ផ្លូវ​១​ខ្សែក្រវាត់​១: “​ចិន​មាន​គម្រោង​ហិរញ្ញវត្ថុ​៩០០​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​ការវិនិយោគ និង​ជំនួយ​ដល់​ប្រទេស​៦៥”

1260
ចែករម្លែក
  • 1
    Share

ដោយ​: សុផល / ភ្នំពេញ​: វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បានរៀបចំ​សិក្ខាសាលា​មួយនា​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ដើម្បី ចែករម្លែក​និង​បញ្ជ្រាប ចំណេះដឹង ដល់​យុវជន​ស្តីពី «​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​» និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

​សៀវភៅ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដែលមាន​២៧៦​ទំព័រ និង​៧​ជំពូក និពន្ធ​ដោយ​លោក សួស យ៉ា​រ៉ា និង កឹម​រ័ត្ន​វិ​សិទ្ធ បាន​ត្រូវ​សម្ពោធ​ឱ្យប្រើ​ប្រាស់​និង​ចែកជូន​សិក្ខាកាម​នៅក្នុង​សិក្ខាសាលា​ផងដែរ​។​

​សូមជម្រាបថា វាគ្មិន​សំខាន់ៗ​ដែល​បាន​ចូលរួម​ចែករំលែក​ចំណេះដឹង​រួមមាន​លោក​បណ្ឌិត អេង កុក​ថា​យ អគ្គលេខាធិការរង នៃ​វេទិការ​សម្ព័ន្ធ​សង្គម​ស៊ីវិល និង​ជា​អគ្គនាយក​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍​, លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ ទីប្រឹក្សា នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​កម្ពុជា (CSAF) និង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​, លោក​បណ្ឌិត នាក់ ចិន្ដា​រិ​ទ្ធិ ជា​ស្ថាបនិក​និង​ជា​ប្រធាន នៃ​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ការស្រាវជ្រាវ​ផ្លូវ​សូត្រ សមុទ្រ​សតវត្សរ៍​ទី​២១ និង​ជា​ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ​នៅ​សាកល វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​លោក​បណ្ឌិត វរៈ ថា​និ​ត ។​

លោក​បណ្ឌិត អេង កុក​ថា​យ បានឱ្យដឹងថា គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ហៅ​កាត់​ប៊ី អ អាយ (BRI) គឺជា​វេទិកា​សេដ្ឋកិច្ច និង​វប្បធម៌​អន្ដរទ្វីប​មួយ​ដែល​ត​ភ្ជាប់ ប្រទេស​ចំនួន​៦៥ ក្នុង​ទ្វីបអាស៊ី អឺរ៉ុប និង​អាហ្វ្រិក​ហើយ BRI ដើរតួ​ជា​ចលករ​ជំរុញ និង​ជា​ម៉ាស៊ីន​ថ្មី​នៃ​កំណើនសេដ្ឋកិច្ច​សកលលោក ដោយសារតែ​វា​ពង្រឹង​ប្រព័ន្ធ​អន្ដរជាតិ​ដោយ​បើកចំហ និង​រួមបញ្ចូល​រាល់​ប្រទេស​ពាក់ព័ន្ធ​។​
​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ប្រទេស​ចិន​នឹង​ចំណាយ​ថវិកា​៩០០​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ការវិនិយោគ និង​ជំនួយ ដល់ ប្រទេស ចំនួន ៦៥ ។ គម្រោង ផ្តោត លើ វិស័យ ៥​ធំៗ​៖១-​គោលនយោបាយ​,២- ហេដ្ឋារចនាសម្ព័ន្ធ​,៣- ពាណិជ្ជកម្ម​,៤- សមាហរណកម្ម ហិ​រ ញ្ញ វត្ថុ និង​ទី​៥​ទំនាក់ទំនង​វប្បធម៌​និង​ប្រជាជន​។ ដៃគូ​ធំជាងគេ​របស់​ចិន​នៅក្នុង BRI មាន​រុស្សី ប៉ា​គី​ស្ថាន កា​ហ្សា​ក់​ស្ថាន ថៃ វៀតណាម​។​ចំណែក​ទីក្រុង​ដែលមាន​សកម្មភាព​ពាណិជ្ជ​កម្ម​សកម្ម​ជាងគេ​របស់​ចិន​គឺ ទីក្រុង​ប៉េកាំង គ័ង​ទុង និង​ស៊ា​ង​ហៃ ។​

​លោក​បណ្ឌិត បាន​បន្តទៀតថា ទោះបីជា ត្រូវបាន​ស្នើឡើង​ដោយ​ប្រទេស​ចិន​ក៏ដោយ ក៏​វា​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ជា​សមាជិក​ទាំងអស់​ផងដែរ ហើយ​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​គាំទ្រ​ដ៏​ខ្លាំងក្លា​មួយ​របស់ BRI បាន​ខិតខំ​ប្រឹងប្រែង​សម្រេចបាន​នូវ​ចក្ខុវិស័យ និង​ផែនការ​ស កម្ម​ភាព​របស់ BRI ដោយ​សំដៅ​លើកកម្ពស់​ការ យល់ដឹង​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអនុវត្ត​គម្រោង BRI នៅក្នុង​ប្រទេស​កម្ពុជា ការយល់ឃើញ​របស់​ភា​គី​ពាក់ព័ន្ធ​តាម​មូលដ្ឋាន និង​ទស្សនៈវិស័យ​នា​ថ្ងៃ​អនាគត​។​

​លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធិ បានឱ្យដឹង​ដែរ​ថា ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​នេះ ជា​គំនិត​ផ្តួចផ្តើម​មួយ​នៅ​ឆ្នាំ​២០១៣​ដែលមាន​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែលជា​នយោបាយ​យុទ្ធសាស្ត្រ ដ៏​វែងឆ្ងាយ​មួយ របស់​ប្រទេស​ចិន ជាពិសេស​របស់លោក ស៊ី ជិន​ភីង និង​ជា​នយោបាយ​ការបរទេស​មួយ ដែលជា​ស្នូល​របស់​ប្រទេស​ចិន​។​

​លោក​បាន​បន្តទៀតថា នៅក្នុង​គម្រោង​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ នៅក្នុង​តំបន់​យើង​នេះ​មានគំនិត​ផ្តូ​ច​ផ្តើម​ចំនួន​២ ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​កំពុងតែ​ដឹកនាំ​ដោយ សហរដ្ឋអាមេរិក ជប៉ុន​និង​អូស្ត្រាលី ហើយ​នៅក្នុង​ប្រទេស​ដែលជា​សមាជិក​ទាំ ង ១០ មិនទាន់បាន​បញ្ចេញ​នូវ​គោលជំហរ​ណាមួយ​របស់​គម្រោង​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​នេះ​ទេ ហើយ​ចំពោះ​ប្រទេស​កម្ពុជា​វិញ បាន​គាំទ្រ​នូវ​គំនិត​ទាំងពីរ​។​ដោយឡែក ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល ប្រទេស​កម្ពុជា​គាំទ្រ​នោះ គឺ​ដោយមាន​ភាពសេរី និង​ទូលាយ ដែល​ដឹកនាំ​ដោយ​ប្រទេស​ជប៉ុន ពីព្រោះ​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អជា​មួយ​ជប៉ុន ទាំង​ផ្នែក​យុទ្ធសាស្ត្រ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌​របស់​ប្រជាជន​។​

​នៅក្នុង​សិក្ខាសាលា​នេះ​ផងដែរ លោក​បណ្ឌិត នាក់ ចិន្ដា​រិ​ទ្ធិ ជា​ស្ថាបនិក​និង​ជា​ប្រធាន នៃ​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ការស្រាវជ្រាវ​ផ្លូវ​សូត្រ សមុទ្រ​សតវត្សរ៍​ទី​២១ ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​ផ្លូវ​សូត្រ​សមុទ្រ​និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ខណៈ លោក វីរៈ ថនិត​បានធ្វើ​បទ​បង្ហាញ​ពី​ផលប៉ះពាល់​និង​ឧបសគ្គ​នៃ​ការវិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​។​
​គូរ​បញ្ជាក់ដែរថា គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​នេះ ស្នើឡើង​ដោយ​ប្រទេស​ចិន មាន​គោលបំណង​ថែរក្សា​ប្រព័ន្ធ​សេដ្ឋកិច្ច​អន្តរជាតិ តាមរយៈ​ការលើកទឹកចិត្ត ដល់​បណ្តា​ប្រទេស​មានគំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ឱ្យ​បន្ត​បើកទូលាយ​និង​ទទួលបាន​ប្រយោជន៍​នានា ក្នង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

​ដោយសារតែ​មានការ​សម្រេច​បាន​នូវ​សន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨ ជា​លទ្ធផល នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានកំណត់​មូលដ្ឋាន​ដើម ចូលរួម​ជា​ចុងក្រោយ នៅក្នុង​កម្មវិធី​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​អន្តរទ្វីប ក្នុង​រយៈពេល​៥​ឆ្នាំក្រោយ​។ ប្រទេស​កម្ពុជា​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​នេះ តាំងពី​ដំបូង​ដោយ​មានជំនឿថា​គំនិត​ផ្តួចផ្តើម​នេះ និង​លើកស្ទួយ​ឱកាស​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ជា​សមាជិក​ផ្សេងៗ​ទៀត តាមរយៈ​ការពង្រឹង​សន្តិភាព​ក្នុងស្រុក​ក្នុង​តំបន់ និង​សកលលោក​៕ ល​

#