ផ្លូវ​រថភ្លើង​ដឹកទំនិញ​ថ្មី​រវាង​ចិន​និង​អឺរ៉ុប​បើក​សម្ភោ​ធ​ជា​ផ្លូវការ​

144
ចែករម្លែក

​ទីក្រុង​យី​វូ​ស្ថិតក្នុង​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន​ដែលជា​ទីក្រុង​ផ្សារ​ទំនិញ​លក់រាយ​ឈានមុខ​គេ​នៅលើ​ពិភពលោក​បាន​បើកផ្លូវ​រថភ្លើង​ដឹកទំនិញ​ថ្មី​ទៅកាន់​លី​ច​របស់​បែលហ្ស៊ិក​កាលពី​ថ្ងៃ​ពុធ ទី​៩ តុលា​។​

​ដឹក​ជាមួយ​ទូ​កុងតឺន័រ​ទំនិញ​ស្តង់ដារ​ចំនួន ៨២ រថភ្លើង​ដឹកទំនិញ​ត្រូវគេ​ប៉ាន់​ស្មានថា​នឹង​ទៅដល់​ក្រុង​លី​ច​នៅក្នុង​រយៈពេល​ប្រហែល ២០ ថ្ងៃ​និង​រត់​ពីរដង​ក្នុង​មួយ​សប្តាហ៍​។​

​បន្ទាប់ពី​ទៅដល់​ទីក្រុង​លី​ច ទំនិញ​ទាំងនោះ​អាច​ត្រូវបញ្ជូន​ទៅកាន់​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​តាមរយៈ​ក្រុមហ៊ុន eHub ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន Cainiao Network របស់ Alibaba នៅក្នុង​ទីក្រុង​លី​ច និង បណ្តាញ​ចែកចាយ​ដទៃទៀត​នៅក្នុង​តំបន់​។ ផ្លូវ​ថ្មី​នេះ​ត្រូវគេ​រំពឹងថា​នឹង​កាត់បន្ថយ​ពេលវេលា​ដឹកជញ្ជូន​ពី​ក្រុង​យី​វូ​ទៅ​អឺរ៉ុប​យ៉ាងហោចណាស់​មួយ​ទៅ​ពីរ​ថ្ងៃ​។​

​សេវាកម្ម​ដឹកជញ្ជូន​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីក្រុង​យី​វូ​និង​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ពិភពលោក (eWTP) ដែល​ស្នើឡើង​ដោយ​លោក​ជែក ម៉ា ស្ថាបនិក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក Alibaba​។​

​កាលពី​ខែមិថុនា​ឆ្នាំនេះ Alibaba បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ក្រុង​យី​វូ​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ច្នៃប្រឌិត​សកល​របស់ eWTP នៅក្នុង​ទីក្រុង​នេះ​។​

​យោងតាម​កិច្ចព្រមព្រៀង​នេះ​ភាគី​ទាំងពីរ​នឹង​បង្កើត​គំរូ​ពាណិជ្ជកម្ម​ថ្មី​ក្នុងការ​នាំចូល​និង​នាំចេញ​រួមគ្នា កសាង​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ទំនើប និង​អភិវឌ្ឍ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ថ្មី​៕ ដោយ៖ កញ្ញាដាលីស

ផ្លូវ​រថភ្លើង​ថ្មី​ត​ភ្ជាប់​ទីក្រុង​យី​វូ​ទៅ​ទីក្រុង​លី​ច​របស់​បែលហ្ស៊ិក