គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចម្ងាយជាង ១៩០ គីឡូម៉ែត្របានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ គម្រោងជាប្រវត្តិមួយនេះ វិនិយោគដោយក្រុមហ៊ុនប្រមាណ ២.០០០លានដុល្លារ និងចំណាយពេលសាងសង់បួនឆ្នាំ ក្រោមរូបភាព សាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ហៅកាត់ថា ប៊ីអូធី (BOT ) ក្នុងរយៈពេល ៥០ឆ្នាំ។
នៅពេលសាងសង់រួចរាល់នៅខែមីនាឆ្នាំ២០២៣ ផ្លូវល្បឿនលឿន ដែលពុំធ្លាប់មាននៅកម្ពុជានេះ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាពេលដាក់ឲ្យដំណើរការនោះ ក្រុមហ៊ុនចិន ក៏បានឯកភាព មិនយកថ្លៃយានយន្តគ្រប់ប្រភេទ ដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេលមួយខែដំបូង និងបញ្ចុះតម្លៃ២០ភាគរយសម្រាប់រយៈពេលមួយឆ្នាំថែមទៀត។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃ សេវាឆ្លងកាត់ ក្នុងរយៈពេលប្រាំឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានី ភ្នំពេញ ប្រវែង ៨,៣០ គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩,១០គីឡូម៉ែត្រខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវសាងសង់មានទទឹងរហូតដល់ ២៤,៥ ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ និងមានទទឹង ២៣ម៉ែត្រ ដែលក្នុងនោះ រួមមាន៖ គន្លងផ្លូវ ធ្វើចរាចរ សម្រាប់រថយន្ដ មានទទឹង ១៥ ម៉ែត្រ ចែកជា ៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលគន្លងនីមួយៗ មានទទឹង ៣,៧៥ម៉ែត្រ ដែល អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះ អាចដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវនេះក៏បំពាក់គ្រឿង បរិក្ខារផ្លូវថ្នល់ រួមមាន ស្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញា ចរាចរណ៍ តាមស្តង់ដារត្រឹមត្រូវ។
ជាការពិត សមិទ្ធផលផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ លើគម្រោងថវិកា ពីរពាន់លានដុល្លារ ដែលចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា គឺនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជាឲ្យកាន់តែរឹងមាំ។
ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីភ្នំពេញ។ បច្ចុប្បន្ន ខេត្តព្រះសីហនុ ក៏កំពុងរីកចម្រើនយ៉ាងគំហុក ដោយសារកំណើនវិនិយោគ ពិសេសអ្នកវិនិយោគចិន ចូលមកកាន់តែច្រើន។ អគារខ្ពស់ៗ ក៏ត្រូវបានសាងសង់យ៉ាងច្រើនរាប់មិនអស់។
ក្រៅពីនេះ ខេត្តព្រះសីហនុ ក៏មានកំពង់ផែស្វយ័តដែលជាការនាំចេញនាំចូលទំនិញគ្រប់ប្រទេសដ៏ធំរបស់កម្ពុជា។ ការដឹកនាំជញ្ជូនដ៏មមាញឹក ទាំងផ្លូវគោក តាមផ្លូវជាតិ លេខ៤ និងតាមផ្លូវរថភ្លើង ដែលមួយថ្ងៃៗ ទំនិញរាប់លានតោន បានឆ្លងកាត់កំពង់ផែ ស្វយ័តខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុក៏ជាប៉ូលទេសចរណ៍ដ៏សំខាន់ៗរបស់កម្ពុជាបន្ទាប់ពីភ្នំពេញនិងខេត្តសៀមរាប។ ក្រៅពីការធ្វើដំណើរតាមផ្លូវគោក តាមរថយន្ត និងតាមរថភ្លើង នៅខេត្ត ព្រះសីហនុ ក៏មានព្រលានយន្តហោះកងកេង បានទទួលអ្នកទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគ មិនតិចនោះទេ។
ប៉ុន្តែនៅពេលផ្លូវល្បឿនលឿន ត្រូវបានសាងសង់រួចរាល់ នៅខែមីនា ឆ្នាំ២០២៣ នោះកាន់តែធ្វើឲ្យប៉ូលសេដ្ឋកិច្ច និងប៉ូលទេសចរណ៍មាត់សមុទ្ររបស់កម្ពុជា កាន់តែខិតជិតភ្នំពេញមួយកម្រិតទៀត។
ជាមួយនឹងការវិនិយោគរបស់ក្រុមហ៊ុនចិននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាន ប្រកាសស្វាគមន៍ និងទទួលរាល់អ្នកវិនិយោគបរទេសមកពីគ្រប់ទិសទីដោយគ្មាន ការរើសអើង ឲ្យតែចូលមកវិនិយោគនៅកម្ពុជា ហើយលើវិស័យណាក៏ដោយ។
សព្វថ្ងៃនេះ ព័ត៌មានចុះផ្សាយមិនលោះថ្ងៃនោះទេដោយសារតែកំណើនរីកចម្រើន យ៉ាងគំហុក ពិសេសការដឹកនាំជញ្ជូនទំនិញតាមរថយន្ត និងជាពិសេសនៅផ្លូវជាតិ លេខ៤ ក៏ដូចផ្លូវជាតិលេខ៣ រវាងភ្នំពេញ និងខេត្តព្រះសីហនុបានបង្កឲ្យមានគ្រោះថ្នាក់ជាយហេតុ បណ្តាលឲ្យស្លាប់ និងរបួសជាញឹកញាប់ ពិសេសតាមផ្លូវជាតិលេខ៤ ដោយសារផ្លូវតូច ហើយមានរថយន្តច្រើនឆ្លងកាត់។
របាយការណ៍គ្រោះថ្នាក់ចរាចរបង្ហាញថា គ្រាន់តែរយៈពេលខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើងចំនួន ៦៩៣លើក បណ្តាលឲ្យស្លាប់ចំនួន៣១០ នាក់ និងរបួសចំនួន ១.០៧៧នាក់។ ចំនួនជនរងគ្រោះ ជាមធ្យម ក្នុងមួយថ្ងៃ ស្លាប់ចំនួនជាង ៥ នាក់ និងរបួសចំនួន ១៨នាក់ ។
គ្រោះថ្នាក់ចរាចរផ្លូវគោក ភាគច្រើន កើតឡើង នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ហើយច្រើនជាងគេ កើតឡើងលើផ្លូវជាតិលេខ៤រវាងភ្នំពេញ-កណ្តាល -ខេត្តកំពង់ស្ពឺ-កោះកុង និងខេត្តព្រះសីហនុ។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿន មិនគោរពសិទ្ធិ និងមិនប្រកាន់ស្តាំ ជាដើម។
ដូច្នេះហើយ នៅពេលផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ធ្វើរួចរាល់ គឺអត្រា គ្រោះថ្នាក់ចរាចរផ្លូវគោក តាមផ្លូវជាតិលេខ៤ នឹងត្រូវកាត់បន្ថយ ព្រោះថា ផ្លូវល្បឿន លឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងត្រូវសាងសង់ឡើង ដោយមានទ្រូងផ្លូវ ជាសួន ពុះកណ្តាល ចែកផ្លូវជាពីរ ទំហំ ៣ម៉ែត្រ ដោយមិនឲ្យឆ្លងបញ្ច្រាសទិសគ្នា ដូចផ្លូវ ជាតិលេខ៤ សព្វថ្ងៃទេ។ ក្នុងនោះ ផ្លូវថ្មីនេះ មានចម្ងាយតិចជាងផ្លូវជាតិលេខ៤ ហើយក៏មិនអនុញ្ញាតឲ្យមានការឆ្លងកាត់ទទឹងផ្លូវដែលអាចបង្កជាគ្រោះថ្នាក់ជាយហេតុនោះដែរ។
សរុបមក ការវិនិយោគរបស់ក្រុមហ៊ុនចិន លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល ៥០ឆ្នាំ ដោយយកលុយពីអ្នកដំណើរក៏ដោយ ក៏ផ្លូវថ្មីជាប្រវត្តិសាស្ត្រ ពុំធ្លាប់មាននៅកម្ពុជា នឹងចូលរួមបន្ថែមទៀតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា ឲ្យកាន់តែរឹងមាំ ព្រមទាំងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ នៅកម្ពុជាដែលកំពុង សម្លាប់មនុស្សយ៉ាងហោចណាស់ ជាមធ្យមជាង ៥នាក់ និងរបួសប្រមាណ ១៨ នាក់ ក្នុង មួយថ្ងៃៗ៕ ដោយៈ ម៉េងឆៃ/Ha