ផ្ល​យ​លុបចោល​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជប៉ុន​

302

​កំពូល​តារា​ប្រដាល់​ពិភពលោក ផ្ល​យ មេ​វេ​ឌ័​រ កាលពី​ថ្ងៃ​ពុធ​ទី​៧​វិច្ឆិកា​បាន​លុបចោល​ការប្រកួត​ជាមួយនឹង​អ្នក​ប្រដាល់​ជប៉ុន ដោយ​អះអាងថា គាត់​ត្រូវបាន​គេ​បោក​បញ្ឆោត​ឱ្យ​យល់ព្រម​នឹង​ការប្រកួត​មួយ​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដ៏​វែង​មួយ​ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម មេ​វេ​ឌ័​របា​ន​និយាយថា គាត់​ត្រូវបាន “​បោក​បញ្ឆោត​” ដោយ​ពួក​អ្នករៀបចំ​សម្រាប់​ការប្រកួត​ទល់នឹង​កីឡាករ​ថេ​ន​ស៊ីន ណា​ស៊ូ​កា​វ៉ា ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​នៅ​ទីក្រុង​សៃ​តា​ម៉ា​។​

​មេ​វេ​ឌ័​រ​បាន​សរសេរ​នៅលើ Instagram ថា “​ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ថា ខ្ញុំ ផ្ល​យ មេ​វេ​ឌ័​រ មិនដែល​បាន​ព្រមព្រៀង​ចំពោះ​ការប្រកួត​ជា​ផ្លូវការ​ជាមួយ ថេ​ន​ស៊ីន ណា​ស៊ូ​កា​វ៉ា នោះទេ​”​។​

​ជើងឯក​ទម្ងន់​មធ្យម​ដែល​ចូលនិវត្តន៍​វ័យ ៤១ ឆ្នាំ​រូបនេះ​បាន​និយាយថា គាត់​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​សប្តាហ៍​មុន​ដើម្បី​ចូលរួម​ការប្រកួត​ជា​លក្ខណៈ​ឯកជន​ទល់នឹង​ណា​ស៊ូ​កា​វ៉ា សម្រាប់ “​ទស្សនិកជន​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មួយក្រុម​តូច​សម្រាប់​ថ្លៃឈ្នួល​ដ៏​ច្រើន​សម្បើម​”​។​

​មេ​វេ​ឌ័​រ​បានសរសេរថា «​ដើមឡើយ ការប្រកួត​មិត្តភាព​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុងនាម​ជា “​ការប្រកួត​ជាពិសេស​” ក្នុង​គោលបំណង​កម្សាន្ត​សុទ្ធសាធ​ដោយ​គ្មាន​ចេតនា​ឱ្យ​វា​តំណាង​ជាការ​ប្រកួត​ផ្លូវការ​ឬ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជុំវិញ​ពិភពលោក​នោះទេ​”​។​

​បន្ទាប់ពី​បានមក​ដល់​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​វិច្ឆិកា​ភ្លាម មេ​វេ​ឌ័​របា​ន​និយាយថា រូបគេ​និង​ក្រុម​របស់ខ្លួន “​បាន​រអិល​ចេញ​ទាំងស្រុង​ពី​ទិសដៅ​ថ្មី ដែល​ព្រឹត្តិការណ៍​នេះ​កំពុង​ប្រព្រឹត្តទៅ​”​។​

​មេ​វេ​ឌ័​រ​បានសរសេរថា “​យើង​គួរតែបញ្ឈប់​វា​ភ្លាម​។ ខ្ញុំ​ចង់​សុំទោស​ដោយស្មោះ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្ញុំ​ចំពោះ​ព័ត៌មាន​ខុស​នេះ ដែល​បានប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​។ ខ្ញុំ​អាច​ធានា​ចំពោះ​អ្នក​ទាំងអស់គ្នា​ថា ខ្ញុំ​ក៏​មិនបាន​ដឹង​អ្វី​ទាំងស្រុង​ដូចគ្នា​ចំពោះ​ការរៀបចំ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​ការយល់ព្រម​ឬ​ឆន្ទៈ​ពិត​ពី​ខ្ញុំ​”​។​

​ការដកខ្លួន​របស់​មេ​វេ​ឌ័​រ​ចេញពី​ការប្រកួត​នេះ​គឺធ្វើឡើង​បន្ទាប់ពី​រូបគេ​បានបង្ហាញ​ខ្លួន​នៅឯ​ព្រឹត្តិការណ៍​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ចន្ទ ដែល​ក្នុងនោះ​រូបគេ​បាន​សន្យាថា​នឹង​ផ្តល់ជូន​នូវ​ការប្រកួត​ពោរពេញ​ដោយ “​ឈាម ញើស និង ទឹកភ្នែក​”៕ ដោយ៖ កញ្ញាដាលីស

ផ្ល​យ មិនបាន​យល់ព្រម​ប្រកួត​ផ្លូវ​ការផ្សាយ​ផ្ទាល់​លើ​ពិភពលោក​ជាមួយ ណា​ស៊ូ​កា​វ៉ា នោះទេ