ផ្លូវ​ពន្លៃ​-​ផ្គាំ បាន​ស្រោច​ក្រាល​កៅស៊ូ​ហើយ

844
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ផ្លូវ​ខេត្ត​ពន្លៃ​-​ផ្គាំ ត្រូវបាន​បាន​ស្រោច​ក្រាល​កៅស៊ូ​ចុងក្រោយ​ហើយ កាលពី​ថ្ងៃទី​១៨​ខែវិច្ឆិកា​។​

​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​ល្ងាច​ថ្ងៃទី​១៩​ខែវិច្ឆិកា​ថា ក្រុម​គ្រឿងចក្រ​បានធ្វើ​សកម្មភាព​ស្រោច​កៅស៊ូ​២​ជាន់ (​ប្រភេទ DBST) ស្រទាប់​ចុងក្រោយ បាច​ថ្ម​១២​ម​ម លើផ្លូវ​ខេត្ត​លេខ​២៥៦៤ ដែលមាន​ប្រវែង ៤,២​គម ទទឹង ៦​ម សម្រាប់​គម្រោង ឆ្នាំ​២០១៨​ពី​ឃុំ​ផ្គាំ​ស្រុក​ស្វាយចេក​ទៅ​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក​។​

​លោក គឹម សុវណ្ណ និយាយ​បន្តថា ផ្លូវ​ខេត្ត​នេះ ក្នុង​គម្រោង​នេះ មន្ទីរ​ត្រូវធ្វើ​មាន​ប្រវែង​១០​គម​។ ក្នុងនោះ គម្រោង​ថវិកា​ឆ្នាំ​២០១៨ មាន​ប្រវែង​៥.៣០០​ម​។ គម្រោង​ថវិកា​ឆ្នាំ​២០១៨ ប្រវែង​៤,២០០​គម​។ ពោលគឺ​សល់​៥០០​ម​ទៀត​។ ហើយ​ផែនការ​ឆ្នាំ​២០១៩ មន្ទីរ​បាន​សុំ​បន្ត​ដើម្បី​ស្ថាបនា​បង្ហើយ​។​

​សូមបញ្ជាក់​ផ្លូវ​ភ្ជាប់​ពី​ទីប្រជុំជន​ស្រុក​ថ្មពួក​ទៅ​ប្រជុំជន​ស្រុក​ភ្នំស្រុក មាន​ប្រវែង​ជាង​៣០​គម​។ ប៉ុន្តែ​ផ្លូវ​នេះ ត្រូវ​ចែក​ការទទួលខុសត្រូវ​គ្រប់គ្រង និង​ស្ថាបនា​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ពី​ឃុំ​-​ស្រុក​ថ្មពួក ទៅ​ឃុំ​ផ្គាំ​ស្រុក​ស្វាយចេក​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពី​ឃុំ​ផ្គាំ​ស្រុក​ស្វាយចេក​ទៅ​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក​។ និង​ពី​ឃុំ​ពន្លៃ កាត់​ខ្នង​អាង​ត្រពាំងថ្ម​ទៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក​៕ ល​