ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នឹង​បើក​ការដ្ឋាន​ក្នុង​ខែមីនា​នេះ​

545
ចែករម្លែក
  • 573
    Shares

ដោយៈ​បូព៌​ព្រឹក្ស,សុផល​/​ភ្នំពេញៈ​ផ្លូវ​ល្បឿន​លឿន​ឬ​អេ​ច​ប្រេ​ស វេ (Express way) ភ្នំពេញ​-​ព្រះសីហនុ​នឹង​បើក​ការដ្ឋាន សាងសង់​នៅ​ថ្ងៃទី​២២ មីនា ឆ្នាំ​២០១៩ នេះ​។​

​រូប​គំរូផ្លូវ​ល្បឿន​លឿន​

​ជាមួយនឹង​រូបថត​គំរូ​ប្លង់​ក្រសួង​សាធារណការ​និង​ដឹង​ជញ្ជូន​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៤​ខែមីនា​នេះ​ថា​
​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ប្រវែង​សរុប ១៩០,៣៦៥​គីឡូម៉ែត្រ​។ សាងសង់​ជា​បួន​គន្លង ដោយ​ពីរ​គន្លង​ទៅ ពីរ​គន្លង​មក​។ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ និង​ថ្ម​លាយ​កៅស៊ូ (ATB) ១២ សង់ទីម៉ែត្រ​។​ពង្រីក​ទ​ទឺង​ផ្លូវ​ដល់ ២៤,៥ ម៉ែត្រ ខណ្ឌ​ដោយ​សួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ និង​មាន​របាំង​អម​សងខាង​ផ្លូវ​ការពារ​សត្វ ឬ​មនុស្ស​ឆ្លងកាត់ មាន​កន្លែង​ឈប់សម្រាក​ដែលមាន​លក្ខណៈ​ងាយស្រួល មិន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ ។​គម្រោង​នេះ​នឹង​ប្រើប្រាស់​រយៈពេល​សាងសង់ ៤៨​ខែ​។

ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ធ្វើឡើង​តាម​រូបភាព​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ (BOT)​ដែល​គ្រោង​ចំណាយ​ថវិកា​សាងសង់​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.​។​

​ផ្លូវ​ល្បឿន​លឿន​ដំបូង​បំផុត​នៅ​កម្ពុ​ជាត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ដែល​ប្រជាពលរដ្ឋ​កំពុង​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​នោះ នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។

​សូមជម្រាបថា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​ភ្នំពេញ​-​ព្រះសីហនុ ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​លោក លាវ ឈី​ថាវ ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន កាលពីដើមឆ្នាំ​២០១៨​។ ពិធី​ចុះហត្ថលេខា​នោះ​ធ្វើឡើង ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ក្នុងពេលដែល​លោកនាយក​រដ្ឋមន្ត្រី​ចិន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​លោក ស៊ុន ចាន់ថុល បានបង្ហាញ​ក្តី​រំពឹងថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ពីរ​គឺ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។ ជាពិសេស​ការដឹក​ទំនិញ​ពី​បណ្តា​រោងចក្រ​នានា​ទៅកាន់​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស ក៏ដូចជា​ការដឹក​ទំនិញ​ពី​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ទៅ​តំបន់​ទៅ​តំបន់​ដទៃទៀត​។

​គួរ​រម្លឹក​ផងដែរ​ថាៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស MINCONSULT SDN BHD បាន​ចុះហត្ថលេខា​ជាមួយគ្នា​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​នេះ ដើម្បី​ពង្រឹងគុណភាព​លើ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​គ្រោង​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​ពិធី​ចុះហត្ថលេខា​នោះ​ត្រូវបាន​ធ្វើឡើង​រវាង​លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​តំណាង​ក្រុមហ៊ុន MINCONSULT SDN BHD​។​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ការចុះហត្ថលេខា​នេះ​ធ្វើឡើង​ដើម្បី​ជំ​រុញឱ្យ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស MINCONSULT SDN BHD គ្រប់គ្រង និង​ពិនិត្យ​តាមដាន​ដោយ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សាងសង់​។ ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​គុណភាព​ស្របតាម​បទដ្ឋាន ស្តង់ដារ​បច្ចេកទេស​អន្តរជាតិ ពោលគឺ​ផ្លូវ​មាន​ភាពរឹងមាំ និង​អាច​ប្រើប្រាស់​ជាប់​បានយូរ​ផងដែរ​៕សរន