ផ្លែ​គូលែន​អាច​សម្លាប់​មនុស្ស​បាន​

1018
ចែករម្លែក

​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក និង​ឥ​ណ្ឌ បាន​រកឃើញ​នូវ​មូលហេតុ​អាថ៌កំបាំង​ដែល​សម្លាប់ ក្មេង​ជាង ១០០ នាក់ ក្នុង​១​ឆ្នាំៗ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា គឺ​ដោយសារ​បរិភោគ​ផ្លែ​គូលែន ។​

​ពី​ឆ្នាំ​១៩៩៤ ក្មេងៗ​មាន​សុខភាព​ល្អជា​ច្រើន​នៅ​តំបន់ Bihar របស់​ឥណ្ឌា​ត្រូវ​ប្រកាច់​ភ្លាមៗ និង​បាត់បង់​ស្មារតី ។ ១/៣ ក្នុងចំណោម​នោះ បាន​ស្លាប់​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​ពិត ប្រាកដ ។ ក្រោយពេល​ជាង ២​ទសវត្សរ៍​, ដល់​ឆ្នាំ​២០១៧ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក និង​ឥណ្ឌា បាន​រកឃើញ​មូលហេតុ​របស់​ជំងឺ​អាថ៌កំបាំង​ខាងលើ ។ នោះ​គឺ​ដោយសារ ក្មេងៗ​ទាំងនេះ​បាន​បរិភោគ​ផ្លែ​គូលែន​ពេល​ពោះ​ទទេ ។

​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ The Lancet ដោយ​រាយការណ៍ ថា ឪពុកម្តាយ​នៅតាម​ភូមិ​ដែល​រង​ឥទ្ធិពល​រាយការណ៍​ថា ក្នុង​ខែឧសភា និង​ខែមិថុនា ក្មេង​តូចៗ​ច្រើន​ចំណាយពេល​នៅតាម​ចំការ​ដើម្បី​បរិភោគ​ផ្លែ​គូលែន​យ៉ាងច្រើន ដោយ ក្មេង​ខ្លះ​ត្រឡប់មកផ្ទះ​នៅពេល​យប់​មិន​បរិភោគ​បាយ​ផង ដោយសារ​ឆ្អែត​ពេក ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ក្នុង​ផ្លែ​គូលែន​, ពិសេស​ផ្លែ​ពុំទាន់​ទុំ​ផ្ទុក​អាស៊ី​អាមីន ខ្ពស់​ដែលមាន ឥទ្ធិពល​ប៉ះពាល់​ដល់​កម្រិត​ស្ករ​ក្នុង​ឈាម ។ នេះ​ជា​ជាតិពុល​មួយ ប្រសិន​បរិភោគ​ច្រើន​នឹង​រារាំង​លទ្ធភាព​បង្កើត​គ្លុយកូស​របស់​សរីរាង្គ ។ កម្រិត​ស្ករ​ក្នុង​ឈាម​របស់​ក្មេង​នៅ​តំបន់ Bihar បាន​ទាប ដោយសារ​វា​មិន​បរិភោគ​អាហារ​យប់​, លទ្ធផល​គឺ​វា​តែង​ភ្ញាក់ និង​ស្រែក​ឡូឡា​នៅពេល​យប់ មុនពេល​ប្រកាច់ និង​បាត់​សតិ ដោយសារ​ហើម​ខួរក្បាល មុនពេល​ស្លាប់ ។​

​ដើម្បី​បញ្ចៀស​ហានិភ័យ​នេះ ពួក​អ្នកស្រាវជ្រាវ និង​ស្ថាប័ន​សុខាភិបាល​ទូន្មាន​មិនត្រូវ​ឲ្យ​ក្មេង​បរិភោគ​ផ្លែ​គូលែន​ច្រើន និង​ត្រូវ​បរិភោគ​អាហារ​យប់​ឲ្យ​គ្រប់គ្រាន់ ៕ ប្រែ​សម្រួលៈ រតនៈ

#