ផ្លូវ​ចូលមក​ក្រុងប៉ារីស​ប្រវែង ៥៨០ គីឡូម៉ែត្រ​ស្ទះ​កកកុញ ខណៈ​កូដកម្ម​ទូទាំងប្រទេស​ឈានចូល​ថ្ងៃទី​៥

292
ចែករម្លែក

​អ្នកដំណើរ​បារាំង​បាន​ប្រឈម​នឹង​ការកកស្ទះ​ចរាចរណ៍​លើផ្លូវ​ចម្ងាយ​សរុប​ប្រមាណ ៥៨០ គីឡូម៉ែត្រ​នៅ​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ​នេះ ខណៈ​កូដកម្ម​ទូទាំងប្រទេស​៥​ថ្ងៃ​ជាប់​បាន​បណ្តាលឱ្យមាន​ការពន្យា​ដំណើរ​ចូលទៅ​ទីក្រុង​ប៉ារីស​។​

​ចរាចរណ៍​បាន​កកស្ទះ​ខ្លាំង​បំផុត​នៅ​ច្រកចូល​រដ្ឋធានី​បារាំង​នៅលើ​ផ្លូវ​ក្រវ៉ាត់​ក្រុងប៉ារីស​ឈ្មោះ Peripherique ដោយ​រថយន្ត​ស្ទះ​ត​កន្ទុយ​គ្នា​លើផ្លូវ​ចម្ងាយ ១៤៥ គីឡូម៉ែត្រ​នេះ​ជា​រៀងរាល់ថ្ងៃ​។​

​រថភ្លើង​ក្រុងប៉ារីស​មានតែ​ពីរ​ខ្សែ​ប៉ុណ្ណោះ​ក្នុងចំណោម ១៦ ខ្សែ​នៅ​ដំណើរការ​ពេញលេញ ហើយ​ក្រុមហ៊ុន​ផ្លូវដែក​ជាតិ SNCF បាន​ព្រមាន​អំពី​ការរំខាន​ធ្ងន់ធ្ងរ​នៅ​ជាយក្រុង​ប៉ារីស​។​

​ក្រុមហ៊ុន​បាន​ប្រាប់​អ្នកធ្វើដំណើរ​ឱ្យ​ស្នាក់​នៅផ្ទះ​ឬ​ប្រើ​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងទៀត​ដើម្បី​ទៅធ្វើ​ការ ជាហេតុ​បណ្តាលឱ្យមាន​រថយន្ត​ធ្វើដំណើរ​ច្រើន​ស្អេកស្កះ​ស្ទះ​លើ​ដងផ្លូវ​ដ៏​វែង​។​

​បណ្តាញ​រថភ្លើង​អន្ដរជាតិ​ក៏​ឃើញ​មានការ​រំខាន​ផងដែរ ហើយ​សកម្មជន​មកពី​សហជីព​នានា​បាន​បិទ​ស្ថានីយ​ឡានក្រុង​នៅ​ជុំវិញ​ទីក្រុង​ប៉ារីស ដែល​ធ្វើឱ្យ​បាត់បង់​មធ្យោបាយ​ធ្វើដំណើរ​ដ៏​សំខាន់​មួយទៀត​៕ ដោយ៖ កញ្ញាដាលីស

កូដកម្ម​ទូទាំងប្រទេស​ជុំវិញ​ការកែប្រែ​ច្បាប់​សោធន​និវត្តន៍​បណ្តាលឱ្យ​ស្ទះផ្លូវ​ជុំវិញ​ប្រទេស​បារាំង