ផ្លូវ​៦០ ម៉ែត្រ​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ប្រកាស់​ប្រសិទ្ធិ​នាម​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»

857
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ផ្លូវ​៦០​ម៉ែត្រ​ក្នុង​ក្រុង​សៀមរាប ចាប់ពី​ចំណុច​កែង​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ដល់ទី​ស្នាក់ការ​អាជ្ញាធ​រ​ជាតិ​អប្សរា ចាប់ពីពេលនេះ​តទៅ នឹង​ត្រូវបាន​ប្រសិទ្ធិ​នាម​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»​។ ផ្លូវ​នេះ​ត្រូវ​បានសម្រេច​ប្រសិទ្ធិ​នាម​យ៉ាង​ដូច្នេះ​បន្ទាប់​អាជ្ញាធរ​ជាតិ​អប្សរា​បានស្នើ​សុំ​ទៅ​រដ្ឋបាល​ខេត្តសៀមរាប​។​

​យោងតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្តសៀមរាប មូលហេតុ​នៃ​ការ​ប្រសិទ្ធិ​នាម​ឈ្មោះ​នេះ គឺ​ដើម្បី​តបស្នង​សងគុណ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន ក្នុង​បុព្វហេតុ​លើ​វិស័យ​បេតិកភណ្ឌ​។​
​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន កន្លងមក​ពលរដ្ឋ​ទូទៅ​ក្នុង​ក្រុង​សៀមរាប​និយម​ហៅថា ផ្លូវ​៦០​ម៉ែត្រ ព្រោះ​យោងតាម​ទំហំ​ផ្លូវ​ដែលមាន​ទ​ទឺង​ប្រវែង ៦០​ម៉ែត្រ ប៉ុន្តែ​ពុំដែល​បានកំណត់​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ទើបតែ​ថ្មីៗ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ដាក់សំណើរ​ទៅ​រដ្ឋបាល​ខេត្តសៀមរាប ដោយ​ប្រសិទ្ធិ​នាម​ផ្លូវ​នេះ​ជា វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​។​

​គួររម្លឹកថា វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន ត្រូវបាន​ស្ថាបនា​ឡើង​កាលពី​ឆ្នាំ​២០០២ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​បារាំង (ADF)​។ នៅ​ឆ្នាំ​២០០៦ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចំណាយ​ថវិកា​មួយចំនួន​ដើម្បី​ធ្វើ​ផ្លូវ​គ្រួស​ក្រហម​សងខាង​ផ្លូវ និង​បន្ត​សង់​ផ្លូវ​មក​ខាងកើត​ហួស​រង្វង់​មូល​ចំនួន​៤​គីឡូម៉ែត្រ​បន្ថែមទៀត ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​វប្បធម៌​អង្គរ​ឃ្យុ​ង​យូ ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​បេតិកភណ្ឌ​ចំនួន​២ គឺ​អង្គរ​និង​ឃ្យុ​ង​យូ​។

​ក្រោយមក​នៅ​ឆ្នាំ​២០១០ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ស្ថាបនា​នេះ ចំនួន​៩.៦៧៩​ម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ត្រាំ​នាគ រហូតដល់​បុរី​រដ្ឋបាល​ខេត្តសៀមរាប បច្ចុប្បន្ន​ជាទី​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។
​បើ​គិត​មកដល់ពេលនេះ វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន បាន​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាជន​និង​ទេសចរ​ទាំង​ឆ្លងកាត់​និង​ដឹកជញ្ជូន​ទំនិញ​អស់​រយៈពេល​១៦​ឆ្នាំ​មកហើយ​៕