ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​ប៉េកាំង​នឹង​ទទួលបាន​ប្រព័ន្ធ​តាមដាន “​អត្តសញ្ញាណ​ជីវសាស្ត្រ​”

1693
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មិថុនា​ថា រដ្ឋធានី​ប៉េកាំង​របស់​ចិន​កំពុង​ទន្ទឹង​ណែនាំ “​បច្ចេកវិជ្ជា​សម្គាល់​ជីវសាស្ត្រ​” ដែល​រាប់បញ្ចូល​ទាំង​ម៉ាស៊ីន​ស្កែ​ន​បាតដៃ​និង​កាមេរ៉ា​សម្គាល់​ផ្ទៃមុខ​ដើម្បី​បង្កើនល្បឿន​ចរាចរ​អ្នកដំណើរ​តាម​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​នៅ​ម៉ោង​មមាញឹក​។​

​ប្រទេស​ចិន​កំពុង​ប្រើ​បច្ចេកវិជ្ជា​ឃ្លាំមើល​កាន់តែខ្លាំង​ឡើង​សម្រាប់​អ្វីៗ​គ្រប់បែបយ៉ាង ចាប់ពី​ការពង្រឹង​សន្តិសុខ​ក្នុងស្រុក​រហូតដល់​ការ​បង្កើនល្បឿន​ការបញ្ជាទិញ​នៅតាម​ភោជនីយដ្ឋាន​អាហារសម្រន់​។ ទោះយ៉ាងណា ការត្រួតពិនិត្យ​ប្រភេទ​បែបនេះ​កំពុងតែ​ជំរុញឱ្យមាន​ការព្រួយបារម្ភ​ពី​ក្រុម​សិទ្ធិមនុស្ស​ថា​ចិន​កំពុង​កសាង​ប្រព័ន្ធ​ឃ្លាំមើល​ទូទាំងប្រទេស​ដើម្បី​បង្ក្រាប​ក្រុម​អ្នកប្រឆាំង​។​

​ប្រព័ន្ធ​ដឹកជញ្ជូន​ក្រោម​ដី​របស់​ទីក្រុង​ប៉េកាំង​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​បច្ចេកវិជ្ជា​នេះ​នៅ​ឆ្នាំនេះ​តែម្តង​។ នេះ​ជាការ​លើកឡើង​របស់លោក ចាង ហួ​ពី​ន ប្រធាន​ផ្នែក​អភិវឌ្ឍន៍​សហគ្រាស​រប​ស់​ក្រុមហ៊ុន Beijing Subway​។​

​កាមេរ៉ា​សម្គាល់​ផ្ទៃមុខ​នឹង​អាច​ស្គាល់មុខ​មនុស្ស ដោយ​អនុញ្ញាតឱ្យ​ពួកគេ​ឆ្លងកាត់​ប៉ុស្តិ៍​លក់​សំបុត្រ​ធម្មតា ខណៈដែល​ម៉ាស៊ីន​ស្កែ​ន​បាតដៃ​នឹង​អាចឱ្យ​អ្នកខ្លះ​អូស​បាតដៃ​របស់​ពួកគេ​ឆ្លងកាត់​ម៉ាស៊ីន​លក់​សំបុត្រ​។​

​កាសែត China Daily បានឱ្យដឹងថា ម៉ាស៊ីន​ស្កែ​ន​បាតដៃ​ត្រូវបាន​ប្រើ​រួចហើយ​នៅលើ​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​នៅ​សៀង​ហៃ ដែល​ប្រៀបធៀប​រូបថត​ដែល​បាន​ស្កែ​ន​រួច​ជាមួយ​ទិន្នន័យ​ស្នាម​បាតដៃ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​

​ក្រុង​ប៉េកាំង​មាន​ខ្សែ​រថភ្លើង​ចំនួន ២២ ខ្សែ ហើយ​មាន​អ្នកដំណើរ​ជា​មធ្យម​ជាង ១០ លាន​នាក់​ជិះ​រថភ្លើង​ក្រោម​ដី​នៅ​ថ្ងៃ​ធ្វើការ​៕ ដោយ៖ កញ្ញាដាលីស

ប៉េកាំង​នឹង​ណែនាំ “​បច្ចេកវិជ្ជា​សម្គាល់​ជីវសាស្ត្រ​” នៅ​ឆ្នាំនេះ