែល​បាន​បន្តថា នេះ​អាច​ចាត់​ថា​ជា​លើកដំបូង​ហើយ​ក្នុង​វ័យ ៦៨ ឆ្នាំ​របស់​អ្នកស្រី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​មាត់បឹង​ធំ​មាន​ប្រព័ន្ធ​ផ្លូវ​ស្អាត និង​ភ្លើងអគ្គិសនី​ប្រើប្រាស់​។ ដោយ​អាចធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត បាន​ងាយស្រួល និង​ឆាប់រហ័ស ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ការបារម្ភ គឺ​ផ្ទុយ​កាលពី​អតីត​កាលដែល​ចំនួន ៥​ខែ​ត្រូវ​ធ្វើដំណើរ​ដោយ​កាត់​ផ្លូវ​ភក់​ត្រឹម​ជង្គង់ និង​នៅ​រដូវប្រាំង​ច្រើន​ខែ​ទៀត​ត្រូវ​ឆ្លងកាត់​ផ្លូវ​រលាក់ និង​ដី​ហុយ​ទ្រលោម​នោះ​។​

​លោក ជា សុខ មេភូមិ​កំពង់​សំណាញ់​បាន​ឲ្យ​ដឹងថា ឥឡូវនេះ​ក្រោយពី​ផ្លូវ​ស្អាត​រាបស្មើ គឺ​បាន​ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ ឬ​ដឹក​កសិផល​ផ្សេងៗ ទៅកាន់​ផ្សារ​មៀន និង​ព្រៃទទឹង​នោះ គឺ រថយន្ត និង​ម៉ូតូ​បាន​ចំណាយ​ពី ១៥ ទៅ ២០ នាទី​ប៉ុណ្ណោះ​បាន​ទៅដល់​ផ្សា​រហើយ​។ ខុស​កាលពី​កាលពី​ការធ្វើដំណើរ​លើផ្លូវ​លំ​ចាស់ ដែល​ត្រូវ​ប្រើពេល​ជាង​៦០ នាទី​ទំរាំ​ដល់​ផ្សារ​ដដែល​នេះ​៕